រាជធានីភ្នំពេញ៖ ដោយទទួលបានការជួយឧបត្ថម្ភអំពីគម្រោង JICA លើការកែលំអស្ថិតិផ្លូវការនៅកម្ពុជានោះ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលចុងក្រោយនៃការធ្វើបញ្ជីសហគ្រាសទូទាំងប្រទេសកម្ពុជាឆ្នាំ២០០៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនកាលពីថ្ងៃទី៩ ធ្នូ ក្រោមអធិបតីភាពលោកឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ។
លោក សន ស៊ីថន អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានថ្លែងថា វិទ្យាស្ថានជាតិស្ថិតិ បានដឹកនាំការងារអង្កេតសេដ្ឋកិច្ច ឬសហគ្រាសជាបន្តបន្ទាប់ក្រោមជំនួយបច្ចេកទេសរបស់ ADB គឺការអង្កេតសហគ្រាសទ្រង់ទ្រាយធំលើកទី១ នៅឆ្នាំ១៩៩៣ លើកទី២ ការអង្កេតសហគ្រាស ឆ្នាំ១៩៩៩ និងលើកទី៣ ការអង្កេតសហគ្រាសឆ្នាំ២០០០ និងការអង្កេតប្រចាំត្រីមាសអស់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ ដែលគម្រោង ADB ត្រូវបានបញ្ចប់។ បន្ទាប់មក តាមរយៈជំនួយ JICA វិទ្យាស្ថានជាតិស្ថិតិ បានរៀបចំធ្វើបញ្ជីសហគ្រាសនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៦ ហើយនិងការអង្កេតគំរូសហគ្រាសនៅរាជធានីភ្នំពេញឆ្នាំ២០០៧ និងការចុះបញ្ជីសាកល្បងនៅខេត្តព្រះសីហនុ និងខេត្តកំពតនាឆ្នាំ២០០៨។ ការធ្វើបញ្ជីសហគ្រាសឆ្នាំ២០០៩ ត្រូវបានដឹកនាំធ្វើពីខែកុម្ភៈឆ្នាំ២០០៩ ហើយលទ្ធផលនឹងត្រូវបានប្រើប្រាស់សម្រាប់ធ្វើក្របខណ្ឌសម្រាប់ដឹកនាំការធ្វើជំរឿនសេដ្ឋកិច្ច ឬសហគ្រាសនៅឆ្នាំ២០១១ រួមទាំងការអង្កេតសាកល្បងទ្រង់ទ្រាយធំនាខែមីនា ឆ្នាំ២០១០ខាងមុខ ដែលនឹងសួរសំណួរលំអិតជាច្រើន។
សព្វថ្ងៃនេះ ដោយតម្រូវការព័ត៌មានស្ថិតិចេះតែកើនឡើង ដើម្បីឆ្លើយតបទៅនឹងសំណូមពរនេះ ចំនួនមន្ត្រីនៅវិទ្យាស្ថានជាតិស្ថិតិបានកើនឡើងពីប្រមាណ៤០នាក់នៅឆ្នាំ១៩៩២ ដល់ជាង៣១០នាក់ នៅឆ្នាំ២០០៩នេះ ហើយមន្ត្រីស្ថិតិនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាន៣៨០នាក់ និងមន្ត្រីតាមក្រសួង ស្ថាប័ននានាមានប្រមាណ១៥០នាក់។ ថវិកាសម្រាប់ការងារស្ថិតិបានកើនឡើងពីប្រមាណ ០,៩៤លានដុល្លារអាមេរិកនៅឆ្នាំ១៩៩៩ទៅ៥,០៤លានដុល្លារ នៅឆ្នាំ២០០៩ គិតទាំងទីប្រឹក្សា។ ការងារជំរឿនអង្កេតធំៗជាច្រើនបានអនុវត្ត និងកំពុងត្រៀមអនុវត្ត។
ប្រព័ន្ធស្ថិតិជាតិកម្ពុជា បានធ្វើសមាហរណកម្មយ៉ាងល្អប្រសើរទៅក្នុងប្រព័ន្ធស្ថិតិសាកលលោកនិងតំបន់។ ស្ថិតិគ្រប់វិស័យត្រូវបានពង្រឹង ហើយបច្ចុប្បន្ននេះបន្ទាប់ពីការងារជំរឿនប្រជារាស្ត្រឆ្នាំ២០០៨ យើងកំពុងត្រៀមជាមួយ JICA នូវជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០១១។
