រឿង​រ៉ាវ​របស់​ក្មេង​ស្រី​ដែល​ទី​បំផុត​បាន​តែ​ត្រឹម​ពាក្យ​ថា "ខ្ញុំទុក​ចិត្ត​គាត់​ខុស"

កុមារី សុភា (ជា​ឈ្មោះ​ថ្មី មិន​មែន​ជា​ឈ្មោះ​ពិត​ទេ) មាន​អាយុ ១៥ ឆ្នាំ​ប៉ុណ្ណោះ ។ នាង​គឺ​ជា​កុមារ​ដែល​ទើប​នឹង​មក​ដល់​ថ្មី នៅ​ក្នុង​មណ្ឌល​ខេត្ត​បាត់​ដំបង ជា​មណ្ឌល​ស្នាក់​នៅ ដែល​ទទួល​ការ​ឧបត្ថម្ភ​ពី អង្គការ​ទស្សនៈ​ពិភព​លោក សម្រាប់​កុមារី​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ។ រាល់​ពេល​នាង​និយាយ​ប្រាប់​ពី​រឿង​រ៉ាវ​ដែល​កើត​ឡើង​លើ​នាង រឿង​ទាំង​នោះ​មាន​លក្ខណៈ​ខុស​គ្នា បន្តិច​បន្តួច​ក្បែរ​ៗ​នឹង​រឿង​រ៉ាវ​ពិត​របស់​គាត់ ។

វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ សម្រាប់​ជន​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ក្នុង​ការ​ទទួល​ស្គាល់​នូវ​សេចក្ដី​ល្ងង់​ខ្លៅ​ដែល​គេ​ធ្លាប់​មាន និង​ភាព​ងាយ​ស្រួល​បែប​ណា ដែល​ពួក​គេ​ត្រូវ​បាន​បោក​បញ្ឆោត​នៅ​តាម​ផ្លូវ ។

នៅ​ពេល​ដែល​នាង បាន​ជួប​ជា​មួយ​អ្នក​ជួញ​ដូរ​មនុស្ស រូប​នាង​មាន​វ័យ​១៤ ឆ្នាំ​ នាង​ទើប​តែ​ត្រឡប់​មក​ពី​ប្រទេស​ថៃ បន្ទាប់​ពី​ចាក​ចេញ​អស់​រយៈ​ពេល​ជាង​៣ ឆ្នាំ បូក​រួម​ទាំង​រយៈ​ពេល​១​ឆ្នាំ ដែល​នាង​បាន​ចេញ​ពី​ក្រុម​គ្រួសារ ទៅ​បម្រើ​ការងារ​តាម​ផ្ទះ ឲ្យ​គ្រួសារ​អ្នក​មាន​នៅ​ទី​ក្រុង​បាងកក ។ ជា​មួយ​ការ​ធ្វើ​ដំណើរ និង​ការងារ​ទាំង​អស់ ដែល​នាង​បាន​ធ្វើ​កន្លង​មក នាង​ប្រាកដ​ជា​គិត​ក្នុង​ចិត្ត​ថា នាង​ជា​មនុស្ស​ពេញ​វ័យ​ហើយ ។ នាង​បាន​និយាយ​ថា «ពេល​ខ្លះ ខ្ញុំ​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ឯ​ទី​រួម​ខេត្ត ។ ថ្ងៃ​មួយ​មាន​ស្ត្រី​ម្នាក់ បាន​មក​ច្រៀង​នៅ​កន្លែង​នោះ​ដែរ ហើយ​គាត់​ក៏​បាន​និយាយ​រក​ខ្ញុំ ។ គាត់​សួរ​ប្រសិន​បើ​ខ្ញុំ​កំពុង​ស្វែង​រក​ការងារ​ធ្វើ គាត់​ថា​នឹង​មាន​ការងារ​មួយ នៅ​ទី​រួម​ខេត្ត​សៀម​រាប ដែល​ឲ្យ​ប្រាក់​ខែ ៣.០០០បាត ក្នុង​មួយ​ខែ ។ ម្ដាយ​របស់​ខ្ញុំ បាន​និយាយ​ថា ស្រេច​តែ​ខ្ញុំ​ទេ ។ ដូច្នេះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ» ។

តើ​សុភា​ពិត​ជា​ចូល​ចិត្ត ស្ត្រី​ដែល​បាន​ផ្ដល់​សន្យា​ឲ្យ​គាត់​ នូវ​ការ​ចាប់​ផ្ដើម នៃ​ជីវិត​ដ៏​ល្អ​បែប​នេះ ​ឬ ? សំណួរ​នេះ ធ្វើ​ឲ្យ​សុភា​មាន​ភាព​ច្របូក​ច្របល់ នាង​ដាក់​មុខ​ចុះ សម្លឹង​មើល​ដៃ​ដែល​បាន​លាប​ពណ៌​យ៉ាង​ភ្លឺ​ចិញ្ចាច​ចិញ្ចែង ។ ទី​បំផុត នាង​ក៏​ពន្យល់​ប្រាប់​ថា នាង​ចូល​ចិត្ត​ស្ត្រី​នោះ ខ្លាំង​ណាស់ ។ ស្ត្រី​នោះ មិន​មែន​ជា​មនុស្ស​ប្លែក​មុខ​ទេ គាត់​គឺ​ជា​ម្ដាយ​សង្សារ​របស់​នាង ។

