អាល្លឺម៉ង់​និង​សហការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា​

   ភ្នំពេញ៖​ប្រទេស​អាល្លឺម៉ង់​បាន​បង្ហាញ​ពី​សុច្ឆន្ទៈ​ក្នុង​​ការ​ចូល​រួម​​បន្ត​ទៀត​ស្ដី​ពី​សហ​ប្រតិបត្តិការ​​ជា​មួយ​​ក្រសួង​យុត្តិធម៌​​សម្រាប់​ការ​ធ្វើ​កំណែ​ទម្រង់​​ច្បាប់​​និង​​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​​ក្រោយ​ពី​​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​យុត្តិធម៌​​ត្រូវ​បាន​រំលាយ​ហើយ​បាន​ប្រគល់​ឲ្យ​ក្រសួង​​យុត្តិ​ធម៌​​ជា​អ្នក​គ្រប់​គ្រង​វិញ​នោះ។
    ជំហរ​របស់​ប្រទេស​អាល្លឺម៉ង់​​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​លោក​Jonchim Baron von Marschall ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​អាល្លឺម៉ង់​​ប្រចាំ​ប្រទេស​កម្ពុជា​​ចូល​ជួប​សវនា​ការ​​ងារ​​​ជា​មួយ​​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​​នៅ​ទី​ស្ដី​ការ​​ក្រសួង​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​១៩​ខែ​មីនា​ឆ្នាំ​២០១៤​។


    លោក​ជីន​ម៉ាលីន​​​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​​យុត្តិ​ធម៌​​បាន​ប្រាប់​បណ្ដាញ​សារ​ព័ត៌មាន​​បាន​ឲ្យ​ដឹង​ថា​​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌​ត្រូវ​បាន​រំលាយ​ហើយ​បាន​ប្រគល់​កិច្ច​​ការងារ​នេះ​​ឲ្យ​ក្រសួង​យុត្តិធម៌​ជា​អ្នក​គ្រប់​គ្រង​វិញ។​ហេតុ​នេះ​​ប្រទេស​អាល្លឺម៉ង់​​ដែល​ជា​ដៃ​គូ​ដ៏​ល្អ​ក្នុង​ការ​ជួយ​កំណែ​ទម្រង់​ច្បាប់​​និង​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក​នោះ​បាន​សម្ដែង​ពី​សុច្ឆន្ទៈ​របស់​ខ្លួន​​ដើម្បី​​ចូល​រួម​​ជា​មួយ​​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត។​
    លោក​ម៉ា​លីន​បាន​ឲ្យ​ដឹង​ថា​​នៅ​ថ្ងៃ​ខាង​មុខ​​ក្រសួង​យុត្តិ​ធម៌​​រួម​ជាមួយ​​ដៃ​គូ​នឹង​​មាន​ជំនួប​ពិភាក្សា​គ្នា​បន្ថែម​​ទៀត​​សម្រាប់​បង្ហាញ​​ពី​ជំហរ​នៃ​ផែន​ការ​យុទ្ធ​សាស្ត្រ​និង​សកម្មភាព​​ពី​កំណែ​ទម្រង់​នេះ​។​នា​ពេល​កន្លង​មក​នេះ​ដែរ​​ប្រទេស​អាល្លឺម៉ង់​បាន​ជួយ​ដល់​កម្ពុជា​​ក្នុង​ការ​កែ​ទម្រង់​​ពី​ច្បាប់​​រដ្ឋ​បាល​​និង​តុលាការ​រដ្ឋ​បាល​រួច​មក​ហើយ​និង​នៅ​ពេល​នេះ​​ប្រទេស​អាល្លឺម៉ង់​បាន​បង្ហាញ​​ពី​ជំហរ​ក្នុង​ការ​​ចូល​​រួម​ជា​មួយ​​កម្ពុជា​ជា​បន្ថែម​ទៀត​សំដៅ​​ធ្វើ​យ៉ាង​ណា​ឲ្យ​​កំណែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា​​កាន់​តែ​មាន​ភាព​​សុក្រឹត​និង​តម្លាភាព​។
    លោក​ម៉ា​លីន​​បាន​ឲ្យ​ដឹង​ដែរ​ថា​នៅ​ថ្ងៃ​ខាង​មុខ​ក្រសួង​យុត្តិធម៌​និង​រៀប​ចំ​រចនាសម្ព័ន្ធ​​ថ្មី​សម្រាប់​ការ​​គ្រប់​គ្រង​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​​នេះ​​ហើយ​នឹង​រីករាយ​​សហការ​ជា​មួយ​ដៃ​គូ​ដែល​តែង​មាន​គោល​បំណង​ល្អ​ក្នុង​ការ​សហការ​ជា​មួយ​​កម្ពុជា​​ពិសេស​ប្រទេស​អាល្លឺម៉ង់​តែង​បញ្ជូន​អ្នក​ជំនាញ​​ការ​ផ្នែក​ច្បាប់​ឲ្យ​​មក​​ចូល​រួម​ជួយ​ដល់​កម្ពុជា​នោះ។
    សម្រាប់​ការ​គ្រប់​គ្រង​នៃ​កំណែ​ទម្រង់​ថ្មី​ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​យុត្តិ​ធម៌​នេះ​ដែរ​ក្រសួង​នឹង​បង្កើត​លេខា​ដ្ឋាន​​សម្រាប់​ធ្វើ​កំណែ​ទម្រង់​​នេះ​ហើយ​​នៅ​ពេល​ខាង​មុខ​ដោយ​សារ​មាន​ការ​ជួយ​សហការ​ពី​ប្រទេស​អាល្លឺម៉ង់​ក្រសួង​យុត្តិ​​ធម៌​និង​​បង្កើត​ច្បាប់​រដ្ឋបាល​តុលាការ​នៅ​តាម​ខេត្ត​ក្រុង​បន្ថែម​ទៀត​ដែរ៕​​​​​​​​​​