លោក ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីប្រកាសតែងតាំងនិងផ្លាស់ប្ដូរប្រធានអង្គភាពភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៣ កុម្ភៈ ២០១០ នៅទីស្ដីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រកាសតែងតាំង និងផ្លាស់ប្ដូរប្រធានអង្គភាពថ្នាក់កណ្ដាលចំនួន៤រូប ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ មន្ត្រីដែលត្រូវតែងតាំងថ្មីចំនួន៤រូបនោះមាន ១- លោកស្រី ឱសថការី ទេព រង្ស៊ី ត្រូវបានតែងតាំងជាព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្ត្រ ជំនួសលោកស្រី ទា សុខអេង ដែលត្រូវចូលនិវត្តន៍។ ២- លោកទន្តបណ្ឌិត អ៊ឹម ពុធថាវី ជាព្រឹទ្ធបុរសមហាវិទ្យាល័យទន្តសាស្ត្រជំនួស លោក សួន ផានី ដែលត្រូវចូលនិវត្តន៍។ ៣- លោកវេជ្ជបណ្ឌិត អៀម សុផល ជានាយកសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រជំនួសលោក ហ៊ុយ សូវ៉ាត ដែលចូលនិវត្តន៍។ ៤- លោកឱសថការី ហេង ប៊ុនគៀត ជាប្រធាននាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងជំនួសលោកស្រី ទា គឹមឆាយ ដែលត្រូវចូលនិវត្តន៍។
លោកស្រី ទេព រង្ស៊ី តំណាងឲ្យមន្ត្រីដែលទើបនឹងទទួលតំណែងថ្មីបានឡើងចាប់អារម្មណ៍ និងប្ដេជ្ញាចិត្តថា ថ្វីត្បិតតែនេះជាការងារថ្មីសម្រាប់យើងខ្ញុំក៏ដោយ ក៏យើងខ្ញុំប្ដេជ្ញាចិត្តនឹងខិតខំបំពេញការងារនេះឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីស័ក្ដិសមនឹងទំនុកចិត្តដែលរាជរដ្ឋាភិបាល និងលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបង្ហាញចំពោះយើងខ្ញុំ ពិសេសក្នុងការបន្តជំរុញគុណភាពនៃការសិក្សា និងការស្រាវជ្រាវឲ្យទាន់ស្តង់ដារអន្តរជាតិ ពង្រឹងវិន័យសាលា និងខិតខំបង្កបរិយាកាសអំណោយផលទៅតាមលទ្ធភាព ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតទទួលការរៀនសូត្រក្នុងបរិស្ថានកក់ក្ដៅទៅអនាគតនៃសង្គមកម្ពុជាយើង។ ទន្ទឹមនឹងនេះយើងខ្ញុំនឹងខិតខំពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិនានាដើម្បីជាគុណប្រយោជន៍នៃកិច្ចអភិវឌ្ឍន៍របស់មហាវិទ្យាល័យ និងស្របទៅតាមទិសដៅជាយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យផងដែរ។ ហើយដើម្បីសម្រេចបាននូវការប្ដេជ្ញាចិត្តទាំងនេះ យើងខ្ញុំក៏ត្រូវការជាចាំបាច់ផងដែរ នូវកិច្ចសហការយ៉ាងស្អិតល្មួតពីសំណាក់អស់លោកជាសាស្ត្រាចារ្យជាសហការី ជាមន្ត្រីរាជការក្នុងមហាវិទ្យាល័យឱសថសាស្ត្រនេះទាំងមូល លោកយើងខ្ញុំមានទំនុកចិត្តថា អស់លោក លោកស្រីទាំងអស់នឹងសាមគ្គីពួតដៃគ្នាជាមួយយើងខ្ញុំក្នុងឋានៈជាបងប្អូន ជាសហការី ដើម្បីសម្រេចទិសដៅនេះ។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់អស់លោក លោកស្រី ដែលបានខិតខំបំពេញការងារ និងបានផ្ទេរចំណេះដឹងដល់អ្នកក្រោយៗទៀត ដើម្បីយកចំណេះដឹងទាំងនេះទៅបំពេញការងារបន្តទៅទៀត ក្នុងកិច្ចការងារបំរើជាតិមាតុភូមិ។ លោករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើដល់មន្ត្រី ដែលទទួលតំណែងថ្មីបន្តឲ្យខិតខំយកចិត្តទុកដាក់ និងឧស្សាហ៍ព្យាយាមនឹងការងារ ព្រោះថា មុខវិជ្ជាវេជ្ជសាស្ត្រឱសថសាស្ត្រនេះមានសារៈសំខាន់ណាស់ តែកាលណាយើងធ្វើខុសអាចបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សបាន។ ដូច្នេះយើងត្រូវទាមទារឲ្យមានការយល់ដឹងខ្ពស់ និងមានចំណេះវិជ្ជាគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចទាំងនេះ៕