លោក សន ស៊ីថន បញ្ជាក់ថា យើងមានអនុក្រឹត្យស្ដីពីជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជា ចូលជាធរមានកាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០០៩ ដែលកំណត់យកថ្ងៃ១មីនាឆ្នាំ២០១១ជាកាលបរិច្ឆេទជំរឿន។
តាមផែនការការងារទូទៅនៃការធ្វើជំរឿនសហគ្រាសឆ្នាំ២០១១ យើងនឹងធ្វើការអង្កេតសហគ្រាសសាកល្បង (Pilot Survey) ដែលមានទ្រង់ទ្រាយធំនៅខែមីនា ឆ្នាំ២០១០ ដែលគ្របដណ្ដប់រាជធានី ខេត្ត ទាំង២៤ ស្រុកខណ្ឌចំនួន៩០ និងមណ្ឌលសម្ភាសន៍ប្រមាណ២០០មណ្ឌល។ លទ្ធផលអាចប្រើប្រាស់បានដូចអង្កេតសហគ្រាសនានា គឺផ្ដល់នូវសូចនាករផ្អែកលើទិន្នន័យសហគ្រាសប្រើប្រាស់ក្នុងគណនេយ្យជាតិ និងប្រើប្រាស់ក្នុងការប្រៀបធៀបជាមួយជំរឿនឆ្នាំ២០១១ជាដើម។
ដើម្បីធ្វើការសំភាសន៍បានល្អ ត្រូវរៀបចំផែនទីភូមិឡើងវិញ នៅខែឧសភា ឆ្នាំ២០១០ ដល់ខែសីហា ឆ្នាំ២០១០។ មន្ត្រីសម្ភាសន៍ត្រួតពិនិត្យត្រូវបណ្ដុះបណ្ដាលនៅខែកុម្ភៈ ឆ្នាំ២០១១ មួយសប្ដាហ៍ ដើម្បីចុះប្រតិបត្តិការជំរឿនពេញ១ខែមីនា ឆ្នាំ២០១១។ ការប្រកាសលទ្ធផលបណ្ដុះបណ្ដាលអាសន្នជំរឿនសហគ្រាសនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០១១ រីឯលទ្ធផលចុងក្រោយខែមីនា ឆ្នាំ២០១២ (ថ្នាក់ជាតិ)។ ជាចុងបញ្ចប់ នឹងមានការផ្សព្វផ្សាយដល់ថ្នាក់ក្រោមជាតិរហូតដល់ខែមិថុនាឆ្នាំ២០១២។
អនុវត្តតាមច្បាប់ស្ដីពីស្ថិតិឆ្នាំ២០០៥ អ្នកឆ្លើយទាំងឡាយ (នាយក ឬនិយោជិត) ត្រូវផ្ដល់ព័ត៌មានមានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលាជូនមន្ត្រីស្ថិតិដែលបានចាត់តាំងដោយក្រសួងផែនការ ហើយព័ត៌មានដែលប្រមូលបានពីសហគ្រាសនីមួយៗ ត្រូវបានធានារក្សាទុកជាសម្ងាត់ និងប្រើប្រាស់សម្រាប់តែគោលដៅស្ថិតតែប៉ុណ្ណោះ។ នៅក្នុងច្បាប់នេះក៏មានលើកពីទោសប្បញ្ញត្តិពាក់ព័ន្ធទៅនឹងអ្នកឆ្លើយ និងមន្ត្រីស្ថិតិដែលបានចាត់តាំង។
វិទ្យាស្ថានជាតិស្ថិតិក៏ដូចជាប្រព័ន្ធស្ថិតិជាតិ នឹងធ្វើការពង្រឹងស្ថិតិសេដ្ឋកិច្ច ជំរឿនសហគ្រាស អង្កេតសហគ្រាស ធ្វើឲ្យទិន្នន័យផ្អែកលើមូលដ្ឋានសហគ្រាសមានសំបូរបែបដើម្បីប្រើប្រាស់។ ចាប់ពីឆ្នាំ២០១៣ទៅយើងនឹងធ្វើអង្កេតសហគ្រាសរៀងរាល់ឆ្នាំ។
លោកយ៉ាសូជីរ៉ូ សូស៊ូគី តំណាងប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានថ្លែងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) គាំទ្រវិទ្យាស្ថានជាតិស្ថិតិដោយបានចាប់ផ្ដើមពីការបញ្ជូនមន្ត្រីស្ម័គ្រចិត្តជប៉ុន និងមន្ត្រីជាន់ខ្ពស់ស្ម័គ្រចិត្តជប៉ុនមកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដើម្បីផ្ដល់នូវជំនួយការបច្ចេកទេសចាប់ពីឆ្នាំ១៩៩៩។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ( JICA) ក៏បានផ្ដល់នូវការបណ្ដុះបណ្ដាលដល់មន្ត្រីស្ថិតិចំនួនជាង៦០០នាក់ តាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេសដែលបានចាប់ផ្ដើមក្នុងឆ្នាំ២០០៥។ ឥឡូវនេះ គម្រោងកែលំអស្ថិតិផ្លូវការនៅកម្ពុជាដំណាក់កាលទី២ បានចាប់ផ្ដើមពីឆ្នាំ២០០៧ គោលបំណងចំបង គឺអភិវឌ្ឍន៍សមត្ថភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តជំរឿនប្រជារាស្ត្រ និងអង្កេតសហគ្រាស។
