អាម៉ុក

គ្រឿង​ផ្សំ​ ៖

ត្រី​រ៉ស់​ ស្លឹក​គ្រៃ​ រមៀត​ ខ្ទឹម​ស​ ម្ទេស​ក្រៀម​ អំបិល​ ទឹក​ត្រី​ ស្លឹក​ក្រូច​សើច​ ឬ​សំបក​ផ្លែ​ក្រូច​ ស្លឹក​ញ​ ដូង​ទុំ​ ប្រហុក​សាច់។

វិធី​ធ្វើ​ ៖

យក​ត្រី​មក​ពន្លះ​យក​ឆ្អឹង​ចេញ​ ហើយ​ហាន់​ជា​បន្ទះ​ស្ដើងៗ។​ ស្លឹក​គ្រៃ​ រមៀត​ ខ្ទឹម​ស​ ម្ទេស​ក្រៀម​ និង​អំបិល​ត្រូវ​បុក​ជាមួយ​គ្នា​ឲ្យ​ម៉ដ្ឋ​ រួច​បារ​ដាក់​មក​ក្នុង​ចាន​សាច់ត្រី។​ ដូង​ពូត​យក​តែ​ក្បាល​ខ្ទិះ​ចាក់​មក​ក្នុង​ត្រី​ដែរ។

យក​ប្រហុក​បន្តិច​ ចិញ្ច្រាំ​ឲ្យ​ល្អិត​បន្តិច​ដាក់​លាយ​ជាមួយ​គ្នា​ ចាក់​ទឹកត្រី​បន្តិច​ ទើប​យក​វែក​មក​កូរ​ឲ្យ​សព្វ​ ទាល់​តែ​បែក​សាច់​ត្រី​ ហើយ​ទឹក​ខ្ទិះ​នោះ​យ៉ាង​ខាប់​រលាយ​ជាមួយ​គ្នា​សឹម​កូរ។

ស្លឹក​ញ​ត្រូវ​កាត់​ជា​កំណាត់​ខ្លី​ៗ​ដាក់​ពី​លើ​ស្លឹក​ចេក​ ទើប​ដួស​សាច់​ត្រី​ដែល​កូរ​នឹង​ទឹក​ខ្ទិះ​នោះ​មក​ចាក់​ពី​លើ​ ហើយ​ខ្ចប់​ឲ្យ​ជិត។

យក​ធាង​ដូង​ធ្វើ​ជា​កន្លះ​ខ្ទាស់​ឲ្យ​ជាប់​ រួច​យក​ទៅ​ចំហុយ​ក្នុង​ឡាំងស៊ឹង​ ទុក​ឲ្យ​ឆ្អិន​ជា​ការ​ស្រេច៕