រាជរដ្ឋាភិបាលប្រកាស យកថ្លៃ១ម៉ឺនរៀល សម្រាប់ការធ្វើ អត្តសញ្ញាណប័ណ្ណ

    ភ្នំពេញ៖ រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​មហាផ្ទៃ​ បាន​ប្រកាស​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី០១​ ខែ​កក្កដា ឆ្នាំ២០១៤នេះទៅ សម្រាប់​ការ​ធ្វើ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទាំង​ការ​ធ្វើ​ថ្មី និង​ការ​ធ្វើ​ឡើងវិញ​ ត្រូវ​បង់​ថ្លៃ ១ម៉ឺនរៀល។​
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែឧសភា បានឲ្យដឹងថា ការ​យក​ថ្លៃ​លើ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ​១ម៉ឺនរៀល​នេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋ ក្នុង​ការ​ចំណាយ​ថវិកា​ជាតិ​ សម្រាប់​កិច្ច​ដំណើរ ​ ការងារ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​ជូនប្រជាពលរដ្ឋ​ ដែល​កន្លង​មក​រាល់​ការ​ចំណាយ​ទាំង​អស់​ជា​បន្ទុក ​របស់​រដ្ឋ។
    បើតាមសេចក្តីប្រកាសចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែល​មជ្ឈមណ្ឌល​ព័ត៌មាន ​ដើម​អម្ពិល​ទទួល​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​០៣​ ខែ​មិថុនា​ ឆ្នាំ​២០១៤​នេះ ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ការ​កំណត់​យក​ថ្លៃ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ​១ម៉ឺនរៀល​នេះ ​ដើម្បី​ជួយ​​គាំទ្រ និង​ធានា​និរន្តរភាព​ដល់​ដំណើរ​ការងារ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ  ​សញ្ជាតិ​ខ្មែរ​តាមរយៈ​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ ជា​មួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ ​ដែល​ជា​គុណប្រយោជន៍​ ដល់​ថវិកា​ជាតិ។​
    ជាមួយសេចក្តីជូនដំណឹងនេះ ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអាយុ ១៥ឆ្នាំឡើង និង​ ប្រជាពលរដ្ឋ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​រួច​ហើយ​ប៉ុន្តែ​អស់​សុពលភាព​ត្រូវ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ​​ដើម្បី  ធានាបានសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ ក្នុង​ការ​បំពេញ​ទម្រង់​បែប​បទ​នានា ​ទៅតាមច្បាប់កំណត់៕

ប្រភព​ព័ត៌មាន: 
កាសែត​ដើមអម្ពិល