បន្ថែម​​ មាត្រា​​ ៣ ទៅ​​លើ​​អនុសញ្ញា​ស្តី​​ពី​ការ​​លុប​​បំបាត់​​រាល់​​ទម្រង់​​រើស​​អើង​​លើ​​ស្រ្តី

    នៅ​ក្នុង​សង្គម​កម្ពុជា​នាពេល​​បច្ចុប្បន្ន ​ស្ត្រី​នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ ជា​ជន​រងគ្រោះ ដដែល បើ​ទោះ​បី​មាន​អនុសញ្ញា ស្តី​ពីការ​លុប​បំបាត់​រាល់​ទម្រង់​រើស​អើង​លើ​ស្រ្តីយ៉ាង​ណា​ក្ដី ព្រោះ​ប្រជា​ពលរ​ដ្ឋ​ ពិសេស ​ស្រ្តី​មិន​សូវ​ទទួល​បាន​ព័ត៌​មាន​ពី​ខាង​ក្រៅ ស្រ្តី​នៅតែទទួល រងនូវ​ការ​រើស​អើង​ពី​សហគមន៍ ចំណេះ​ដឹង​របស់​ស្រ្តី​នៅ​មាន​កម្រិត​ ជា​ពិសេស​ទៅ​ទៀត​នោះ​វប្បធម៌​ប្រពៃ​ណី​ឲ្យ​តម្លៃ​តែ​លើ​បុរសខ្លាំងជាងស្ត្រី ។ ​
    តាម​ការណ៍​ស្រាវ​ជ្រាវ​របស់​អង្គការ​ស្តារ​កម្ពុជា បាន​បញ្ជាក់​ថា អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​រើស​អើង​លើ​ស្រ្តី​ នៅ​មិន​ទាន់​បាន​ជ្រួត​ជ្រាប​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​​ ពិសេស​ស្រ្តី ក៏​ដូច​ជា​អាជ្ញា​ធរថ្នាក់​ក្រោម​ជាតិ ឲ្យ​បាន​ស៊ី​ជម្រៅ​នៅ​ឡើយ​ទេ ដូច​នេះ​ចាំ​បាច់​​ត្រូវ​មាន​ការ​ពង្រឹង​បន្ថែម​ ឲ្យ​មាន​ការ​ផ្សេព្វ​ផ្សាយ​អំពី​អនុសញ្ញា​ទាំង​នោះ​ ឲ្យ​បាន​ទូ​លំ​ទូ​លាយបន្ថែម​ទៀត ។
    លោក​ស្រីជេត ចរិយា នាយិការប្រតិបត្តិនៃ​អង្គការ​ស្ដារកម្ពុជា បញ្ជាក់​ថា ចំណុច​ដែល​ត្រូវ​ពង្រឹង​បន្ថែម ទៅ​លើ​អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​រើស​អើង​លើ​ស្រ្តី​នោះ គឺ​មាន​៣​មាត្រាបន្ថែម​ គឺ​មាត្រា ទី ១៤ ១៥ និង​មាត្រាទី​១៦ ដែល​មាត្រា​ទី១៤​ និយាយ​ពី ស្រ្តី​ជន​បទ មាត្រា​១៥ និយាយ​ពី សមភាព​ចំពោះ​មុខ​ច្បាប់​ និង​មាត្រា​ទី​១៦ និយាយ​ពី​អាពាហ៍​ពិពាហ៍​និង​គ្រួសារ ។
    លោក​ស្រី ជេត ចរិយា បន្តឲ្យ​ដឹង​ទៀត​ថា ដើម្បី​ឲ្យ​មាត្រា​ទាំង​បី​ទទួល​បាន​ជោគ​ជ័យ​
លុះ​ត្រា​​តែ ខាង​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​មក​លើ​ស្រ្តី និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ខិត​ខំយក​ចិត្ត​ទុក​ដាក់រិះ​រក​​មធ្យោបាយធ្វើ​យ៉ាង​ណា​​ ឲ្យ​អនុសញ្ញា ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​រើស​អើង​លើ​ស្រ្តី​អនុវត្តន៍​ទៅ​ ដោយ​ប្រសិទ្ធិភាព ។ ​
គួររំលឹក​ផង​ដែរ​ថា ​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០១៣​នេះ អង្គការ​ស្ដារ​កម្ពុជា​បាន​បើក​កិច្ច​ពិគ្រោះ យោបល់​ថ្នាក់​ជាតិ​ស្ដី​ពី ការ​លុប​បំបាត់​រាល់​ទម្រង់​រើស​អើង​លើ​ស្រ្តី ហៅ​កាត់​ថា ស៊ី ដ មាត្រា​ ១៤ ១៥ និង​១៦ នៅ​សណ្ឋាគា ហ៊ី​ម៉ាវ៉ា​រី រាជធានីភ្នំពេញ ៕

ប្រភព​ព័ត៌មាន: 
​WMC
បោះពុម្ព​ផ្សាយ: 
ថ្ងៃ ទី​២៩ ខែ សីហា ឆ្នាំ ២០១៣​