ក្រសួង​ពាក់ព័ន្ធ ប្រជុំ​រៀបចំ​យុទ្ធសាស្ត្រ គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ ក្នុង​អាណត្តិទី៥

    ភ្នំពេញ៖ ក្រសួង​ពាក់ព័ន្ធ​ មាន​ក្រសួង​រៀបចំ​ដែនដី ​នគរោបនីយកម្ម​ និង​សំណង់, ​ក្រសួង​បរិស្ថាន​ និង​ក្រសួង​ទេសចរណ៍ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​មិថុនា ​ឆ្នាំ​២០១៤​នេះ ​នាទី​ស្ដីការ​ក្រសួង​រៀបចំ​ដែនដី ​នគរោបនីយកម្ម ​និង​សំណង់ ​រាជ​ធានី​ភ្នំពេញ ​បាន​ប្រជុំ​គ្នា​រៀបចំ​ យុទ្ធសាស្ត្រ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ នៅ​ក្នុង​អាណត្តិ​ទី​៥ ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា។​
    យោង​តាម​របាយការណ៍ ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ ដែល​ផ្ដល់​ឲ្យ​អ្នក​សារ​ព័ត៌មាន​ នៅ​ក្នុង​ទិស​ដៅ​បន្ត​នេះ ​នឹង​ចាប់​ផ្ដើម​អភិវឌ្ឍ​ក្នុង​ខេត្ត​កែប ​ដោយ​អនុវត្ត​គម្រោង​ផ្លូវ​ប្រប​សមុទ្រ និង​ស្ពាន​រំលង​ពី​រូប​សំណាក​ស្រី​ស ​រហូត​ដល់​កំពង់​ផែ​ទេសចរណ៍ ​កោះ​ទន្សាយ​, សិក្សា​គម្រោង​ស្ថាបនា​ទំនប់​រលក​ចំនួន​ ៣​កន្លែង​ ដើម្បី​ជា​រនាំង​ការពារ​រលក​ធំៗ ​និង​ការ​ការពារ​បាក់​ដី​ច្រាំង​សមុទ្រ​, សាង​រូប​សំណាក ​និង​សួន​លម្ហែ​ផ្សេង​ទៀត ​និង​សិក្សា​ផល​ប៉ះពាល់ ​និង​អភិវឌ្ឍ​ឆ្នេរ​តាម​បណ្ដោយ​ផ្លូវ​ ប្រប​មាត់​សមុទ្រ​ ១៤,៦០​គ.ម​ ដោយ​ចាក់​ដី​បំពេញ​ការ​ហូរ​ច្រោះ ​ដោយ​ចលនា​រលក​សមុទ្រ​។​
    នៅ​ក្នុង​ខេត្ត​កំពត ​គ្រោង​បង្កើត​តំបន់​ឆ្នេរ​ថ្មី ​និង​កំពង់​ផែ​ទេសចរណ៍​ខេត្ត​កំពត ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ ​និង​អន្តរជាតិ,​ ខេត្ត​ព្រះសីហនុ ​ដោយ​គ្រោង​ត្រៀម​ចូល​រួម ​សហការ​ជា​មួយ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ​(គ.អ.ឆ.ក.) ​ថ្នាក់​ជាតិ ​ក្នុង​ការ​រៀបចំ ​ភូមិ​សហគមន៍​ទេសចរណ៍​គំរូ​ នៅ​ក្នុង​ភូមិ​កោះរ៉ុង​សន្លឹម​ (ហៅភូមិ២៣),​ ពិគ្រោះ​យោបល់ ​និង​សហការ​ជា​មួយ​ក្រុមហ៊ុន​ស៊ិនទ្រី​ ដើម្បី​សិក្សា​លទ្ធភាព​ រៀបចំ​ទី​លាន​ចាក់​សំរាម​ តាម​លក្ខណៈ​បច្ចេកទេស​, រៀបចំ​ឆ្នេរ​គំរូ​អូរ​ត្រេះ​ និង​កែ​លំអ​ និង​អភិវឌ្ឍ​អេកូទេសចរណ៍ ​តំបន់​ឆ្នេរ​ពយ​តាម៉ូង​ និង​ឆ្នេរ​អូរ​ឈើ​ទាល។​
    ដោយ​ឡែក​ក្នុង​ខេត្ត​កោះកុង ​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​មាន​ការ​យល់​ដឹង​បន្ថែម ​លើ​ការ​ថែទាំ​បរិស្ថាន​ តាម​មាត់​ព្រែក​សមុទ្រ​ ដើម្បី​បញ្ឈប់​ការ​ចោល​សំរាម​ ពាស​វាល​ពាស​កាល ​ចូល​ព្រែក​ និង​សមុទ្រ​ និង​គ្រោង​រៀបចំ​ខឿន ​ទប់​តាម​មាត់​ព្រែក​ និង​សមុទ្រ​ ដើម្បី​កែ​លំអ​ឲ្យ​មាន ​សោភ័ណ​ភាព​បន្ថែម​ទៀត៕​

ប្រភព​ព័ត៌មាន: 
កាសែត​ដើមអម្ពិល
បោះពុម្ព​ផ្សាយ: 
​ថ្ងៃ អង្គារ ទី ១៧ ខែ មិថុនា ឆ្នាំ ២០១៤​