លិខិតឆ្លងដែន​គំរូ​ថ្មី​មាន​សុពលភាព​១០​ឆ្នាំ តម្លៃ​១០០​ដុល្លារ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១៥​កក្កដា​,កុមារ​អាយុ​ក្រោម​៥​ ឆ្នាំ ត្រូវ​ធ្វើ លិខិតឆ្លងដែន តម្លៃ​៨០​ដុល្លារ

    ភ្នំពេញ៖​ប៉ូលិស​របស់​ក្រសួង មហាផ្ទៃ បាន​អនុវត្ត​ធ្វើ​លិខិត​ឆ្លងដែន គំរូ​ថ្មី​ប្រភេទ​លិខិតឆ្លងដែន​អេឡិចត្រូនិក ដោយ​ផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ ២០១៤ តទៅ ។
​    ​លិខិតឆ្លងដែន​ថ្មី​នោះ មាន សុពលភាព ១០​ឆ្នាំ តម្លៃ​១០០​ដុល្លារ ។ ចំណែក​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ក៏​ត្រូវ ប៉ូលិស​តម្រូវ​ឱ្យ​ធ្វើ​លិខិត​ឆ្លងដែន ដោយ លែង​អនុញ្ញាត​ឱ្យ​បិទ​រូបថត​ក្នុង​លិខិត ឆ្លងដែន​របស់​ឪពុកម្ដាយ ឬ​អាណា​ព្យាបាល​ទៀតហើយ ។
​    ​លោក កែ សុ​វ៉ាត អនុប្រធាន នាយកដ្ឋាន​លិខិតឆ្លងដែន នៃ​អគ្គ នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​របស់ ក្រសួង​មហាផ្ទៃ បាន​ឱ្យ​ដឹង​ថា ​លិខិត ឆ្លងដែន​គំរូ​ថ្មី យើង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា​នេះ​តទៅ​ហើយ គឺ​សម្រាប់ កុមារ​អាយុ​ចាប់ពី​៥​ចុះក្រោម​រហូតដល់ សូន្យ​ឆ្នាំ​គឺ​ត្រូវ​ធ្វើ​លិខិតឆ្លងដែន​ដែល មាន​សុពលភាព​ត្រឹមតែ​៥​ឆ្នាំ​ទេ។​  លិខិត ឆ្លងដែន​សម្រាប់​កុមារ​ត្រូវ​ចំណាយ ៨០ ដុល្លារ ។ រីឯ​លិខិតឆ្លងដែន​សម្រាប់ មនុស្ស​ចាស់ ចាប់ពី​អាយុ​៦​ឆ្នាំ​ឡើង​ទៅ មាន​សុពលភាព​រយៈពេល​១០​ឆ្នាំ តម្លៃ ១០០​ដុល្លារ ។ តម្លៃ​នេះ​មិនទាន់​បូក បញ្ចូល​ថ្លៃ​ថតរូប​ធ្វើ​លិខិត​ឆ្លងដែន​តម្លៃ​៤​ដុល្លារ​នោះ​ទេ​។​
​    ​លោក​កែ សុ​វ៉ាត បាន​បន្ត​ថា លិខិតឆ្លងដែន​គំរូ​ថ្មី​សម្រាប់​កុមារ​អាយុ ក្រោម​៥​ឆ្នាំ មាន​កម្រាស់ ៣២​ទំព័រ ។ ចំណែក​លិខិតឆ្លងដែន​សម្រាប់​មនុស្ស ចាស់​មាន ៦៤​ទំព័រ ។ លិខិតឆ្លងដែន​ថ្មី នេះ​ មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ពន្យារ​​​ពេល​ដូច​មុន​ទៀត​ទេ​។​ពេល​ផុត​កំណត់​ត្រូវ​ធ្វើ​ថ្មី​។​
​    ​សម្រាប់​រយៈពេល​ធ្វើ​លិខិត ឆ្លងដែន​ប្រភេទ​ថ្មី​នេះ ត្រូវ​បាន​លោក​កែ សុ​វ៉ាត បញ្ជាក់​ថា មាន​រយៈពេល ដូច​ការ​ធ្វើ​លិខិតឆ្លងដែន​កាល​ពី​ពេល មុន គឺ​២០​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ ដែល​មាន រយៈពេល​ប្រហាក់ប្រហែល​ជាមួយ   ខែ​។ ​
​     ​លោក​កែ សុ​វ៉ាត បាន​បញ្ជាក់​ថា ការ​សម្រេច​ឱ្យ​អនុវត្ត​នូវ​ការ​ធ្វើ​លិខិត ឆ្លងដែន​ប្រភេទ​ថ្មី​ពេលនេះ ដើម្បី​បង្ក លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ យើង​ឱ្យ​ពួកគាត់​បាន​ប្រើប្រាស់​រយៈពេល វែង ហើយ​មិន​ចាំបាច់​ពន្យារ​ពេល​ទៀត ទេ ហើយ​នេះ​គឺជា​លិខិតឆ្លងដែន​គំរូ​ថ្មី ដែល​ស្របតាម​ស្តង់ដារ ICO ប្រភេទ E-Passport ជា​លិខិតឆ្លងដែន​អេឡិចត្រូនិក​​។​
​    ​សូម​រំលឹក​ថា ក្នុង​ពេល​កន្លងមក លិខិត​ឆ្លង​ដែន​ប្រភេទ​ធម្មតា​មាន សុពលភាព​រយៈពេល ៧​ឆ្នាំ គឺ​គិត បញ្ចូល​ទាំង​ការ​ពន្យារ​សុពលភាព​ពីរ ដង ។ ការ​ពន្យារ​ពេល​ម្ដង​បាន​២​ឆ្នាំ ។ ចំណែក​តម្លៃ​ចំនួន ១៣០​ដុល្លារ និង​ថ្លៃ​ថតរូប​៤​ដុល្លារ​ ។​
​    ​រីឯ​កុមារ​វិញ​អាយុ​ក្រោម​១២​ឆ្នាំ ត្រូវ​បិទ​រូបថត លើ​លិខិតឆ្លងដែន​របស់ ឪពុកម្ដាយ ឬក៏​អាណា​ព្យាបាល​ដោយ ក្នុង​លិខិតឆ្លងដែន​មួយ​អាច​បិទ​រូបថត កុមារ​បាន ៣​នាក់​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃ ពុធ ទី ១៦ ខែ កក្កដា ឆ្នាំ​២០១៤​​​