​ការ​កសាង​សមត្ថភាព​ស្ដី​ពី ការ​សង្កេត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​គឺ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​​និង​មិន​រក​ប្រាក់​ចំណេញ​ ដែល​មាន​ទស្សនៈ​វិស័យ​ ស្ដី​ពី​ប្រទេស​កម្ពុជា​ថា​ជា​ប្រទេស​មួយ​​មាន​ការ​សាយភាយ​ឱកាស​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ ផ្នែក​ព័ត៌មាន​ ការ​ទំនាក់​ទំនង​ និង​បច្ចេកវិទ្យា​ដែល​នាំ​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ហើយ​នឹង​ការ​ប្រែប្រួល​ក្នុង​សង្គម​ច្រើន​ជាង​មុន។ បច្ចុប្បន្ន​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​បាន​ទទួល​ការ​គាំទ្រ​ ពី​មូលនិធិ​ពី​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី ដើម្បី​សិក្សា​លើ​គម្រោង​​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា​។ គម្រោង​នឹង​ធ្វើការ​​ប្រមូល​និង​កត់ត្រា​នូវ​​ទិន្នន័យ​បែប​បរិមាណ​វិស័យ​​និង​គុណ វិស័យ​អំពី​អំពើ​ហិង្សា​លើ​ស្ត្រី​ ដើម្បី​បង្កើត​​​មូលដ្ឋាន​ភស្តុតាង​​មួយ​ដែល​អាច​ត្រូវ​បាន​ប្រើ​នៅ​ពេល​អនាគត។ ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ចំនួន​បី​រួម​មាន​ការ​បោះពុម្ព​ផ្សាយ​ ស្ថានីយ​វិទ្យុ និង ស្ថានីយ​ទូរទស្សន៍ ​នឹង​ត្រូវ​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ការ​សិក្សា។ នៅ​ថ្ងៃ​ទី​ ១៩ ខែ​កុម្ភៈ ឆ្នាំ​ ២០១៤​ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​រៀបចំ​ការ​ចែក​រំលែក​ចំណេះដឹង​​ ដើម្បី​​ការ​កសាង​សមត្ថភាព​បុគ្គលិក​គម្រោង​និង​បុគ្គលិក​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ​។ ការ​ចែក​រំលែក​ចំណេះដឹង​​នេះ​ទទួល​បាន​ការ​សម្រប​សម្រួល​ពី​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​​ និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​និង​លោក​អ៊ុយ ​សា​រ៉េត​ ប្រធាន​គ្រប់គ្រង​គម្រោង នៃ​វិទ្យាស្ថាន​បើក​ទូលាយ​។ គោល​បំណង​នៃ​ការ​ចែក​រំលែក​ចំណេះដឹង​​នេះ​គឺ​ដើម្បី​ជួយ​បុគ្គលិក​ឲ្យ​បាន​យល់​ពី​អត្ថន័យ​នៃ​អំពើ​ហិង្សា​លើ​​​ស្ត្រី (VAW) និង​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ត្រួតពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ សម្រាប់​គម្រោង​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​​ជាង​មុន។​ បន្ទាប់មក​ក្រុម​ការងារ​គម្រោង​នេះ​នឹង​កំណត់​អត្តសញ្ញាណ​តាម​លំដាប់​លំ​ដោយ​​​​នៃ​​​អត្ថបទ​អោយ​បាន​​ជាក់​លាក់​ដើម្បី​ធ្វើការ​តាមដាន​និង​រាយការណ៍​អំពី​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា​។​ ​ ​

