អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ការពារ​សិទ្ធិ​ស្ត្រី ​និង​កុមារ​នៅ​ឯ​អង្គការ​សហប្រជាជាតិ

   វិទ្យាស្ថានបើកទូលាយ៖ លោកស្រី​ ជឹម​ ម៉ា​ណាវី​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​មួយ ក្រោម​ប្រធានបទ “ឧបករណ៍​អន្តរជាតិ​ដើម្បី​ការពារ​សិទ្ធិ​ស្ត្រី” (International​ Protection of Women’s Rights)ថា ៖ អនុសញ្ញា​ស៊ីដ​(CEDAW)​គឺ​ជា​ឧបករណ៍​អន្តរជាតិ​មួយ​ធ្វើ​ឡើង​ដើម្បី​ការពារ​សិទ្ធិ​ស្ត្រី និង​កុមារ​។ លោកស្រី​ បាន​បន្ត​ថា​ ការ​រៀបចំ​របាយការណ៍​ស្រមោល​ (CEDAW Shadow Report) និង​ការ​ទៅ​ការពារ​    របាយការណ៍​នេះ ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា នៅ​ឯ​អង្គការ​សហប្រជាជាតិ​គឺ​មាន​សារ​សំខាន់​ ណាស់​ព្រោះ​វា​ជា​ឱកាស​៤​ឆ្នាំ​ម្ដង​ដើម្បី​យើង​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ដល់​ពិភពលោក​អំពី​ការ​អនុវត្ត​​អនុសញ្ញា​ស៊ីដ​នៅ​ប្រទេស​កម្ពុជា​ តើ​បាន​កំរិត​ណា​?​។

សិក្ខាសាលា​ត្រូវ​បាន​រៀប​ចំ​ឡោះង​កាល​ពី​ថ្ងៃ​ ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ ដោយ​កិច្ច​សហ​ការ​រវាងសាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ និង​វិទ្យាស្ថាន​បើកទូលាយ​​​(Open Institute ) ក្នុង​គោល​បំណង​ផ្ដល់​ចំណេះ​ដឹង​ដល់​សិស្ស​និស្សិត​ដែល​ចូលរួម​អំពី យន្តការ​អន្តរជាតិ​នៅ​អង្គការ​សហ​ប្រជាជាតិ​ ​និង ​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល​ក៏​ដូចជា​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ការពារ​សិទ្ធិ​ស្ត្រី​ និង​កុមារ​។
លោកស្រី Kasumi សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​យេនឌ័រ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ បាន​មាន​មតិ​ស្វាគមន៍​វាគ្មិន​ទាំង​អស់​ដែល​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​យន្តការ​អន្តរជាតិ​ អនុសញ្ញា​ស៊ីដ ដល់​សិស្ស និស្សិត​ក្នុង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ហើយ​ក៏​បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​​អនុសញ្ញា​ស៊ីដ​ដល់​សិស្ស ​ទាំង​អស់​។ លោក​ស្រី​សូម​អោយ​សិស្ស​និស្សិត​ត្រូវ​នាំ​គ្នា​យក​ចិត្ត​ទុក្ខ​ដាក់​ស្តាប់​ដើម្បី​បាន​ដឹង​ពី​សារៈសំខាន់​នៃ​អនុសញ្ញា​នេះ​សម្រាប់​ការ​សិក្សា​។
