ត្រី​បំពង​ស្រួយ​​ ឆា​ជាមួយ​ទឹក​ជ្រលក់

គ្រឿង​ផ្សំ

-ត្រី​រ៉ស់​​ហាន់​ជា​កង់​ ៣០០​ ក្រាម
-ទឹក​ជ្រលក់​ ២​ ស្លាបព្រាបាយ
-ទឹក​ត្រី​ ២​ ស្លាបព្រាបាយ​​
-ស្ករ​ត្នោត​ ១​ ស្លាបព្រាបាយ
-ប្រេង​រុក្ខជាតិ​សម្រាប់​ឆា​ ២០​ ក្រាម
-ទឹក​ធម្មតា​ ២​ ស្លាបព្រាបាយ
-ម្សៅ​ស៊ុប​ខ្នរ​ ១​ ស្លាបព្រាបាយ
-ខ្ទឹម​ក្រហម​បំពង​សម្រាប់​រោយ​ពី​លើ

គ្រឿង​ផ្សំ​ទឹក​ជ្រលក់​

  • ម្ទេស​ក្រៀម​ផ្លែ​ធំ​ ៣​-៤​ ផ្លែ
  • ខ្ទឹម​ក្រហម​ហាន់​ ៦០​ ក្រាម
  • ខ្ទឹម​ស​ ៣០​ ក្រោម
  • កាពិ​ ១​ ស្លាបព្រាបាយ

វិធី​ធ្វើ​
១.យក​ម្ទេស​ក្រៀម​បំពង​ឲ្យ​ឈ្ងុយ។
២.ខ្ទឹម​ក្រហម​ហាន់​ យក​ទៅ​បំពង​ក្នុង​ប្រេង​ឲ្យ​ឡើង​លឿង​ រួច​ដួស​ទុក​ឲ្យ​ស្រស់​ប្រេង។
៣.ខ្ទឹម​ស​ចិញ្ច្រាំ​ យក​ទៅ​បំពង​ក្នុង​ប្រេង​ឲ្យ​ឡើង​លឿង​ រួច​ដួស​ទុក​ឲ្យ​​ស្រស់​ប្រេង។
៤.បុក​ម្ទេស​ក្រៀម​បំពង​ឲ្យ​ម៉ដ្ឋ​ ដាក់​ខ្ទឹម​ក្រហម​បំពង​ ខ្ទឹម​ស​បំពង​ និង​ កាពិ​ចូល​រួច​បុក​​បន្ត​ឲ្យ​ទាល់​តែ​ម៉ដ្ឋ។
៥.យក​ត្រី​រ៉ស់​មក​លាង​ទឹក​ឲ្យ​ស្អាត​ទុក​ឲ្យ​ស្រស់​ទឹក​ រួច​ដាក់​ចៀន​ក្នុង​ប្រេង​ក្ដៅៗ​ឲ្យ​ឡើង​លឿង​ស្រួយ​ ហើយ​ដួស​ទុក។
៦.ដាក់​ខ្ទះ​លើ​ចង្ក្រាន​ ចាក់​ប្រេង​ចូល​ លុះ​ប្រេង​ក្ដៅ​ ដាក់​ទឹក​ជ្រលក់​ចូល​ឆា​ឲ្យ​ឡើង​ឈ្ងុយ​ ចាក់​​ទឹក​ធម្មតា​ចូល​បន្តិច​ រួច​ដាក់​ស្ករ​ត្នោត​ ទឹក​ត្រី​ និង​ម្សៅ​ស៊ុប​ខ្នរ​ចូល​ ភ្លក្ស​មើល។ បន្ទាប់​មក​ដាក់​ត្រី​រ៉ស់​ចៀន​នោះ​ចូល​ ឆា​បញ្ចូល​គ្នា​ ដួស​ដាក់​ចាន​ ហើយ​យក​ខ្ទឹម​ក្រហម​បំពង​រោយ​ពី​លើ។

កំណត់​សម្គាល់​

មុខ​ម្ហូប​នេះ​ លោក​អ្នក​អាច​ប្រើ​ត្រី​អណ្ដែង​ ឬ​សាច់​ជ្រូក​បំពង​ជំនួស​​ត្រី​រ៉ស់​ក៏​បាន​ ហើយ​បើ​ចូល​ចិត្ត​ទទួល​​ទាន​បន្លែ​ អាច​ដាក់​សណ្ដែក​កួរ​ ឬ​​ខាត់​ណា​​បាន​តិចតួច៕