ស្ថិតិផ្លូវការដែលថ្មីៗ និងល្អគ្រប់គ្រាន់ជួយឲ្យយើងទាំងអស់គ្នាបានយល់ច្បាស់អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសមួយ ដូច្នេះទិន្នន័យស្ថិតិល្អអាចរួមចំណែកក្នុងការបង្កើតគោលនយោបាយអភិវឌ្ឍន៍បានសមស្រប និងកាត់បន្ថយភាពក្រីក្រ។ ស្ថិតិផ្លូវការដែលថ្មីៗ និងល្អគ្រប់គ្រាន់ ពិតជាជួយធ្វើឲ្យប្រសើរឡើងដល់ផ្នែករដ្ឋបាលសាធារណៈ និងសំដៅលើកំពស់អភិបាលកិច្ចល្អដែលជាអាទិភាពចំបងមួយសម្រាប់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន។
លោកទេសរដ្ឋមន្ត្រីឆាយ ថយ បានថ្លែងថា យោងតាមថវិកាមានកំណត់របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិស្ថិតិបានផ្អាកការអង្កេតសហគ្រាសនេះចាប់តាំងពីពេលដែល ADB បានបញ្ចប់គម្រោងក្នុងឆ្នាំ២០០៣។ បន្ទាប់ពីជំនួយ ADB ត្រូវបានបញ្ចប់ វិទ្យាស្ថានជាតិស្ថិតិបានទទួលជំនួយពីអង្គការ JICA ដើម្បីរៀបចំការអង្កេតសហគ្រាសក្នុងខេត្តធំៗមួយចំនួន និងការធ្វើបញ្ជីសហគ្រាសទូទាំងប្រទេសឆ្នាំ២០០៩ ហើយនិងជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ខាងមុខនេះ ដែលមាននៅក្នុងផែនការមេស្ថិតិឆ្នាំ២០០៨-២០១៥។
ផ្ដើមចេញពីលទ្ធផលនេះ យើងមានលទ្ធភាពផលិតនូវតារាងស្ថិតិផ្សេងៗ ដូចជា ចំនួនសហគ្រាសសរុប ចំនួនកម្មករចូលរួមការងារតាមប្រភេទសកម្មភាពសេដ្ឋកិច្ច ទំហំនៃសហគ្រាស ចំនួនសហគ្រាសក្នុងចំណោមប្រជាជន១.០០០នាក់ ដង់ស៊ីតេសហគ្រាសក្នុង១គីឡូម៉ែត្រការ៉េ។ ទិន្នន័យនេះមិនត្រឹមតែបង្ហាញព័ត៌មានសរុបប៉ុណ្ណោះទេ ថែមទាំងបង្ហាញព័ត៌មានលំអិតគ្រប់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ម្យ៉ាងវិញទៀត លទ្ធផលនៃការធ្វើបញ្ជីសហគ្រាសឆ្នាំ២០០៩ នឹងផ្ដល់នូវព័ត៌មានស្ដីពីសកម្មភាពសេដ្ឋកិច្ចទាំងឡាយនៃស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាបំរើសេចក្ដីត្រូវការប្រើប្រាស់ទូទៅដូចជាអ្នករៀបចំគោលនយោបាយ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា។ លើសពីនេះទៅទៀត លទ្ធផលនៃការធ្វើបញ្ជីសហគ្រាសទូទាំងប្រទេសឆ្នាំ២០០៩ ក៏នឹងផ្ដល់ផងដែរនូវទិដ្ឋភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច តាមរយៈសកម្មភាពរបស់សហគ្រាស និងចំនួនកម្មករ និយោជិតដែលក្នុងនោះរួមមានសហគ្រាសខ្នាតតូចនិងសហគ្រាសខ្នាតមធ្យមផងដែរ៕