លោក វន វេត មន្រ្តី​សម្របសម្រួល​អនុសញ្ញា​ស៊ីដ​របស់​អង្គការ​ UN Women ​កម្ពុជា បាន​បង្ហាញ​ពី​យន្តការ​ និង​ គណៈកម្មាធិការ​នានា​របស់​អង្គការ​សហ​ប្រជាជាតិ​ រួម​ទាំង​គណៈកម្មាធិការ ​ទទួល​បន្ទុក​អនុញ្ញា​ស៊ីដ​ដល់​សិស្ស​និស្សិត​ទាំងអស់​។លោក​ក៏​បាន​បង្ហាញ​ពី​ក្រុម​ប្រឹក្សា​៣​របស់​អង្គការ​សហប្រជាជាតិ​ដូចជា​ ក្រុម​ប្រឹក្សា​សន្តិសុខ​ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ និង​ក្រុមប្រឹក្សាសេដ្ឋកិច្ច។
លោក​បាន​បន្ត​ទៀត​ថា ​ពាក់ព័ន្ធ​នឹង​ អនុសញ្ញា​ស៊ីដ​ រាជ​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​លើ​បញ្ហា​សិទ្ធិ​ស្រ្តី​និង​យេនឌ័រ​ក្នុង​ប្រទេស​កម្ពុជា​។ អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ ធ្វើ​របាយការណ៍​ដែល​យើង​បាន​ដាក់​ទៅ​ដើម្បី​អោយ​គណៈកម្មាធិការ​ស៊ីដ​អង្គការ​សហ​ប្រជាជាតិ​បាន​ដឹង​ពី​ ចំណុច​ជោគជ័យ​ ក៏​ដូចជា​ចំណុច​ប្រឈម​របស់​កម្ពុជា​ផង​ដែរ ​ពិសេស​យើង​បាន​ទទួល​នូវ​អនុសាសន៍​ជា​ ច្រើន​ដើម្បី​អនុវត្តន៍​អនុសញ្ញា​ស៊ីដ​បន្ត​ទៀត។
    លោកស្រី ជឹម  ម៉ាណាវី   បាន​បង្ហាញ​ប្អូនៗ​សិស្ស​និស្សិត​អំពី​រចនា​សម្ពន្ធ័​របស់​អង្គការ​សហ​ប្រជាជាតិ​ របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ និង​គណៈកម្មាធិការ​ការពារ​សិទ្ធិ​មនុស្សរួ​ម​មាន គណៈកម្មាធិការ​ទទួល​បន្ទុក​ស៊ីដ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ដល់​ប្អូនៗ​សិស្ស​និស្សិត​អំពី​ការ​កកើត​អង្គការ​សង្គម​ស៊ីវិល​ស៊ីដ​នៅ​ប្រទេស​កម្ពុជា​អំពី​តម្រូវ​ការ​របាយការណ៍​ស្រមោល និង​កាលបរិច្ឆេទ​ផ្ញើ​របាយការណ៍​ស្រមោល​ ទៅ​អង្គការ​សហ​ប្រជាជាតិ​។
លោកស្រី​ ជឹម ម៉ាណាវី  បាន​អោយ​ដឹង​ថា​ លោក​ស្រី​រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៣​ កន្លង​មក​បាន​ចូលរួម​ប្រជុំ​អង្គការ​សហប្រជាជាតិ​លើក​ទី​៥៦​ ស្តី​ពី​អនុសញ្ញា ​ស៊ីដ​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីល​។ ក្នុង​ឱកាស​នោះ​លោក​ស្រី​ត្រូវ​បាន​​ជ្រើសរើស​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​សម្រាប់​ ​កិច្ច​ប្រជុំ​មួយ​ដែល​ហៅ​ថា  Lunch Briefing រវាង​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ជា​មួយ​សមាជិក​គណៈកម្មាធិការ​ស៊ីដ​អង្គការ​សហ​ប្រជាជាតិ​។
