សទ្ទានុក្រម

ពាក្យ និយម​ន័យ
ការស្រាវជ្រាវ​លើ​​​ប្រធាបបទ​ផ្នែក​យេនឌ័រ

ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ទៅលើ​យេនឌ័រ​ផ្ទាល់ ជា​កម្មវត្ថុ​នៃ​ការ​សិក្សា។ ការស្រាវជ្រាវ​លើ​​​ប្រធាបបទ​ផ្នែក​យេនឌ័រ ឬ​ការ​សិក្សា​ផ្នែក​យេនឌ័រ សង្កត់​ធ្ងន់​ទៅលើ​ភាពងងឹត​ផ្នែក​យេនឌ័រ នៅ​ក្នុង​វិទ្យាសាស្រ្ត ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា ផលិតផល​ផ្នែក​ចំណេះដឹង​របស់​វិទ្យាសាស្រ្ត (សូម្បី​តែ​ក្នុង​វិទ្យាសាស្រ្ត​​ធម្មជាតិ​ក្ដី) គឺ​សុទ្ធ​តែ​រង​ឥទ្ធិពល ពី​ទស្សនៈ​ផ្នែក​យេនឌ័រ​របស់​អ្នក​ស្រាវជ្រាវ និង​នៅ​ក្នុង​វិស័យ​ស្រាវជ្រាវ។ ការសិក្សា​ផ្នែក​យេនឌ័រ វិភាគ​ទៅលើ​ទំនាក់ទំនង​យេនឌ័រ​នៅក្នុង​អតីតកាល បច្ចុប្បន្នកាល អនាគតកាល។ ការស្រាវជ្រាវ​ទាំងនេះ ជួយ​ពង្រឹក​ការយល់ដឹង​អំពី​ដំណើរការសង្គម។ ហេតុនេះ ការស្រាវជ្រាវ​បែប​នេះ ចូលរួម​វិភាគទាន​ក្នុង​ការ​ផ្ដល់​​ដំណោះស្រាយ​ចំពោះ​​បញ្ហា​សំខាន់ៗ ដែល​សង្គម​កំពុង​ប្រឈម​សព្វថ្ងៃ។ ឧទាហរណ៍​មួយ​អំពី​​ការស្រាជ្រាវ​ប្រភេទ​នេះ​គឺ៖ ដើម្បី​កំណត់​អំពី​ការរើសអើង​ផ្នែក​យេនឌ័រ នៅ​ក្នុង​ទីផ្សារ​​ពលកម្ម​ក្នុង​ប្រទេស​កម្ពុជា។

ការ​បញ្ជ្រាប​យេនឌ័រ

យុទ្ធវិធី​នៃ​ការ​ដាក់​បញ្ចូល​កង្វល់​ពាក់​ព័ន្ធ​នឹង​យេនឌ័រ​ទៅ​ក្នុង​ការ​ វិភាគ​ ការ​រៀបចំ និង​ការ​តាម​ដាន​ត្រួត​ពិនិត្យ ទៅ​លើ​គោល​នយោបាយ កម្មវិធី និង​គម្រោង​អភិវឌ្ឍ​នានា ដើម្បី​ធានា​ថា​ វិសមភាព​ និង​គម្លាត​យេនឌ័រ​ត្រូវ​បាន​កាត់​បន្ថយ​។

ការ​បៀតបៀន​រំខាន​ផ្លូវ​ភេទ

ការ​បៀតបៀន​រំខាន​ផ្លូវ​ភេទ ជា​ការ​ប្រព្រឹត្ត​ដោយ​បំពាន​របស់​បុគ្គល​មួយ​ទៅ​លើ​បុគ្គល​មួយ​ទៀត​ដែល​ ទាក់​ទង​នឹង​ផ្លូវ​ភេទ​។ ការ​បៀតបៀន​រំខាន​ផ្លូវ​ភេទ​ស្ដែង​ឡើង​តាម​រូបភាព​ផ្សេង​ៗ​ ដូចជា ពាក្យ​សម្ដី អាកប្បកិរិយា​ រហូត​ដល់​ការ​គំរាម​រំលោភ​សេព​សន្ធវៈ​ដោយ​គ្មាន​ការ​ព្រមព្រៀង​។ ជា​ទូទៅ អ្នក​ដែល​បៀតបៀន​រំខាន​ផ្លូវ​ភេទ​ច្រើន​តែ​ជា​បុរស​។

