ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

កម្ពុជា​​-គូវ៉េត​ ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ វិនិយោគ​ និង​វិស័យ​ប្រេង​ឧស្ម័ន

រូបថត​៖ The Mekong Timesប្រមុខ​រដ្ឋាភិបាល​កម្ពុជា​​ និង​រដ្ឋាភិបាល​គូវ៉េត​ នឹង​ត្រូវ​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​នៅ​ក្នុង​ជំនួប​ទ្វេភាគី​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។ កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​​ទាំងពីរ​ ដែល​ផ្ដោត​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្ម​វិនិយោគ​ រួម​ទាំង​កិច្ច​ព្រមព្រៀង​លើ​វិស័យ​ប្រេង​ និង​ឧស្ម័ន។

លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា៖ "ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​នៃ​​រដ្ឋគូវ៉េត​មក​កាន់​កម្ពុជា​ពេល​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-គូវ៉េត​ នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៤។ ទី​១​- កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម។ ទី​២- កិច្ច​ព្រមព្រៀង​ការពារ​វិនិយោគ​ប្រទេស​ទាំងពីរ។ ទី​៣​- អនុស្សរណៈ​យោគយល់​គ្នា​ (MOU) ស្ដី​ពី​សហប្រតិបត្តិការ​រវាង​ក្រសួង​ការ​បរទេស​ទាំងពីរ​ រួម​ទាំង​ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​ប្រេង​ និង​ឧស្ម័ន"។

នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ​គូវ៉េត​ អ្នក​អង្គ​ម្ចាស់​ ស្ហេក​ ណាស្សែរ​ អាល់ម៉ូហាម៉ាដ​ អាល់អាម៉ាដ​អាល់ហ្សប៊ែរ​ អាល់សាបា​ (Sheikh Nasser Al-Mohammad Al-Ahmad Al-Jaber Al-Sabah) កំពុង​​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​​នៅ​កម្ពុជា​​រយៈពេល​ ៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៣​សីហា។ នាយករដ្ឋមន្ត្រី​នៃ​រដ្ឋគូវ៉េត​ បាន​ដឹក​នាំ​គណៈប្រតិភូ​គូវ៉េត​មួយ​ក្រុម​មក​ដល់​ទីក្រុង​ភ្នំពេញ​តាម​ជើង​យន្តហោះ​ពិសេស​របស់​រដ្ឋ​គូវ៉េត​ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

តាម​កម្មវិធី​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ អ្នក​អង្គ​ម្ចាស់​ ស្ហេក​ ណាស្សែរ​ អាល់សាបា​ ត្រូវ​ដឹកនាំ​គណៈ​ប្រតិភូ​ចូល​​ជួប​ប្រធាន​ព្រឹទ្ធសភា​ លោក​ ជា​ ស៊ីម​ មុន​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-គូវ៉េត​ បើក​កិច្ច​ពិភាក្សា​ទល់​មុខ​នៅ​ក្រសួង​ការ​បរទេស។ ខណៈ​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​-គូវ៉េត​ ជួប​ពិភាក្សា​គ្នា​នៅ​ព្រឹក​នេះ​ គណៈប្រតិភូ​អ្នក​ពាណិជ្ជកម្ម​គូវ៉េត​មួយ​ក្រុម​ ក៏​ត្រូវ​ជួប​ប្រជុំ​​ពី​រឿង​ពាណិជ្ជកម្ម​ឆ្លងដែន​​ជា​មួយ​និង​​សភា​ពាណិជ្ជកម្ម​កម្ពុជា​​ផង​ដែរ។ លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំហុង​​ គូស​បញ្ជាក់​ថា៖ "ក្នុង​ពេល​ចរចា​នៅ​ព្រឹក​នេះ​ជា​មួយ​ប្រមុខ​រដ្ឋាភិបាល​គូវ៉េត​ យើង​នឹង​លើក​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​ស្រាវជ្រាវ​រុក​រក​ប្រេង"។

ទស្សនកិច្ច​ផ្លូវ​ការ​របស់​នាយករដ្ឋមន្ត្រី​គូវ៉េ​មក​កាន់​កម្ពុជា​ពេល​នេះ​ បាន​ត្រូវ​​លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំហុង​ ជឿជាក់​ថា​ នឹង​នាំ​មក​នូវ​ការ​ពង្រឹង​មិត្តភាព​រវាង​កម្ពុជា​​ជាមួយ​ប្រទេស​គូវ៉េត​ ក៏​ដូច​ជា​ពង្រឹង​មិត្តភាព​​ជាមួយ​ប្រទេស​អារ៉ាប់​ផ្សេងទៀត។ លោក​ឧបនាយករដ្ឋមន្ត្រី​​ ហោ​ ណាំហុង​ បាន​បន្ថែម​ថា៖ "ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​គូវ៉េត​​នេះ​ នឹង​នាំ​មក​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​ផ្លែផ្កា​រវាង​កម្ពុជា​ និង​គូវ៉េត។ គូវ៉េត​ដែល​ជា​ប្រទេស​តូច​ តែ​ជា​ប្រទេស​មហាសេដ្ឋី​ប្រេង"។

គូវ៉េត​ ជា​ប្រទេស​នៅ​ឈូង​សមុទ្រ​អារ៉ាប់​ទី​២​ ហើយ​ដែល​បាន​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា។ កាល​ពី​ថ្ងៃ​ទី​១​ ខែ​មេសា​ ដើម​ឆ្នាំ​នេះ​ កម្ពុជា​បាន​ទទួល​នូវ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​កាតា​ ដែល​ជា​ប្រទេស​មហាសេដ្ឋី​ប្រេង​កាត​ដ៏​មហាសាល។ ប្រមុខរដ្ឋាភិបាល​កម្ពុជា-រដ្ឋកាតា​ កាល​ណោះ​ក្រៅ​ពី​ចុះ​កិច្ច​ព្រមព្រៀង​បើក​ឲ្យ​មាន​ជើង​ហោះហើរ​ដោយ​ត្រង់​ពី​កាតា​មក​កាន់​ទី​ក្រុងភ្នំពេញ​កម្ពុជា​-កាតា​ក៏​បាន​ព្រមព្រៀង​ធ្វើ​កិច្ច​សហការ​លើ​ការ​រុក​រក​ប្រេង​ និង​ឧស្ម័ន​ផង​ដែរ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ច័ន្ទ 04 Aug 2008