កិច្ច​ប្រជុំ​នៃ​សកម្មភាព​​ការងារ​​ដើម្បី​អភិវឌ្ឍន៍

   ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​មីនា​នេះ​ ដោយ​ធ្វើ​ការ​សហការ​ជា​មួយ​​សមាគម​អភិវឌ្ឍន៍​សុខ​ភាព​ប្រជាជន​(PHD), មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​(VOD), និង​​សមាគម​យុវជន​ខ្មែរ​​ដើម្បី​អភិវឌ្ឍន៍​សង្គម (KYSD) អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​បើក​កិច្ច​ប្រជុំ​មួយ​​នៅ​សាល​​ប្រជុំ​របស់​ខ្លួន​​​រយៈ​ពេល​មួយ​ព្រឹក​​ដើម្បី​វាយ​តម្លៃ​ការងារ​​ ​ស្វែង​រក​​ដំណោះ​ស្រាយ​​​​​​​​​អំពី​​បញ្ហា​ដែល​ជួប​កន្លង​មក​ និង​ពង្រីក​វិសាលភាព​​នៃ​​សកម្មភាព​ការងារ​ឲ្យ​រីក​ចម្រើន​។ ​​
    ​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ លោក​ ស្រី ជឹម​ម៉ាណាវី​ នាយិកា​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​​មាន​ប្រសាសន៍​ថា​ កិច្ច​ប្រជុំ​នេះ​ពិត​ជា​មាន​សារសំខាន់​បំផុត​សម្រាប់​ដៃ​គូ​ដែល​​ធ្វើ​ការ​រួម​គ្នា​ ​​ក្នុង​ការ​ពិភាក្សា​​គ្នា​ដើម្បី​​​ស្វែង​រក​ដំណោះ​​ស្រាយ​និង​​​ការ​បន្ត​កិច្ច​​​សហការ​​ជា​មួយ​គ្នា​​ទៀត​​​​ដើម្បី​លទ្ធផល​ការងារ​ទទួល​បាន​​ជោគជ័យ ។
    លោក​ស្រី​​បាន​បន្ត​ថា​​ក្នុង​សកម្មភាព​​ការងារ​មួយ​​​​ដើម្បី​ទទួល​បាន​ជោគជ័យ​យើង​ត្រូវ​​បង្កើត​​​​នូវ​​ទម្រង់​ផែនការ​​ឲ្យ​បាន​ច្បាស់​លាស់​​ដើម្បី​អាច​​ដឹង​ថា​​ក្នុង​​ដំណើរ​ធ្វើ​ការងារ​តើ​យើង​ជួប​បញ្ហា​អ្វី​ខ្លះ​ និង​​ត្រូវ​​ធ្វើ​​​ដូច​ម្ដេច​​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ ។
    លោក​ស្រី​បាន​បញ្ជាក់​ដែរ​​​ថា​​​​​​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ក៏​មាន​រង្វាន់​​សម្រាប់​លើក​ទឹក​ចិត្ត​ដល់​​យុវជន​​ដែល​សកម្ម​ជាង​គេ​​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដូច​ជា​​​share,Comment, Like ​នូវ​សកម្មភាព​​ការងារ ឬ​គ្រប់​ព័ត៌មាន​ដែល​​​អង្គការ​​បាន​ផ្សព្វផ្សាយ​ ។
    ​កិច្ច​ពិភាក្សា​គ្នា​នេះ​ផ្ដោត​សំខាន់​​​ទៅ​លើ​​​​​ការ​លើក​ឡើង​របស់​​ដៃ​គូ​នីមួយ​ៗ​នៃ​សកម្មភាព​ការងារ​​និង​លទ្ធផល​ដែល​ទទួល​បាន​ ព្រម​ទាំង​បង្កើត​នូវ​ផែន​ការ​ជា​មួយ​គ្នា​​ដើម្បី​អនុវត្តន៍​បន្ត ។ ​​សិក្ខាកាម​ជា​បុគ្គលិក​និង​ជា​​​យុវជន​ស្ម័គ្រ​ចិត្ត​ដែល​អញ្ជើញ​មក​ពី​​​សមាគម​និង​អង្គការ​នានា​ចំនួន​៣​។​​​​​
​    ​កញ្ញា​ សុម៉ាលី​​​បុគ្គលិក​នៃ​​​មជ្ឈមណ្ឌល​​កម្ពុជា​ដើម្បី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​(VOD)​បាន​​​និយាយ​ថា​​​សកម្មភាព​ការងារ​នៃ​​កម្មវិធី​វិទ្យុ​របស់​កញ្ញា​រយៈ​ពេល​​ប្រាំបួន​ខែ​កន្លង​មក​ឃើញ​ថា​​មាន​ប្រិយមិត្ត​តាម​ដាន​ស្ដាប់​ និង​បាន​​ទូរស័ព្ទ​ចូល​មាន​​​ចំនួន​ច្រើន ​ហើយ​ក៏​មាន​រង្វាន់​​​​​សម្រាប់​លើក​ទឹក​ចិត្ត​ដល់​ប្រិយមិត្ត​ដែល​​​សកម្ម​ជាង​គេ​ក្នុង​​​ការ​តាម​ដាន​ស្ដាប់​និង​​ទូរស័ព្ទ​ចូល​​​ក្នុង​​កម្មវិធី​ ​ជា​ពិសេស​អ្នក​​​​​ប្រើប្រាស់​ហ្វេសប៊ុក​​​​​ផង​ដែរ​​។​​​​​
    លោក​អ៊ូ រតនៈ​ នាយក​​​នៃ​សមាគម​​អភិវឌ្ឍន៍​សុខភាព​ប្រជាជន​​បាន​មាន​ប្រសាសន៍​ថា​​​​ការ​បង្រៀន​របស់​PHD​កន្លង​មក​ទៅ​លើ​ប្រជាជន​​​នៅ​​តាម​បណ្ដា​ខេត្ត​គឺ​​​ពួក​គាត់​មាន​ការ​ចាប់​អារម្មណ៍​​ទៅ​លើ​ប្រធាន​បទ​«សិទ្ធិ​ទទួល​​ព័ត៌មាន​»​ ព្រោះ​​​ពួក​គាត់​​​​គិត​ថា​នេះ​​មិន​មែន​ជា​រឿង​នយោបាយ​​ទេ​ប៉ុន្តែ​​​នេះ​ជា​សិទ្ធិ​ដែល​ពួក​គាត់​ត្រូវ​​មាន​ ៕

ប្រភព​ព័ត៌មាន: 
អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​