ការ​ប៉ាន់​ប្រមាណ​ផល​ប៉ះ​ពាល់​ទៅ​លើ​យេនឌ័រ

ការ​ប៉ាន់​ប្រមាណ​អំពី​ផល​ប៉ះ​ពាល់​នៃ​គោល​នយោបាយ​ ឬ​គម្រោង​អភិវឌ្ឍ​នានា​ដើម្បី​ឱ្យ​ឃើញ​ថា តើ​គោល​នយោបាយ​ឬ​គម្រោង​អភិវឌ្ឍ​នោះ​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​បុរស​និង​ស្ត្រី​ តាម​រូបភាព​បែប​ណា​។ លទ្ធផល​នៃ​ការ​ប៉ាន់​ប្រមាណ​នោះ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ ដើម្បី​ធ្វើ​ការ​កែ​ប្រែ​ឱ្យ​ធានា​បាន​ថា​ ឥទ្ធិពល​នៃ​ភាព​រើស​អើង​យេនឌ័រ​ត្រូវ​បាន​កាត់​បន្ថយ​ ហើយ​សមភាព​យេនឌ័រ​ត្រូវ​បាន​លើក​កំពស់​។

ការ​ផ្ដល់​ភាព​អង់​អាច​ដល់​ស្ត្រី

ដំណើរ​ការ​ក្នុង​ការ​ជួយ​ស្ត្រី​ខាង​ផ្នែក​សង្គម​កិច្ច សេដ្ឋកិច្ច នយោបាយ មនោគមវិជ្ជា និង​ច្បាប់ ដើម្បី​ឱ្យ​ស្ត្រី​អាច​នឹង​ធ្វើ​សកម្មភាព​ក្នុង​ការ​ពង្រឹង​សិទ្ធិ​ សមត្ថភាព និង​ទទួល​បាន​នូវ​សេវាកម្ម​និង​គ្រប់​គ្រង​លើ​ធន​ធាន​ និង​ការ​ចូល​រួម​ដោយ​ស្មើ​ភាព​នៅ​ក្នុង​កិច្ចការ​ដែល​ពី​មុន​គេ​ហាម​ឃាត់​ ឬ​កម្រិត​ស្ត្រី​មិន​ឱ្យ​ចូល​រួម។

បែប​ផែន​ផ្សេង​ៗ​គ្នា​នៃ​ការ​ទទួល​បាន​នូវ​អំណាច​ និង​ការ​គ្រប់​គ្រង​ធនធាន​នានា​ដោយ​ស្ត្រី និង​បុរស គឺ​ជា​លក្ខណៈ​សំគាល់​ជា​គន្លឹះ​មួយ​សម្រាប់​ជា​មូលដ្ឋាន​នៃ​ការ​បែង​ចែក​ ពលកម្ម​តាម​យេនឌ័រ​។

ការ​ផ្ដល់​អំណាច​ផ្នែក​យេនឌ័រ

ការ​ផ្ដល់​អំណាច​ផ្នែក​យេនឌ័រ គឺ​ជា​ដំណើរការ​នៃ​ការ​កសាង​សមត្ថភាព​​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ឲ្យ​អាច​គ្រប់គ្រង​លើ​ជីវិត​របស់​ខ្លួន​ឯង​ កំណត់​នូវ​របៀបវារៈ​របស់​ខ្លួនឯង ទទួល​បាន​ជំនាញ សាង​ទំនុកចិត្ត ដោះស្រាយ​បញ្ហា និង​អភិវឌ្ឍ​នូវ​ស្វ័យ​ពឹងផ្អែក (ប្រភព​ឯកសារ៖ កញ្ចប់​ឧបករណ៍​យេនឌ័រ​ក្នុង​បណ្ដាញ​អប់រំ (GENIA))។

