កម្ពុជា​រៀប​ចំ​ផែន​ការ​សកម្ម​ភាព​សម្រាប់​គម្រោង​បង់​ថ្លៃ​មេ​បច្ចេកវិជ្ជា​គមនាគមន៍​​និង​​ព័ត៌មាន​

   ភ្នំពេញ៖សិក្ខាសាលា​ស្ដី​ពី​ផែន​ការ​​សកម្មភាព​​បច្ចេកវិជ្ជា​​គមនាគមន៍​​និង​ព័ត៌មាន​នៃ​គម្រោង​​ផែន​ការ​មេ​បច្ចេកវិជ្ជា​គមនាគមន៍​​និង​ព័ត៌មាន​របស់​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ត្រូវ​បាន​​ប្រារព្ធ​បើក​នា​ព្រឹក​​ថ្ងៃ​ទី​១៣​​ខែ​មីនា​ឆ្នាំ​២០១៤​នៅ​សណ្ឋាគារ​ភ្នំពេញ។​
    លោក​បណ្ឌិត​កាន​​ច័ន្ទ​​មេតា​​លេខាធិការ​ក្រសួង​ប្រៃសណីយ៍​​និង​ទូរគមនាគមន៍​បាន​អញ្ជើញ​ជា​អធិបតី​​ភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​​ស្ដី​ពី​ផែន​ការ​សកម្មភាព​​បច្ចេកវិជ្ជា​​គមនាគមន៍​​និង​ព័ត៌មាន​​គម្រោង​នៃ​ផែន​ការ​មេ​បច្ចេកវិជ្ជា​​គមនាគមន៍​​និង​ព័ត៌មាន​​របស់​ព្រះរាជ​ណា​ចក្រ​កម្ពុជា​។
    លោក​បណ្ឌិត​កាន​ច័ន្ទ​មេតា​​មាន​ប្រសាសន៍​ថា​​​​ផែន​ការ

​មេ​បច្ចេកវិជ្ជា​​គមនាគមន៍​និង​ព័ត៌មាន​​របស់​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា​​ត្រូវ​បាន​កំពុង​​រៀប​ចំ​​ឡើង​​ក្នុង​គោល​បំណង​​កំណត់​​នូវ​ចក្ខុវិស័យ​និង​​ផែន​ការ​​សម្រាប់​​ការ​អភិវឌ្ឍន៍​​​វិស័យ​​បច្ចេកវិជ្ជា​​គមនាគមន៍​​និង​ព័ត៌មាន​​របស់​កម្ពុជា​​នៅ​ពេល​​អនាគត​ដែល​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣​នៃ​ផែន​ការ​យុទ្ធសាស្ត្រ​​អភិវឌ្ឍ​ជាតិ​២០១៤​.​២០១៨​​ដើម្បី​ធានា​ឲ្យ​បា​ន​នូវ​​គុណភាព​​ខ្ពស់​ដោយ​អនុ​លោម​​ទៅ​តាម​​និយាម​​អន្តរ​ជាតិ​​ដែល​ធានា​នូវ​តម្លៃ​​សមរម្យ​​និង​វិសាល​ភាព​​ទូលំទូលាយ​នៃ​សេវាកម្ម​និង​ស្រប​តាម​ផែន​ការ​មេ​សម្រាប់​វិស័យ​​បច្ចេកវិជ្ជា​​គមនាគមន៍​​និង​ព័ត៌មាន​​អាស៊ាន​​ឆ្នាំ​២០១៥​(ASEAN ICT Master Plan 2015) ។
    លោក​រដ្ឋ​លេខាធិការ​បាន​​បន្ត​ថា​ការ​បង្កើត​​ផែន​ការ​មេ​បច្ចេកវិជ្ជា​គមនាគមន៍​​និង​ព័ត៌មាន​​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​គឺ​ជា​លក្ខខណ្ឌ​ចាំ​បាច់​សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​​បច្ចេកវិជ្ជា​គមនាគមន៍​និង​ព័ត៌មាន​​នៅ​កម្ពុជា​​ហើយ​ការ​បង្កើត​ផែន​ការ​មេ​នេះ​គឺ​ផ្ដោត​​​ទៅ​លើ​ការ​កសាង​ព្រះ​រាជ​ជា​ណា​ចក្រ​កម្ពុជា​​ឲ្យ​ក្លាយ​​ទៅ​ជា​ព្រះ​រាជ​ណា​ចក្រ​មួយ​​ដែល​រុង​រឿង​និង​ងាយ​ស្រួល​រស់​នៅ​​តាម​រយៈ​​ការ​ប្រើ​ប្រាស់​បច្ចេកវិជ្ជា​​គមនាគមន៍​និង​ព័ត៌មាន​។
    ផែន​ការ​មេ​នេះ​សម្រេច​ទៅ​បាន​តាម​រយៈ​​យុទ្ធសាស្ត្រ​​សំខាន់​ៗ​៤គឺ​៖​១.បង្កើន​ធនធាន​មនុស្ស​២.​ធានា​ការ​ភ្ជាប់​បណ្ដាញ.៣​.​បង្កើន​សមត្ថភាព​និង​ទី៤​​បង្កើន​ឲ្យ​មាន​សេវា​អេឡិចត្រូនិក(e-service)ច្រើន។​ផែន​ការ​​សកម្មភាព​​សាកល្បង​​អាទិភាព​​ចំនួន​​៥​ត្រូវ​​បាន​​ជ្រើស​រើស​​ក្នុង​ចំណោម​ផែន​ការ​សកម្មភាព​​ជា​ច្រើន​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​​សម្រេច​​នូវ​​យុទ្ធសាស្ត្រ​នេះ​ដែល​​រួម​មាន​​ការ​បង្កើត​ក្របខ័ណ្ឌ​ការងារ​អភិវឌ្ឍ​​​​​​រដ្ឋាភិបាល​អេឡិចត្រូនិក
(e-Govermant)​. ការ​​ពង្រីក​និង​ការ​ធ្វើ​​ឲ្យ​ប្រសើរ​ឡើង​នូវ​ក្រុម​ការ​ងារ​ជាតិ​កម្ពុជា​​ទប់​ទល់​នឹង​​បញ្ហា​បន្ទាន់​នៃ​​កុំព្យូទ័រ​​(Cam CERT)។​ការ​បង្កើត​​ពាណិជ្ជកម្ម​​អេឡិចត្រូនិក​(e-Economy)។​​ការ​បង្កើត​បណ្ដាញ​ទេសចរណ៍​​និង​ការ​អភិវឌ្ឍន៍​​នៃ​កម្ម​វិធី​អប់​រំ​សម្រាប់​សិស្ស​និង​គ្រូ។
    នៅ​ក្នុង​​ឱកាស​​បើក​សិក្ខា​​សាលា​នេះ​​ក៏​មាន​​វត្ត​មាន​​របស់​លោក​ស្រី​BaekSooHee តំណាង  ទី​ភ្នាក់​ងារ​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​កូរ៉េ​​ប្រចាំ​នៅ​កម្ពុជា​​រួម​ជា​មួយ​អ្នក​ជំនាញ​ខាង​ព័ត៌មាន វិជ្ជា​និង​ទូរគមនាគមន៍​​ជា​ច្រើន​​រូប​បាន​ចូល​រួម​៕​​​​​​​​

ប្រភព​ព័ត៌មាន: 
ប្រភព​រស្មី​កម្ពុជា​