ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយមួយកាលពីពេលថ្មីៗនេះ ដែលមានសិស្ស និស្សិតរាប់រយនាក់មកពីសកលវិទ្យាល័យឯកជនបីចូលរួម ដែលនិយាយអំពីការលើកកម្ពស់សុវត្ថិភាពកុមារ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍ លោក ឃ្លាំង រឹម មន្ត្រីសម្របសម្រួលរបស់អង្គការពលកម្មអន្តរជាតិ (ILO) បានលើកឡើងថា តើការជួញដូរកុមារនិងស្ត្រីដែលក្នុងនោះគ្របដណ្ដប់លើវិស័យទេសចរណ៍ដែរនោះ វាកើតមានឡើងមិនតែប្រទេសកម្ពុជាមួយប៉ុណ្ណោះទេ គឺវាមានចលនានៅលើពិភពលោកនៅក្នុងតំបន់ និងនៅតាមប្រទេសនីមួយៗ។
បើតាមសម្ដីលោក ឃ្លាំង រឹម កម្ពុជាក៏ជាប្រទេសមួយសម្រាប់សំចតឆ្លងកាត់និងឆ្លងដែន នៃសកម្មភាពជួញដូរផ្លូវភេទលើកុមារនិងស្ត្រីផងដែរ។ ការជួញដូរមនុស្សដែលសំដៅទៅលើកុមារនិងស្ត្រីជាចម្បង គឺគេមានបំណងប្រើធ្វើជាពេស្យាចារ ប្រើយកទៅថតរូបអាសអាភាស យកទៅសុំទាន យកទៅប្រើជាអំពើឆក់ប្លន់ រត់ពន្ធ និងជួញដូរគ្រឿងញៀន។ល។ ដូចជានៅប្រទេសថៃ លោក ឃ្លាំង រឹម បានឲ្យដឹងថា គ្រាន់តែកម្មករខ្មែរធ្វើការក្នុងប្រទេសថៃ ដែលចូលទៅខុសច្បាប់មានដល់ទៅ ១៨ម៉ឺននាក់។ តាមការសង្កេតដោយ ILO ប្រជាជនខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តបន្ទាយមានជ័យមានប្រជាជនធ្វើចំណាកស្រុកច្រើនជាងគេទៅកាន់ខេត្ត- ក្រុងមួយចំនួន។ ក្រុងភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ គឺជាទីជម្រកទទួលយកពួកគេទាំងនេះ ដែលទៅបង្កើតមុខរបរចិញ្ចឹមជីវិត។ ចំណាកស្រុកនាំទាំងស្ត្រីនិងកុមារទៅជាមួយ ហើយពួកគេស្វែងរកមុខរបររៀងៗខ្លួនតាមដែលអាចធ្វើបានក្នុងនោះសេវាបម្រើសើវិស័យទេសចរណ៍បានទាក់ទាញគេឲ្យប្រព្រឹត្តអំពើអនាចារដោយខុសច្បាប់តាមរូបភាពប្លែកៗ។
លោក ហោ សារុន អគ្គនាយករងរដ្ឋបាលនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍បានលើកឡើងថា ទន្ទឹមនឹងមានការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ដែលកំពុងផ្ដល់ឱកាសការងារធ្វើច្រើន ក៏មានផលប៉ះពាល់អវិជ្ជមានផងដែរ ដូចជាបញ្ហាគ្រឿងញៀនឧក្រិដ្ឋកម្ម ពេស្យាចារលើកុមារ ការកេងប្រវ័ញ្ចរំលោភផ្លូវភេទ និងកម្លាំងពលកម្មលើកុមារនិងស្ត្រីផងដែរ។ ការងារនេះយើងត្រូវទប់ស្កាត់ឲ្យ ខាងតែបានយើងមានអន្តរក្រសួងមួយចំនួនបានជួយលើបញ្ហានេះ មានច្បាប់ត្រឹមត្រូវ ពិសេសប៉ូលិសមូលដ្ឋាន។ លោកបញ្ជាក់ថា សិស្ស និស្សិតយើងទាំងអស់ត្រូវយល់ឲ្យបានច្បាស់ថា គោលនយោបាយលើវិស័យទេសចរណ៍កម្ពុជា គឺជាទេសចរវប្បធម៌ធម្មជាតិ។ ទេសចរផ្លូវភេទ គឺយើងត្រូវប្រឆាំងដាច់ខាតមិនឲ្យកើតមាន។
លោក ឃ្លាំង រឹម បានឲ្យដឹងទៀតថា ILO មានយុទ្ធសាស្ត្រដើម្បីទប់ស្កាត់លើការជួញដូរកុមារនិងស្ត្រីបែបនេះដោយសហការជាមួយបណ្ដាស្ថាប័នរដ្ឋាភិបាល NGO តាំងពីថ្នាក់ជាតិ រហូតដល់មូលដ្ឋានជនបទ ឲ្យសហគមន៍យល់ហើយចែករំលែកព័ត៌មាននានា សំដៅទប់ស្កាត់ និងការពារកុំឲ្យកុមារនិងស្ត្រីធ្លាក់ទៅក្នុងអំពើខុសច្បាប់ទាំងនេះ។ ដោយសារកន្លងមកកម្ពុជាបានអនុវត្តច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានល្អថ្មីៗ កន្លងទៅនេះ សហរដ្ឋអាមេរិកបានឲ្យកម្ពុជាក្នុងចំណាត់ថ្នាក់លេខ២ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ ដែលស្ដែងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា៕

