សួស្ដីបង ប្អូន អ៊ំ ពូ មីង និងអ្នកទាំងអស់គ្នា!
ក្រោយពីបានមើលការពិភាក្សា និងការបញ្ចេញមតិនានា ខ្ញុំឃើញថាមានបង ប្អូនសុភាពនារីជាច្រើនបានបង្ហាញពីបញ្ហានានាដែលបានកើតឡើងក្នុងសង្គមខ្មែរ ដូចជាការចាប់រំលោភ អំពើហឹង្សា ឃាតកម្ម ការមិនគោរពច្បាប់ អំពើពុករលួយ ភាពមិនស្មើគ្នា....។ មានបញ្ហាតិចណាស់ដែលបុរសបានចូលរួមក្នុងការបញ្ចេញមតិ ។
ខ្ញុំមានចម្ងល់ថា តើវេទិកានេះ បុរសអាចចូលរួមបានទេ? បើមិនមានការចូលរួមពីសំណាក់បុរសៗ តើអ្នកគិតថា គម្រោងផ្ដល់អំណាចដល់ស្រ្តី អាចធានានិរន្តរភាព និងមានភាពជោគជ័យបានទេ ?
មានភស្តុតាងជាច្រើនបានបញ្ជាក់ថា ការចូលរួមពីសំណាក់ ប្រុសៗ (បុរស)មានសារសំខាន់ណាស់ ក្នុងការធ្វើអោយប្រសើរឡើង នូវស្ថានភាពរបស់ស្ត្រី ទាំងនៅក្នុងជីវិតគ្រួសារ ទំនាក់ទំនងសង្គម និងការងារ ។ គ្រួសារ១ អាចមានសុភមង្គល បើបុរសដឹងពីការលំបាករបស់ស្ត្រី និងចូលរួមដោះស្រាយបញ្ហារួមគ្នា ដូចជាការធ្វើការងារផ្ទះ ការពិនិត្យសុខភាព ការចាយវាយផ្សេងៗ... ។
ឧទាហរណ៍ៈ ទោះបីជាមានច្បាប់អំពើហឹង្សាក្នុងគ្រួសារក៏ដោយ ក៏អំពើហឹង្សាក្នុងគ្រួសារនៅតែមានស្ថិតិខ្ពស់ដដែល ហើយរូបភាពនៃអំពីហឹង្សា នៅតែខ្ពស់ដែល ។ មានស្ថាប័ន និងអង្គការមួយចំនួនបានផ្ដោតការផ្សព្វផ្សាយ ការប្រឆាំងអំពើហឹង្សា តែជាមួយក្រុមស្ត្រី ដោយគេភ្លេចខ្លួនថា បុរស ជាតួអង្គសំខាន់ក្នុងការបញ្ចៀសនូវអំពើហឹង្សា និងធ្វើអោយប្រសើរឡើងនូវការគោរពច្បាប់ ។
ការផ្សាភ្ជាប់ ចំណងរវាងបុរស និងស្ត្រី មិនអាចកាត់ផ្ដាច់បានឡើយ ព្រោះថាពួកគេរស់នៅក្នុងសង្គមជាមួយគ្នា ពួកគេមានអន្តរកម្មជាមួយគ្នា ។ ឧទាហរណ៍ថា យើងមានច្បាប់មែន ប៉ុន្តែបើបុរសមិនចូលរួម នោះវាក៏មិនអាចជោគជ័យបានដែរ ។ នេះមានន័យថា វាគ្រាន់តែជាជ្រុងមួយក្នុងការដោះស្រាយបញ្ហា រវាងអ្នកទទួលរងអំពើ និងអ្នកធ្វើអំពើ។
ការចូលរួម របស់បុរសម្នាក់ ក្រុមតែមួយ សហគមន៍មួយ រឺសង្គមមួយ មិនអាចជោគជ័យបានទេ មានតែការចូលរួមពីយើងទាំងអស់គ្នា ទាំងរដ្ឋាភិបាល ទាំងសង្គមស៊ីវិល ទាំងផ្នែកឯកជន និងគ្រប់វិស័យទាំងអស់ ។
សូមបងប្អូនសុភាពនារីទាំងអស់ យកបញ្ហារបស់ខ្លួនមកដាក់លើតុ ហើយអញ្ជើញអោយអ្នកគ្រប់គ្នា (បុរស និងស្ត្រី ក្មេងនិងចាស់ ទាន់សម័យ និងហួសសម័យ គ្រប់ជាតិ គ្រប់សាសន៍...) ចូលរួមដោះស្រាយ ។
តើអ្នកធ្លាប់និយាយបញ្ហានេះ ជាមួយបុរសៗហើយរឺនៅ? តើអ្នកចង់អោយបុរសចូលរួមទេ ? រឺអ្នកមានការខ្មាស់អៀនកាលបើបុរសមានការចូលរួម?
សូមអធ្យាស្រ័យ បើមានការឆ្គាំឆ្គង
គង់ងី