លោក​ស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិ​នៃ​វិទ្យាស្ថាន​បើក​ទូលាយលោកស្រី​ជឹម​ ម៉ាណាវី​ នាយិកា​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​ថ្លែង​សុន្ទរកថា​ក្នុង​ការ​បើក​វគ្គ​ចែក​រំលែក​ចំណេះដឹង​នេះ​ដោយ​ការ​ថ្លែង​អំណរ​គុណ​ទៅកាន់​បុគ្គលិក​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​ដែល​ផ្ដល់​​ឱកាស​ក្នុង​កិច្ច​សហប្រតិបត្តិការ​និង​ភាព​ជា​ដៃគូ រវាង​ស្ថាប័ន​ទាំងពីរ។ ​លោកស្រី​ក៏​បាន​សម្ដែង​អំណរគុណ​ដោយ​ស្មោះ​ចំពោះ​លោក​​ស្រី Inala Fathimath និង កញ្ញា​ Yuki Loនៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​ក្នុង​កម្មវិធី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ ក្នុង​ការ​ជួយ​​សម្រួល​ដល់​ការ​ចែក​រំលែក​ចំណេះដឹង​​មាន​រយ:ពេល​កន្លះ​ថ្ងៃ​ជា​មួយ​គម្រោង​ក្នុង​ការ​ផ្ដល់​ និង​បង្កើន​សមត្ថភាព​ដល់​បុគ្គលិក​អង្គការ​វិទ្យា​ស្ថាន​បើកទូលាយ ក៏​ដូចជា​ការយល់​ដឹង​ទូលំ​ទូលាយ​​អំពី​អំពើ​ហិង្សា​លើ​ស្ត្រី​ក្នុង​​បរិបថ​ទូលំ​ទូលាយ​និង​របៀប​ក្នុង​ការ​តាម​ដាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ករណី​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ស្រី Inala Fathimath វគ្គ​បណ្តុះបណ្តាល​ការ​កសាង​សមត្ថភាព​បុគ្គលិក
​ភ្នំពេញ​​ថ្ងែ​ទី១៩ ខែកុម្ភ: ឆ្នាំ២០១៤
រូបថតដោយ:វិទ្យាស្ថានបើកទូលាយ
លោកស្រី​ Inala អ្នក​គ្រប់គ្រង​កម្មវិធី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​បាន​ធ្វើ​បទ​បង្ហាញ អំពី​និយមន័យ និង​ប្រភេទ​នៃ​អំពើ​ហិង្សា​​លើ​ស្ត្រី​និង​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង ភាព​ខុសគ្នា​របស់​វា​។ អ្នកស្រី​បាន​ផ្ដល់​ការ​ពន្យល់​ពាក្យ​គន្លឹះ​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​ ទាក់​ទង​ទៅ​នឹង​អំពើ​ហិង្សា​នេះ​និង​បាន​ផ្ដល់​ ឧទាហរណ៍​ច្បាស់​​​​លាស់​​នៃ​ប្រភេទ​និង​ធម្មជាតិ​នៃ​អំពើ​ហិង្សា​​លើ​ស្ត្រី។​​ អ្នកស្រី​បាន​បន្ត​ទៀត​ថា​ពាក្យ “អំពើ​ហិង្សា​លើ​ស្ត្រី" ដូចដែល​យើង​យល់​គឺ​ជា​ការ​រំលោភ​បំពាន​រូបកាយ​ ផ្លូវ​ភេទ ​និង/ឬ​ផ្លូវចិត្ត​ដោយ​ចេតនា​លើ​ស្ត្រី​ ដោយ​សារ​ជីវសាស្ត្រ​ភេទ​ និង​/ឬ​ តួនាទី​សង្គម​ របស់​ពួកគេ​។ មាន​អនុសញ្ញា​ ច្បាប់​ និង​ប្រកាស​ជាច្រើន​ដែល​ទាក់ទង​អំពើ​ហិង្សា​ជា​ទូទៅ​និង​ ជា​ពិសេស​ច្បាប់​នៅ​កម្ពុជា​។ ច្បាប់​និង​គោល​នយោបាយ​នៃ​ស្ថាប័ន​របស់​កម្ពុជា​ក្នុង​ការ​ការពារ សិទ្ធិ​ស្ត្រី​រួម​មាន ច្បាប់​ការងារ ( ឆ្នាំ ១៩៩៧) ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការ​ការពារ​ជន​រង​គ្រោះ​ (ឆ្នាំ​២០០៥) ច្បាប់​ឯក​ពន្ធភាព​(២០០៦ ) ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​(២០០៨)​ ក្រមរដ្ឋប្បវេណី​(​២០០៧)​ និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី​(ឆ្នាំ​២០០៦)​ ក្រមព្រហ្មទណ្ឌ​(២០១០)​និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​(២០១០)​។ គោល​នយោបាយ​ត្រូវ​បាន​សង្កេត​ឃើញ​រួមមាន​ដូចជា ​គោល​នយោបាយ​ភូមិ/ឃុំ/សង្កាត់​សុវត្ថិភាព​(២០១០ ) នារី​រតន:ទី៤​(២០១៤-២០១៨) និង​ផែនការ​សកម្មភាព​ជាតិ​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​លើក​ទីពីរ​(NAPVAW)​។