ការ​​ផ្ដល់​អំណាច ​មាន​ន័យ​ថា ជា​ការ​បង្កើន​ធនធាន និង​សមត្ថភាព​របស់​បុគ្គល ឬ​ក្រុម​មនុស្ស​​​ដើម្បី​ជះឥទ្ធិពល និង​​សម្រេចចិត្ត​ទៅ​លើ​បញ្ហា​នានា​ទាក់ទង​នឹង​ជីវិត​របស់​ពួកគេ។ ការ​បង្កើន​អំណាច​របស់​មនុស្ស ដើម្បី​គ្រប់គ្រង​លើ​ជីវិត​របស់​ខ្លួនឯង គឺ​ជា​ដំណើរការ​មួយ​នៃ​ការ​ផ្លាស់ប្ដូរ ទាំង​ផ្នែក​ខាងក្នុង និង​ខាង​ក្រៅ។ ការ​ផ្ដល់​អំណាច ជួយ​ជម្រុញ​សមត្ថភាព​ដល់​ក្រុម​ដែល​កាលពីមុន​ធ្លាប់​តែ​ស្ថិត​ក្នុង​ឋានៈ​ទន់ខ្សោយ​ជាង (ឧទាហរណ៍ ស្ត្រី ឬ​ជន​ពិការ) ឲ្យ​អាច​ត្រៀមខ្លួន​បាន​កាន់តែ​ប្រសើរ​ជាងមុន និង​បំពាក់​នូវ​សមត្ថភាព​ដែល​ចាំបាច់​ដើម្បី​ចូលរួម​ក្នុង​ការ​សម្រេច​ចិត្ត​នានា​ដែល​អាច​ប៉ះពាល់​ដល់​ខ្លួន និង​សហគមន៍​របស់​ខ្លួន។ បើ​ឈរ​លើ​ទស្សនវិស័យ​សមភាព​យេនឌ័រ ក្រុម​ចំបង​បំផុត​ដែល​ត្រូវការ​ការ​ផ្ដល់​អំណាច គឺ​ស្ត្រី និង​កុមារ ព្រោះ​​នៅ​ក្នុង​សង្គម ពួកគេ​តែង​ស្ថិត​នៅ​ក្នុង​ឋានៈ​ទន់ខ្សោយ​ជាង​បុរស ស្ទើរ​គ្រប់​ពេល​វេលា។

ការ​យល់​ដឹង​អំពី​យេនឌ័រ

ការ​យល់​ដឹង​អំពី​ភាព​ខុស​គ្នា​រវាង​បុរស​និង​ស្ត្រី ដែល​សង្គម​បាន​កំណត់​ឡើង​ដោយ​ឈរ​លើ​ចំណេះ​ដឹង​ស្ដី​ពី​អាកប្បកិរិយា​នានា​ ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​សមត្ថភាព​នៃ​ការ​ទទួល​បាន និង​ការ​គ្រប់​គ្រង​ធនធាន ឱកាស​ និង​ផល​ប្រយោជន៍​។

ការ​រើសអើង​ផ្នែក​យេនឌ័រ

គឺ​ជា​ការ​ប្រព្រឹត្តិ​ជា​ប្រព័ន្ធ មិន​អំណោយផល​ចំពោះ​បុគ្គល​ណាមួយ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​យេនឌ័រ​របស់​បុគ្គល​នោះ ដែល​ជា​ការ​​បដិសេធ​នូវសិទ្ធិ ឱកាស ឬ​ធនធាន​របស់​ពួកគេ។ នៅ​ទូទាំង​ពិភពលោក ស្ត្រី​បាន​ទទួល​ការ​ប្រព្រឹត្តិ​ដោយ​មិន​ស្មើរភាព​ចំពោះ​ខ្លួន ហើយ​មាន​ការ​ផ្ដល់​តម្លៃ​ទាប​ចំពោះ​ជីវិត​របស់​ពួកគេ អាស្រ័យ​ដោយ​យេនឌ័រ​របស់​ពួកគេ។ ​​

ភាព​មិន​ដូចគ្នា​នៃ​លទ្ធភាព​​របស់​ស្ត្រី ក្នុង​ការ​ទទួល​បាន​អំណាច និង​គ្រប់គ្រង​លើ​ធនធាន​ គឺ​ជា​ចំណុច​ស្នូល​នៃ​ការ​រើសអើង​នេះ នៅ​ក្នុង​វិស័យ​ស្ថាប័ន​ទាំងអស់ រួមមាន​គ្រួសារ សហគមន៍ ទីផ្សារ និង​រដ្ឋ។

ការ​រើសអើង​យេនឌ័រ

ការ​ឱ្យ​តម្លៃ​និង​ការ​ប្រព្រឹត្ត​ខុស​គ្នា​ទៅ​លើ​បុគ្គល​ណា​មួយ​ ដោយ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​យេនឌ័រ​របស់​បុគ្គល​នោះ​។​ នៅ​ក្នុង​សង្គម​បិតា​ធិបតេយ្យ​ គឺ​មាន​ការ​រើសអើង​ ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​និង​រៀបរយ​ប្រឆាំង​នឹង​ស្ត្រី​នៅ​ក្នុង​ការ​ បែងចែក​ប្រាក់​ចំណូល​ក្នុង​ការ​ទទួល​ធនធាន​ និង​ការ​ចូលរួម​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​។

ការ​វិភាគ​ផល​ប៉ះ​ពាល់​ទៅ​លើ​យេនឌ័រ

ការ​វិភាគ​ពី​ការ​ជះ​ឥទ្ធិពល​នៃ​គោល​នយោបាយ​ ឬ​កម្មវិធី​មួយ​ទៅ​លើ​បុរស​និង​ស្ត្រី តាម​រូបភាព​ផ្សេង​គ្នា​។

Pages