លោកស្រី​បន្ត​ទៀត​ថា ក្នុង​កិច្ច​ប្រជុំ​នោះ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​បាន​លើក​ឡើង​អំពី​បញ្ហា​ដែល ​ស្រ្តី​កម្ពុជា​កំពុង​ជួប​ប្រទះ​មាន​ដូច​ជា​ អំពើ​ហិង្សា​លើ​ស្ត្រី​ ការ​បណ្ដេញ​ចេញ​ ការ​ធ្វើ​ចំណាក​ស្រុក​។ល។​ លោកស្រី​បាន​លើក​ឡើង​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ សម្រាប់​ការ​លើក​ កម្ពស់​សិទ្ធិ​ស្ត្រី​ និង សមភាព​យេនឌ័រ ​។
លោកស្រី ជឹម ម៉ាណាវី​  បន្ត​ទៀត​ថា ​ចំណុច​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​រួម​ទាំង ​សំណូមពរ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​សម្រាប់​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ និង សមភាព​យេនឌ័រ​ ត្រូវ​បាន​គណៈកម្មាធិការ​ស៊ីដ​អង្គការ​សហប្រជាជាតិយកចិត្តទុក្ខដាក់ហើយដាក់បញ្ជូល ទៅ​ក្នុង​ឯកសារ​សង្កេត​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​ស៊ីដ​អង្គការ​សហប្រជាជាតិ​ (UN CEDAW       Concluding Observation)។​
លោក ឌឿន សាវន អ្នក​គ្រប់គ្រង​គម្រោង​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស​នៅ ​កម្ពុជា​ ក៏​បាន​លើក​ឡើង​ពី​អង្គការ​របស់​លោក​បាន​ធ្វើ​សកម្មភាព​ដូចជា​ ជួយ​ស្រ្តី​រងគ្រោះ​ក្នុង​សម័យ​ខ្មែរ ក្រហម​ដែល​ត្រូវ​បាន​គេ​រំលោភ​សេពសន្ថវៈ​អង្គការ​បាន​ផ្ដល់​មេធាវី​ ក៏​ដូចជា​ការ​អប់រំ​ផ្លូវ​ចិត្ត​ដល់​ពួក​គាត់​ផង​  ដែរ​។ លោក​បន្ត​ថា​ មាន​ស្រ្តី​មិន​តិច​ទេ​ដែល​ត្រូវ​បាន​គេ​រំលោភ​សេពសន្ថវៈ​ក្នុង​សម័យ​នោះ​ ក្រោយ​ពី គម្រោង​ចាប់​ផ្តើម​បាន​ទទួល​ពាក្យ​បណ្តឹង​ច្រើន​ ហើយ​អង្គការ​សង្គម​ស៊ីវិល​បាន​ដាក់​ចេញ​នូវ​របាយករណ៏ ​ទៅ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​បាន​ដឹង និង​ដាក់​ជា​របៀបវារៈ​ក្នុង​អង្គ​ប្រជុំ​ផង​ដែរ​។
ក្រោយ​ពី​បញ្ចប់​ការ​ធ្វើ​បទ​បង្ហាញ​ វាគ្មិន​បាន​ផ្តល់​ឱកាស​ដល់​សិស្ស​និស្សិត​ដែល​មាន​ចម្ងល់​សួរ សំណួរ​ទៅ​វាគ្មិន​ទាំងអស់​។ក្នុង​នោះ​មាន​និស្សិត​​បាន​សួរ​ថា​តើ​សកម្មភាព​បែប​ណា​ដែល​រំលោភ​បំពាន​ទៅ​លើ​ស្រ្តី​ ក្នុង​សម័យ​ខ្មែរ​ក្រហម​? ហើយ​ថា​សំណង​ដល់​ស្រ្តី​ខ្មែរ​ដែល​រងគ្រោះ​ដោយ​របៀប​ណា​?