បន្ថែម​ពីលើ​លោកស្រី Inala កញ្ញា Yuki Lo ជា​​មន្ត្រី​ត្រួត​ពិនិត្យ​និង​វាយតម្លៃ នៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​បាន​ណែនាំ​ប្រភេទ​នៃ​អំពើ​ហិង្សា​ដែល​តម្រូវ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ កញ្ញា​បាន​ផ្ដល់​នូវ​ឧទាហរណ៍​ជាច្រើន​ទាក់ទង​នឹង​​លំអៀង​យេនឌ័រ​ ការ​ស្ដី​បន្ទោស​និង​ការ​បន្ទោស​បង្អាប់​ជនរងគ្រោះ​ដែល​ជា​ញឹក​ញាប់​ត្រូវ​បាន​បង្ហាញ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ នៅ​ចុង​បញ្ចប់​នៃ​ការ​ចែក​រំលែក​ចំណេះដឹង​ អ្នក​ចូល​រួម​បាន​បង្ហាញ​ការយល់​ច្បាស់​គំនិត​ទាក់ទង​ទៅ​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី។ លោកស្រី​ ម៉ាណាវី​ និង​បុគ្គលិក​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ បាន​​ថ្លែង​អំណរ​គុណ​ដល់​បុគ្គលិក​ដែល​ចូលរួម​ជា​ថ្មី​ម្ដង​ទៀត ដល់​បុគ្គលិក​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​ និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​ក្នុង​ការ​ផ្ដល់​ការ​ចែក​រំលែក​ប្រកប​ដោយ​ផ្លែផ្កា​និង​បង្ហាញ​ពី​ភាព​ជា​ដៃ​គូ​ដ៏​ល្អឥតខ្ចោះ​។

      សម្រាប់​អត្ថ​បទ​ជា​ភាសាអង់គ្លេស​សូម​ចុចត្រង់នេះ

       ឯកសារ​ភ្ជាប់ ៖

  1. បទបង្ហាញរបស់លោកស្រី អាយ ណាឡា អំពី​សេចក្ដី​ផ្ដើម​អំពីអំពើ​ហិង្សា​ទៅ​លើស្ត្រី​ 
  2. បទបង្ហាញ ​គម្រោង​​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ធ្វើ​ការ​តាមដាន​និង​ ស្រាវជ្រាវ​ដើម្បី​បញ្ឈប់​អំពី​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា​

រូប​ភាព​ទាំង​ស្រុង​នៃ ​វគ្គ​បណ្តុះបណ្តាល​ការ​កសាង​សមត្ថភាព​បុគ្គលិក
ភ្នំពេញ​ថ្ងែ​ទី​១៩ ខែ​កុម្ភ: ឆ្នាំ២០១៤
រូបថត​ដោយ​៖វិទ្យាស្ថាន​បើក​ទូលាយ

ប្រភព​ព័ត៌មាន: 
អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​