យុទ្ធនាការ​​ពហុ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដើម្បី​លើក​កម្ពស់​​​ការ​ចូល​រួម​​​របស់​យុវជន​​ក្នុង​ជីវៈ​ភាព​សង្គម

​    យុទ្ធនាការ​ពហុ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ថ្មី​ ដែល​មាន​ឈ្មោះ​​ថា «​ឡូយ​៩​» នឹង​ត្រូវ​បាន​គេ​ប្រកាស​ផ្សព្វផ្សាយ​​តាម​កញ្ចក់​ទូរទស្សន៍​ វិទ្យុ​ និង​ប្រព័ន្ធ​អ៊ិនធឺណិត​ ចាប់​​​ថ្ងៃ​ទី ១៥ ខែ មករា​ ​ឆ្នាំ​២០១២​នេះ​ទៅ​។​ដោយ​មាន​គោល​ដៅ​តម្រង់​ទៅ​រក​យុវជន​ក្នុង​វ័យ​ពី​ ១៥ ទៅ​២៤ ឆ្នាំ កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​​​នឹង​មាន​បញ្ចូល​​កម្មវិធី​កម្សាន្ត​ជា​មួយ​ កម្មវិធី​អប់រំ​ ​ដើម្បី​ជ្រាប​ជា​​ព័ត៌មាន​ដល់​យុវជន​​​អំពី​ឱកាស​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​​នានា​ក្នុង​ប្រទេស​កម្ពុជា​។ ​​យុទ្ធនាការ​នេះ​នឹង​ផ្ដល់​ឱកាស​​ជា​ច្រើន​​ដល់​យុវជន​​ឲ្យ​បាន​ចូល​រួម​​ដោយ​ផ្ទាល់​ ក្នុង​យុទ្ធនាការ​ «ឡូយ​៩​»​ តាម​រយៈ​ការ​ហៅ​ចូល​ទូរស័ព្ទ​ទៅ​កាន់​ការ​ផ្សាយ​វិទ្យុ, ការ​បញ្ចាំង​កម្មវិធី​ភាព​យន្ត​ភាគ​ និង​កម្មវិធី​​​ល្បែង​ផ្សេងៗ​​​ច្រើន​ទៀត​ផង​ ។​ពួក​គេ​អាច​ចូល​រួម​​ផ្ដល់​ជា​គំនិត​ ធ្វើ​ការ​ប្រឡង​ប្រជែង​ និង​ចូល​រួម​បង្ហាញ​ខ្លួន​តាម​​​កញ្ចក់​ទូរទស្សន៍​ និង​តាម​រលក​សំឡេង​វិទ្យុ​ផង​ដែរ​។​
    ​យុទ្ធនាការ​នេះ​ជា​គំនិត​ផ្ដួច​ផ្ដើម​​មួយ​របស់​គម្រោង​​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ (Strengthening Democracy  Programmer ) របស់​ យូអិនឌីភី​ហើយ​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​BBC World Service Trust។ ​កម្មវិធី​នេះ​ធ្វើ​ឡើង​​លើ​មូលដ្ឋាន​​ការ​​ស្រាវ​ជ្រាវ​មួយ​​ដែល​​មាន​ការ​គាំទ្រ​ផ្នែក​ថវិកា​ដោយ​ យូអិនឌីភី​កាល​ពី​ឆ្នាំ​២០១០​។ ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​​ថា ​កង្វះ​ខាត​​ការ​​យល់​ដឹង​និង​ចំណេះ​ដឹង​​អំពី​ដំណើរ​ប្រជាធិបតេយ្យ​ និង​ការ​លំបាក​ក្នុង​ការ​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ គឺ​ស្ថិត​​ក្នុង​ចំណោម​ឧបសគ្គ​​សម្រាប់​យុវជន​ជា​ច្រើន​អាច​ចូល​រួម​​ក្នុង​នាម​ជា​​ពលរដ្ឋ​ ។
    ជា​ការ​​ឆ្លើយ​តប​ទៅ​នឹង​របក​គំហើញ​ការ​​ស្រាវជ្រាវ​នេះ​ កម្មវិធី​ «ឡូយ​៩​»​ បាន​រក​ឃើញ​ឧទាហរណ៍​ជា​ច្រើន​​នៃ​យុវជន​ដែល​រក​​ឃើញ​មធ្យោបាយ​របស់​​ពួក​គេ​ក្នុង​ការ​ចូល​រួម​​យ៉ាង​សកម្ម និង​​ដោយ​ស្ថាបនា​នៅ​ក្នុង​ជីវភាព​សង្គម​ទូទៅ​។
    ​កម្មវិធី​នេះ​ នឹង​ផ្ដល់​ដល់​​យុវជន​​នូវ​ព័ត៌មាន​ជាក់​​ស្ដែង ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​​​ចូល​រួម​និង​ដើម្បី​យក​ទៅ​អះអាង​​ប្រាប់​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ​ថា  ការ​ចូល​​ប្រឡូក​ក្នុង​ជីវភាព​សហគមន៍​គឺ​ជា​​មិន​មែន​ជា​រឿង​គ្រោះ​ថ្នាក់​ទេ​ តែ​ជា​រឿង​មួយ​​ល្អ​វិជ្ជមាន​​ដែល​គួរ​ឲ្យ​ធ្វើ ។​ យុទ្ធនាការ​នេះ​មាន​គោល​ដៅ​​តម្រង់​ទៅ​រក​យុវជន ៥​លាន​នាក់​​​នៅ​ប្រទេស​កម្ពុជា​​ដែល​ក្នុង​នោះ​រួម​មាន​ ៣​លាន​នាក់ ដែល​គ្រប់​អាយុ​បោះឆ្នោត​បាន​ ហើយ​ដែល​អាច​ចូល​ប្រឡូក​ក្នុង​ជីវភាព​សង្គម​​ជា​លើក​ដំបូង​បង្អស់​របស់​ពួក​គេ​ផង​៕​​​​​​​​​

ប្រភព​ព័ត៌មាន: 
ព្រឹត្តិបត្រ​ព័ត៌មាន​ UNDP