ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ក្រសួង​ការងារ​ជួប​ប្រជុំ​គ្នា ​ដើម្បី​បង្កើន​កិច្ច​ការពារ​ប្រយោជន៍​ពលករ​ខ្មែរ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ៖ ក្រសួង​កិច្ចការ​នារី​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​បើក​កិច្ច​ប្រជុំ​លើក​ទី​៤​ របស់​ក្រុម​ការងារ​អន្តរក្រសួង​ ស្ដី​ពី​ទេសន្តរប្រវេសន៍​នៅ​ក្រសួង​​កិច្ចការ​នារី​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ជំទាវ​ ប្រាក់​ ចន្ថា​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ លោក​ជំទាវ​ សាន្ត​ អរុណ​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​ UNIFEM-ILO។

នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០០៩​​នេះ​​ លោក​ជំទាវ​ សាន្ត​ អរុណ​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​​កម្ពុជា​​បាន​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​សហការ​ជាមួយ​មូលនិធិ​អង្គការ​​សហប្រជាជាតិ​ ដើម្បី​បង្កើត​ឡើង​នូវ​ក្រុម​ការងារ​អន្តរ​ក្រសួង​ស្ដី​ពី​ទេសន្តរប្រវេសន៍​​ហៅ​កាត់​ថា​ IMTM ដែល​មាន​ រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី​​ និង​ក្រសួង​ការ​ងារ​ជា​សហប្រធាន​តំណាង​ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​ធ្វើ​ការងារ​លើ​បញ្ហា​ស្ត្រី​ និង​ការ​ធ្វើ​ចំណាកស្រុក។

លោក​ជំទាវ​​បាន​មាន​ប្រសាសន៍​ថា​ ក្រុម​ការងារ​នេះ​បាន​ដំណើរការ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក​ គឺ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​នានា​ រួម​គ្នា​គ្រប់គ្រង​ប្រព័ន្ធ​ទំនាក់ទំនង​ជាមួយ​ស្ថានទូត​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ពលករ​ខ្មែរ​ ទទួល​បាន​សេវា​បឋម​ក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ផ្សេងៗ​ទាក់ទិន​នឹង​ការ​ធ្វើ​ចំណាកស្រុក។

លោក​ជំទាវ​ ប្រាក់​ ចន្ថា​ រដ្ឋលេខាធិការ​​ក្រសួង​ការងារ​បាន​បញ្ជាក់​​ដែរ​ថា ថ្មីៗ​​​នេះ​​ក្រុម​ការងារ​​អន្តរ​ក្រសួង​ ​បាន​និង​​កំពុង​​រៀបចំ​ពង្រាង​នូវ​គោលនយោបាយ​ជាតិ​ទេសន្តរប្រវេសន៍​ ដើម្បី​បង្កើន​កិច្ច​ការពារ​​ផល​ប្រយោជន៍​ពលករ​ខ្មែរ​ ពិសេស​ស្ត្រី​និង​កុមារ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ ក្នុង​ន័យ​កាត់​​បន្ថយ​សកម្មភាព​ចំណាកស្រុក​ ដោយ​ប្រថុយប្រថាន​ ដែល​នាំ​ឲ្យ​មានការ​កេង​ប្រវ័ញ្ច​ពលកម្ម​ ការ​ធ្វើទារុណកម្ម​ ការ​រំលោភ​ផ្លូវ​​ភេទ​ និង​ការ​ជួញដូរ​មនុស្ស។

លោក​ជំទាវ​បាន​បន្ត​ថា ​​ផ្ដើម​ចេញ​​ពី​ការ​បន្លាស់ទី​ ដោយ​ហេតុ​​ផល​ផ្សេងៗ​គ្នា​របស់​ពលករ​កម្ពុជា​ ក្នុង​នោះ​ស្ត្រី​​ដែល​បាន​ធ្វើ​ការ​បន្លាស់ទី​ដោយ​បញ្ហា​គ្រួសារ​​មាន​ចំនួន​៥០% បើ​ប្រៀបធៀប​ទៅ​នឹង​បុរស​ ដែល​មាន​តែ​៣០%​ប៉ុណ្ណោះ។

ក្នុង​នេះ​ដែរ​ អ្នក​បន្លាស់​ទី​ជា​ស្ត្រី​កម្ពុជា​​បាន​ប្រឈម​មុខ​នឹង​ភាព​ងាយ​រងគ្រោះ​ជា​ច្រើន​ផ្សេង​ទៀត​ ទៅ​តាម​ស្ថានការណ៍​ផ្សេងៗ​គ្នា​នៅ​ក្នុង​ដំណើរការ​នៃ​ការ​បន្លាស់​ទី​ តែងតែ​​ស្ថិត​ក្រោម​ទម្រង់​នៃ​ការ​រើសអើង​ផ្នែក​​យេនឌ័រ​ ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​ផង​ដែរ៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ពុធ 01 Jul 2009