លោក វន វេត  បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​និស្សិត​ថា​ ទាក់​ទង​នឹង​អំពើ​ហិង្សា​លើ​ស្រ្តី​វា​ជា​ បញ្ហា​រួម​សម្រាប់​សង្គម​ទាំងមូល​ រាជ​រដ្ឋាភិបាល​ក៏​​បាន​បង្កើត​ច្បាប់​ស្តីពី​កា​រ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​និង​កិច្ច​ការពារ​ជន​រងគ្រោះ​ហើយ​យើង​ក៏​បាន​អនុវត្តន៍​ច្បាប់​នោះ​ហើយ​ដែរ​ក្នុង​ពេល​បច្ចុប្បន្ន។​ចំណែក​រឿង​រំលោភ​សេពសន្ថវៈ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ លោក​ទទួល​ស្គាល់​វា​ពិត​ជា​កើត​មាន​មែន​។​​​​ លោក​ ឌឿន សាវន​ លើក​ឡើង​ផង​ដែរ​ថា​អ្នក​ដែល​រំលោភ​សេពសន្ថវៈ​លើ​ស្រ្តី​ក្នុង​សម័យ​ខ្មែរ​ក្រហម​ភាគ​ច្រើន​គឺ​ជា ​អ្នក​ដែល​មាន​អំណាច​លើ​ក្រុម​ស្រ្តី​ទាំង​នោះ​ដូច​ជា​មេ​កង​ជា​ដើម​។ហើយ​ស្រ្តី​ដែល​ត្រូវ​បាន​គេ​រំលោភ​សន្ថវៈ​គឺ​ស្រ្តី​ដែល​ជាប់​នៅ​ក្នុង​ឃុំ​ ស្រ្តី​ដែល​គេ​យក​ទៅ​សម្លាប់​ ស្រ្តី​ទាំ​ង​អស់​នោះ​ត្រូវ​បាន​គេ​ចាប់​រំលោភ​រួច ​សម្លាប់​ចោល​មាន​ទាំង​រំលោភ​បូក​ទៀត​ផង​។ពាក់ពន្ធ័​ទៅ​នឹង​សំណង​វិញ ប្រសិន​បើ​សាលា​ក្តី​ខ្មែរ​ក្រហម​យក​រឿង​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ស្រ្តី​ ក្នុង​សម័យ​ខ្មែរ​ក្រហម​ទៅ​ដោះ​ស្រាយ​ក្នុង​សាលាក្តី​ សំណង​ដែល​បាន​ជា​សំណង​សមូហភាព​។ ​ចំពោះ​ ​រដ្ឋ​ក៏​ត្រូវ​សង​ជា​សំណង​ផ្លូវ​ចិត្ត​ដល់​ស្រ្តី​រង​គ្រោះ​ផង​ដែរ។​
លោក​ស្រី ជឹម ម៉ាណាវី ​មាន​ប្រសាន៏​ថា ​យើង​គួរ​លើក​ទឹក​ចិត្ត​ក្នុង​ការ​សង​សំណង​ដល់​ជន​រងគ្រោះ​ ដោយ​យុវជន​ទាំ​ងអស់​ក៏​អាច​ចូល​រួម​បាន​ដែរ ​ដោយ​យើងទាំង​អស់​គ្នា​ត្រូវ​រួម​គ្នា​ប្រកាន់​ឥរិយាបទ​មិន​រើស​អើង​ទៅ​លើ​ស្រ្តី​ដែល​ត្រូវ​បាន​គេ​ចាប់​រំលោភ​ក្នុ​ង សម័យ​ខ្មែរ​ក្រហម​ ពី​ព្រោះ​ពួក​គាត់​ជា​ជន​រងគ្រោះ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់​ការពារ​។
និស្សិត​ឈ្មោះ​សុខ មាន ​ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​សួរ​ថា​ ​"យើង​បាន​លើក​ឡើង​ពី​ការ​សង​សំណង​ដល់​ស្រ្តី​ដែល​រង​គ្រោះ​ដោយ​ ការ​ចាប់​រំលោភ​ក្នុង​សម័យ​ខ្មែរ​ក្រហម តែ​រឿង​នេះ​បាន​កើត​ឡើង​យូរ​មក​ហើយ​ តើ​ការ​ផ្ដល់​សំណង​នោះ​វា​ មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​គាត់​?    តើ​មាន​ស្រ្តី​ប៉ុន្មាន​នាក់​ដែល​ហ៊ាន​ប្ដឹង​ថា​គាត់​ត្រូវ​បាន​គេ​ចាប់​រំលោភ​ក្នុង​សម័យ​ខ្មែរក្រហម​? ​
