ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសឲ្យដឹងថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអនុញ្ញាតឲ្យនិយោជិត កម្មករ-ការិនីទាំងអស់បានឈប់សំរាកចំនួន១ថ្ងៃទៅ៣ថ្ងៃដើម្បីទៅចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដាខាងមុខនេះចំណែកឯតំណាងគណបក្សនយោបាយបានសុំឲ្យស្ថាប័នពាក់ព័ន្ធធ្វើអន្តរាគមន៍កុំឲ្យតម្លៃរថយន្តតាក់ស៊ីឡើងថ្លៃ។
លោក មុត ចន្ថា អ្នកនាំពាក្យគណបក្សនរោត្ដម រណឫទ្ធិ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនាថា ដើម្បីទប់ស្កាត់ការឡើងថ្លៃរថយន្តនៅពេលកម្មករ- ការិនីធ្វើដំណើរទៅបោះឆ្នោត គ.ជ.ប គួរតែជូនដំណឹងទៅសាធារណការនិងដឹកជញ្ជូនគ្រប់គ្រងតម្លៃរថយន្តឈ្នួលឲ្យនៅដដែល។ មិនមែនតម្លៃធម្មតាមួយម៉ឺនរៀល ហើយនៅពេលទៅបោះឆ្នោតស្រាប់តែឡើងដល់៣ម៉ឺនរៀល ដូច្នេះការបណ្ដែតបណ្ដោយឲ្យឡើងថ្លៃមិនខុសពីច្របាច់កកម្មករនោះទេ ហើយធ្វើឲ្យកម្មករបោះបង់ការបោះឆ្នោតនោះចោល។
ទាក់ទងទៅនឹងការសុំអន្តរាគមន៍កុំឲ្យឡើងថ្លៃរថយន្តនោះ កម្ពុជាថ្មីបានទទួលសំណូមពរតាមទូរស័ព្ទយ៉ាងច្រើនឲ្យស្ថាប័នពាក់ព័ន្ធជួយធ្វើយ៉ាងណាកុំឲ្យតម្លៃរថយន្តឡើងឲ្យសោះនៅថ្ងៃបោះឆ្នោតនោះដោយពួកគេបានអះអាងថាប្រសិនបើរថយន្តឡើងថ្លៃពួកគេនឹងមិនទៅបោះឆ្នោតទេ។
តាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតចុះថ្ងៃទី២១ ខែមិថុនា មានអត្ថន័យថា៖
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលេខ០៥១/០៨កប/សជណចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០៨បានឲ្យដឹងថា និយោជិត កម្មករ-ការិនីដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាសនិងគ្រឹះស្ថានទាំងអស់ត្រូវបានឈប់សំរាកពីការងារចំនួនមួយថ្ងៃទៅ៣ថ្ងៃដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨។
សេចក្ដីជូនដំណឹងនោះមានខ្លឹមសារថា ម្ចាស់ឬនាយករោងចក្រ សហគ្រាសនិងគ្រឹះស្ថានទាំងអស់ត្រូវបង្កលក្ខណៈនិងអនុញ្ញាតឲ្យនិយោជិត កម្មករ-ការិនីបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៤ឆ្នាំ២០០៨ទៅតាមលក្ខណៈជាក់ស្ដែងនិងអាសយដ្ឋានពិតប្រាកដដែលពួកគេត្រូវទៅបោះឆ្នោត៖
ចំពោះរោងចក្រ សហគ្រាសនិងគ្រឹះស្ថានដែលមានទីតាំងនៅរាជធានីភ្នំពេញ
១-និយោជិត កម្មករ-ការិនីដែលកំពុងបម្រើការងារនៅភ្នំពេញ ហើយត្រូវទៅបោះឆ្នោតនៅរាជធានីភ្នំពេញ ត្រូវអនុញ្ញាតឲ្យឈប់សំរាករយៈពេល១ថ្ងៃ គឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨។
២- និយោជិត កម្មករ-ការិនីដែលកំពុងបម្រើការងារនៅរាជធានីភ្នំពេញ ហើយត្រូវទៅបោះឆ្នោតនៅតាមបណ្ដាខេត្ត ដូចជា កណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង ត្រូវអនុញ្ញាតឲ្យឈប់សំរាករយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០០៨។
៣- និយោជិត កម្មករ-ការិនីដែលកំពុងបម្រើការងារនៅរាជធានីភ្នំពេញ ហើយត្រូវទៅបោះឆ្នោតនៅតាមបណ្ដាខេត្តក្រុង ដូចជា បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពត កោះកុង ក្រចេះ មណ្ឌលគិរី ព្រះវិហារ ព្រៃវែង ពោធិសាត់ រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ ប៉ៃលិន ឧត្ដរមានជ័យ ក្រុងព្រះសីហនុ និងក្រុងកែប ត្រូវអនុញ្ញាតឲ្យឈប់សំរាករយៈពេល៣ថ្ងៃ គឺថ្ងៃទី២៦-២៧-២៨ ខែកក្កដា ឆ្នាំ២០០៨។
ដោយឡែកចំពោះរោងចក្រ សហគ្រាស គ្រឹះស្ថានដែលមានទីតាំងនៅខេត្តក្រុងដទៃទៀតក្រៅពីរាជធានីភ្នំពេញត្រូវអនុញ្ញាតច្បាប់ជូនដល់និយោជិត កម្មករ-ការិនីទៅបោះឆ្នោតតាមការកំណត់ដូចក្នុងចំណុចទី១ និងចំណុចទី៣ ខាងលើដោយយកខេត្ត-ក្រុងនីមួយៗធ្វើជាទីតាំងដើមដូចគ្នានឹងរាជធានីភ្នំពេញដែរ។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានបញ្ជាក់ផងដែរថា រាល់ការអនុញ្ញាតច្បាប់ជូននិយោជិតកម្មករ-ការិនី ក្នុងពេលទៅបោះឆ្នោតនិយោជកត្រូវរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ដែលធ្វើការទៀងទាត់ជូននិយោជិត កម្មករ-ការិនីនៅដដែលនិងពុំតម្រូវឲ្យបង្ហាញឯកសារផ្សេងៗដល់និយោជករបស់ខ្លួននៅពេលដែលត្រឡប់មកវិញឡើយ។ ចំពោះនិយោជិតកម្មករ-ការិនីដែលអវត្តមានហួសច្បាប់អនុញ្ញាតត្រូវទទួលខុសត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រសហគ្រាសនិងគ្រឹះស្ថាន។ ម្ចាស់ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថានត្រូវខិតខំបើកប្រាក់ឈ្នួលឲ្យបានមុនថ្ងៃបោះឆ្នោត។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទេ សូមអនុញ្ញាតឲ្យនិយោជិតកម្មករ-ការិនីខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុនសិន៕

