កិច្ច​ព្រមព្រៀង​លើក​លែង​ទិដ្ឋាការ​ជួយ​កម្ពុជា​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​១​,៨​​លាន​នាក់​ពី​អាស៊ាន

   ភ្នំពេញ៖ ​ប្រទេស​កម្ពុជា​​បាន​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​​មក​ពី​បណ្ដា​ប្រទេស​​ជា​សមាជិក​​អាស៊ាន​​ក្នុង​​ឆ្នាំ​​​​២០១៣​​ប្រមាណ​​១,៨៣​លាន​នាក់​​គឺ​កើន​​​ប្រមាណ​២១​​​​ភាគ​រយ​ ​បើ​ប្រៀប​ជា​មួយ​ឆ្នាំ​២០១២​​​។​ នេះ​បើ​តាម​របាយ​ការណ៍​​ថ្មី​បំផុត​​របស់​ក្រសួង​​ទេសចរណ៍​​កាល​ពី​ចុង​ខែ​​កុម្ភៈ​ ឆ្នាំ​២០១៤​កន្លង​ទៅ​។​
    ​របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​​ភ្ញៀវ​ទេសចរ​អាស៊ាន​​មក​កាន់​ប្រទេស​កម្ពុជា​​ដណ្ដើម​ប្រមាណ​​៤៣​​ភាគរយ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​​បរទេស​​ចំនួន​៤,២​លាន​នាក់​ ដែល​មក​កម្សាន្ត​​នៅ​​ប្រទេស​កម្ពុជា​​ក្នុង​​ឆ្នាំ​​២០១៣​ ។

​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​វៀតណាម​​មក​កាន់​ប្រទេស​កម្ពុជា​​ដណ្ដើម​អត្រា​ខ្ពស់​បំផុត​ ដោយ​ឡើង​ដល់​​៨៥៤.១០០​នាក់​, បន្ទាប់​មក​​គឺ​ឡាវ​ចំនួន​​៤១៤.៥៣០​នាក់​។​ និង​​ថៃ​​ចំនួន​​២២១.២៦០​នាក់​​។​ម៉ាឡេស៊ី​ និង​​ហ្វីលីពីន​ឈរ​​​នៅ​ទី​តាំង​​ទី​៤​ និង​ទី​៥​​​​ដោយ​មាន​ភ្ញៀវ​ចំនួន​​១៣០.៧០០​នាក់​​និង​១១៩.០០០​នាក់​ ។​ ក្រៅ​ពី​​នេះ​កម្ពុជា​នៅ​ទាក់ទាញ​​ជាង​​៥៧.៨០០​នាក់​​ជន​ជាតិ​សាំងហ្គាពួរ​, ​២៨.២០០​​នាក់​ជន​ជាតិ​ឥណ្ឌូណេស៊ី​, ​៥.១០០​នាក់​​ភ្ញៀវ​ភូមា និង​​៨១៤​នាក់​ភ្ញៀវ​ទេសចរ​​ព្រុយណេ​ ដែល​​បាន​មក​ធ្វើ​​ទេសចរណ៍​​នៅ​​កម្ពុជា​ក្នុង​​ឆ្នាំ​កន្លង​មក​។​
    លោក​ អាង​ គឹមអៀង​ ប្រធាន​សមាគម​ភ្ញាក់​ងារ​ទេសចរណ៍​កម្ពុជា​​​បាន​ឲ្យ​ដឹង​ថា​​ ភ្ញៀវ​ទេសចរ​អាស៊ាន​​មក​កាន់​ប្រទេស​កម្ពុជា​​បាន​កើន​ឡើង​​ខ្លាំង​ដែល​ភាគ​ច្រើន​ គឹ​ដោយ​សារ​​​កិច្ច​​សហការ​រវាង​​ប្រទេស​ និង​ប្រជាពលរដ្ឋ​​កម្ពុជា​​ក្នុង​ការ​បង្កើត​​សម្ផស្ស​ទាក់ទាញ​ ពិសេស​​មួយ​​ស្រូប​យក​​ភ្ញៀវ​ទេសចរ​​។
    ​ទី​ភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួរ​បាន​ស្រង់​​សម្ដី​លោក  ​គឹម អៀង​​មក​​​បញ្ជាក់​ថា​​ «​កិច្ច​ព្រមព្រៀង​​​លើក​លែង​ទិដ្ឋាការ​​រវាង​ប្រទេស​កម្ពុជា​​និង​បណ្ដា​ប្រទេស​​ជា​សមាជិក​អាស៊ាន​ ក៏​ជា​កត្តា​មួយ​លើក​ទឹក​ចិត្ត​ភ្ញៀវ​ទេសចរ​​​អាស៊ាន​ឲ្យ​មក​កាន់​ប្រទេស​កម្ពុជា​ដែរ​។​​ជាង​នេះ​ទៅ​ទៀត​ប្រទេស​កម្ពុជា​​មាន​​តំបន់​​ទេសចរណ៍​ទាក់ទាញ​​យ៉ាង​​ច្រើន​​»​។
    ​ប្រទេស​កម្ពុជា​​មាន​បេតិកភណ្ឌ ​ពិភព​លោក​​ល្បី​​ឈ្មោះ​​ចំនួន​​២​ដែល​​​នោះ​គឺ​​ប្រាសាទ​អង្គរ​​វត្ត​​ដ៏​ពិសិដ្ឋ​ ​ដែល​ត្រូវ​បាន​កសាង​​ឡើង​នៅ​​សត វត្សរ៍​ទី​១២​​​នៅ​ខេត្ត​​សៀម​រាប​ និង​ប្រាសាទ​​ព្រះ​វិហារ​​ស្ថិត​នៅ​​ខេត្ត​ព្រះ​វិហារ ។​
    ​ទន្ទឹម​នឹង​នេះ កម្ពុជា​​នៅ​មាន​​​​​​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​ ដែល​ត្រូវ​បាន​​ផ្ដល់​​កិត្តិយស​​ថា​ជា​តំបន់​​​ឆ្នេរ​ស្អា​ត​​​​បំផុត​លើ​ពិភព​លោក​ មាន​ប្រវែង​​​ជាង​​​៤៥០​គីឡូម៉ែត្រ​ ស្ថិត​​តាម​បណ្ដោយ​​ខេត្ត​​​៤​នា​ភាគ​ខាង​លិច​​ គឺ កោះកុង ព្រះសីហនុ​, កំពត និង​កែប ៕​​

ប្រភព​ព័ត៌មាន: 
​​រស្មី​កម្ពុជា