លោក​ ឌឿន​ សាវន បាន​ឆ្លើយ​តប​វិញ​ថា​ ថ្វី​ត្បិត​តែ​រឿង​នេះ​វា​កើត​ឡើង​យូរ​មែន​ តែ​បើ​ស្ត្រី​រង​គ្រោះ​និយាយ​រឿង​នេះ​ប្រាប់​ក្រុម​គ្រួសារ​គាត់​ កូន​ៗ​នឹង​បាន​ដឹង​ពី​ទុក្ខ​លំបាក​របស់​ម្ដាយ​ ហើយ​ ស្វែង​យល់​ពី​ម្ដាយ​ ពិសេស​បញ្ឈប់​ការ​រើស​អើង​ទៅ​លើ​ស្ត្រី​ក្នុង​សង្គម​ដែល​ត្រូវ​បាន​គេ​រំលោភ​ដូច​គ្នា​។​ លើស ពី​នេះ​ទៅ​ទៀត​ឲ្យ​សង្គម​បាន​ដឹង​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី​រួម​គ្នា​បញ្ឈប់​ការ​រើស​អើង​ និង​ប្រើ​អំពើ​ហិង្សា​លើ​ ស្ត្រី​។ សម្រាប់​រដ្ឋាភិបាល​ ​និង​ សាលា​ក្ដី​ខ្មែរ​ក្រហម​ក៏​បាន​ចង​ក្រង​ជា​ឯកសារ​ទុក​សម្រាប់​អោយ​អ្នក​ជំនាន់ ​ក្រោយ​បាន​ដឹង​។ មុន​ដំបូង​មាន​ស្រ្តី​៤​នាក់​ឡើង​បង្ហាញ​ជា​សាធារណៈ​យើង​ទទួល​ស្គាល់​ថា​ វា​ជា​រឿង​ដែល​ លំបាក​សម្រាប់​ស្រ្តី​ប្រាប់​ពី​រឿង​ឈឺ​ចាប់​របស់​គាត់​អោយ​គេ​ដឹង​ តែ​ក្រោយ​ៗ​មក​មាន​ស្ត្រី​ជា​បន្តបន្ទាប់​ដែល ​មាន​ភាព​ក្លាហាន​បង្ហាញ​អោយ​យើង​បាន​ដឹង​។
ជា​ចុង​បញ្ចប់​លោក​ស្រី​ Kasumi បាន​ថ្លែង​អំណរ​គុណ​ចំពោះ​វាគ្មិន​ទាំង​៣​រូប​ រួម​ទាំង​និស្សិត​ ទាំង​អស់​ដែល​បាន​ចំណាយ​វេលា​ដ៏​មានតម្លៃ​ដើម្បី​ស្វែង​យល់​ពី​អនុសញ្ញា​ស៊ីដ​ រួម​ជា​មួយ​បទ​ពិសោធន៍​ របស់​វាគ្មិន​ដែល​បាន​ចូល​រួម​ប្រជុំ​ជា​មួយ​គណៈកម្មាធិការ​ស៊ីដ​របស់​អង្គការ​សហ​ប្រជាជាតិ​ មក​ចែករំលែក និស្សិត​ទាំងអស់់​។
សិក្ខា​សាលា​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ និស្សិត​ដែល​បាន​ចូលរួម​ទទួល​បាន​ការ​យល់​ដឹង​អំពី ​ឧបករណ៍​អន្តរជាតិ​ សិទ្ធិ​ស្រ្តី​ តួនាទី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ការពារ​សិទ្ធិ​ស្ត្រី​ និង​សមភាព​យេនឌ័រ​នៅ ប្រទេស​កម្ពុជា​។
សិក្ខាសាលា​មាន​ការ​ចូល​រួម​ពី​សំណាក់​និស្សិត​​ ចំនួន​១៥០នាក់​នៃ​សាកល​វិទ្យាល័យ​​បញ្ញា​សាស្ត្រ និង​សាកល​វិទ្យាល័យ​ផ្សេង​ៗ​ទៀត​...។
សូម​ចូល​អាន UN Concluding Observation  ជា​ភាសា​ខ្មែរ​  និង ភាសា​អង់គ្លេស​

សូម​ចូល​អាន​អត្ថ​បទ​ពាក់​ព័ន្ធចុចនៅទីនេះ