ICT4D​៖ ​បណ្ដាញ​​សង្គម​​គឺ​ជា​​មធ្យោបាយ​​សំខាន់​​សម្រាប់​​ធ្វើ​​ឲ្យ​​មាន​​តម្លាភាព​ ​និង​​ប្រឆាំង​​អំពើ​​ពុករលួយ​​

    រាជធានី​ភ្នំពេញ​៖ បណ្ដាញ​សង្គម​ ជា​ពិសេស​ហ្វេសបុក​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​មធ្យោបាយ​បញ្ជូន​ព័ត៌មាន​លឿន​បំផុត​ពី​មនុស្ស​ម្នាក់​ៗ​ទៅ​មនុស្ស​ម្នាក់ទៀត​ បច្ចុប្បន្ន​នេះ​មិន​មែន​តែ​ប្រជាជន​សាមញ្ញ​ទេ សូម្បី​អង្គភាព​រដ្ឋាភិបាល​ជា​ច្រើន​ក៏​បាន​ចាប់​អារម្មណ៍​ប្រើប្រាស់​បណ្ដាញមួយ​​នេះ ​ដើម្បី​បញ្ជូន​ព័ត៌មាន​ពិតៗ ​ប្រកប​ដោយ​​តម្លាភាព​ ទៅ​កាន់​អ្នក​កាសែត​ និង​សាធារណៈ​ជន​ផងដែរ។ 

   ជាក់ស្ដែង​​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ​  សិក្ខា​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​ហៅ​កាត់​ថា CJCC  បាន​​រៀបចំ​ សាលា​ស្ដី​ពីការ​ចូលរួម​ទៅ​កាន់​ព័ត៌មាន​ និងការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​សម្រាប់​ការ​អភិវឌ្ឍន៍ ICT4D ក្នុង​ប្រទេស​កម្ពុជា ។  

   សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​លើក​កម្ពស់​ការ​ពិភាក្សា​ និង​ការ​យល់​ដឹង​អំពី​ការ​ទទួល​បាន​ព័ត៌មាន​ ដែល​មាន​តម្លាភាព​ និង​គណនេយ្យ​ភាព​ តាម​​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា សារ​គមនាគមន៍ និង​ព័ត៌មាន​វិទ្យា​សម្រាប់​ការ​អភិវឌ្ឍន៍ ICT4D ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ 

    ក្នុង​ឱកាស​បើក​សិក្ខាសាលា​នោះ​ លោក​ស្រី ជឹម​ ម៉ាណាវី នាយិកា​ប្រតិបត្តិ​ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ បាន​ថ្លែង​ឲ្យ​ដឹង​ថា  ក្នុង​អំឡុង​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ ទោះបីជា​នៅ​ប្រទេស​មួយ​ចំនួន​គេ​ចាប់​ផ្ដើម​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បើក​ចំហរ ​ចំពោះ​បញ្ហា​នានា​ក៏​ដោយ​ តម្លាភាព​ និង​សិទ្ធិ​ក្នុង​ការ​ចូល​កាន់​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​ ត្រូវ​បាន​មជ្ឈដ្ឋាន​អន្តរជាតិ​ចាត់​ទុក​ថា​ជា​សារសំខាន់​សម្រាប់​ការ​ ដំណើរ​ការ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​រួម​មាន​ការ​ចូលរួម​ ជំនឿ​ទុកចិត្ត​ លើ​រដ្ឋាភិបាល​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ​ ការ​ផ្សព្វផ្សាយ​អំពី​សេចក្ដី​សម្រេច​ចិត្ត​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ​ពី​សំណាក់​រដ្ឋាភិបាល​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ទាំងអស់​នេះ​សុទ្ធ​សឹង​តែ​ជា​ដំណើរ​ការ​ដ៏​មាន​សារៈសំខាន់​នៅ​ក្នុង​សង្គម​មួយ​។ 

​    លោក​ស្រី បាន​ថ្លែង​បន្ត​ថា ប្រទេស​ជា​ច្រើន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍​ជា​មធ្យោបាយ ​ក្នុង​ការ​បង្កើន​តម្លាភាព​ និង​កាត់​បន្ថយ​អំពើពុករលួយ​ក្នុង​រដ្ឋាភិបាល​។ ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​គឺជា​មធ្យោបាយ​សំខាន់​មួយ​សម្រាប់​តម្លាភាព​ និង​ប្រឆាំង​អំពើ​ពុករលួយ ។  ឧទាហរណ៍​៖ ដូចជា​ ការ​ដែល​រដ្ឋាភិបាល​បាន​ខិតខំ​ធ្វើ​ឲ្យ​មាន​តម្លាភាព​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​តាម​គេហទំព័រ​ តាម​រយៈ​ការ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នូវ ICT និង​បណ្ដាញ​សង្គម​ ព្រម​ទាំង​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​តម្លាភាព​តាម​រយៈ​ការ​ប្រើប្រាស់ ​ICT និង​បណ្ដាញ​សង្គម។ 

គួរ​រម្លឹក​ផង​ដែរ​ថា ​នៅ​ក្នុង​រយៈពេល​ដើម​ឆ្នាំ​២០១៤​​ ស្ថាប័ន​របស់​រដ្ឋាភិបាល​ជា​ច្រើន​ បាន​បង្កើត​ Page​ លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ជា​ច្រើន​ ដើម្បី​ចែកចាយ​ និង​ផ្ដល់​ព័ត៌មាន​ដល់​សាធារណៈ​ជន​យ៉ាង​សកម្ម ដូចជា​ទំព័រ​របស់​សាលា​រាជធានី​ភ្នំពេញ និង ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។ល៕ 

ប្រភព​ព័ត៌មាន: 
KQUBE
បោះពុម្ព​ផ្សាយ: 
ថ្ងៃ សុក្រទី ១២ ខែ កញ្ញា ឆ្នាំ ២០១៤