សុភា បាន​រៀប​រាប់​ប្រាប់​ទៀត​ថា «ស្ត្រី​នោះ​មិន​បាន​នាំ​ខ្ញុំ​ទៅ ខេត្ត​សៀម​រៀប​ទេ តែ​បែរ​ជា​នាំ​ខ្ញុំ​ទៅ​ផ្ទះ​សំណាក់​មួយ ក្នុង​ខេត្ត​ឧត្តរមានជ័យ​ក្បែរ ព្រំ​ប្រទល់​ប្រទេស​ថៃ ។ ក្រោយ​មក ស្ត្រី​នោះ​បាន​ប្រាប់​ខ្ញុំ​ថា ប្រសិន​បើ​ចង់​ទៅ​ខេត្ត​សៀមរាប ខ្ញុំ​ត្រូវ​តែ​គេង​ជា​មួយ​អ្នក​បើក​ឡាន ជា​ថ្លៃ​ដោះ​ដូរ ។ បុរស​រូប​នោះ បាន​ចូល​មក​បន្ទប់​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ចំណាយ​លុយ​ចំនួន ៥០០​បាត​ហើយ ដើម្បី​គេង​
ជាមួយ​ខ្ញុំ ។ ដល់​ពេល​យប់​ជ្រៅ ក៏​ស្រាប់​តែ​មាន​បុរស​ម្នាក់​ទៀត​ចូល​បន្ទប់​របស់​ខ្ញុំ ។

ថ្ងៃ​បន្ទាប់​មក ពួក​គេ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​បាត់​ដំបង ហើយ​ស្នាក់​នៅ​រយៈ​ពេល​បី​យប់ នៅ​ទី​នោះ ។ លើក​នេះ មាន​មនុស្ស​ប្រុស​កាន់​តែ​ច្រើន មក​គេង​ជា​មួយ​សុភា តែ​មិន​បាន​បង់​ប្រាក់​ដល់​នាង​ទេ ។ សុភា​និយាយ​ថា «ខ្ញុំ​ចង់​រត់ ប៉ុន្តែ​ខ្ញុំ​គ្មាន​អ្វី​ជាប់​ខ្លួន​សោះ ម្យ៉ាង​គ្រួសារ​ខ្ញុំ​ក៏​នៅ​ឆ្ងាយ​ពី​ទី​នោះ ។ ដោយ​ភាព​ភ័យ​ខ្លាច សុភា​ក៏​បង្ខំ​ចិត្ត​ធ្វើ​អ្វី តាម​ការ​បញ្ជា​របស់​គេ ។

នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​កាន់​ព្រំ​ប្រទល់​ប្រទេស​ថៃ ម្តង​ទៀត សុភា​ក៏​ដាច់​ចិត្ត​ហើប​មាត់​និយាយ​ទៅ​កាន់​ស្ត្រី​នោះ ជា​លើក​ដំបូង ពី​ការ​ដែល​គាត់​បាន​ធ្វើ​ដាក់​នាង ។ ស្ត្រី​ជា​អ្នក​ជួញ​ដូរ​នោះ ក៏​ផ្ដល់​ការ​ធានា​ដល់​នាង ហើយ​អះអាង​ថា គាត់​នឹង​ចាត់​ចែង​ពិធី​រៀប​មង្គល​ការ រវាង​សុភា និង​កូន​ប្រុស​របស់​គាត់​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ ។ ក្រោយ​មក សុភា ត្រូវ​បាន​ទុក​ចោល​ក្នុង​កណ្ដាប់​ដៃ​មេ​បន ហើយ​ឲ្យ​រង​ចាំ​មួយ​ខែ​នៅ​ទី​នោះ ។

សុភា បាន​ប្រាប់​ឲ្យ​ដឹង​ថា «ជីវិត​នៅ​ទី​នោះ គឺ​ពិបាក​ទ្រាំ​ខ្លាំង​ណាស់ ។ ប្រុស​ៗ​ចូល​ចិត្ត​តែ​នារី​ក្មេង​ៗ ហើយ​ខ្ញុំ​ជា​នារី​ដែល​ក្មេង​ជាង​គេ​បំផុត នៅ​ទី​នោះ ។ ខ្ញុំ​មាន​អតិថិជន​គ្រប់​ប្រភេទ មាន​ទាំង​ជន​ជាតិ​ខ្មែរ និង​ជន​ជាតិ​ថៃ ខ្ញុំ​ស្អប់​គេ​ទាំង​អស់​នោះ​ណាស់ ។ អាក្រក់​ជាង​គេ​បំផុត គឺ​ការ​វាយ​ដំ​ច្រំ​ធាក់ នៅ​ពេល​ដែល​ខ្ញុំ​បដិសេធ​នឹង​ពួក​គេ ។ ពួក​គេ​ឲ្យ​ថ្នាំ​ខ្ញុំ​ញៀន​មក​ខ្ញុំ​ហើយ ទើប​ប្រាប់​ខ្ញុំ​ជា​ក្រោយ​ថា ប្រាក់​ខែ​ខ្ញុំ​ត្រូវ​កាត់​ដើម្បី​ទូទាត់​ថ្លៃ​ថ្នាំ​ញៀន​ទាំង​អស់​នោះ​ហើយ ។ ក្រៅ​ពី​ថ្នាំ​ញៀន ខ្ញុំ​មិន​ដែល​បាន​ទទួល​លុយ ពី​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​នោះ​ទេ» ។

សុភា បាន​ក្រោក​ពី​ភាព​រំលោភ​បំពាន​នេះ បន្ទាប់​ពី​នាង​បាន​ភ្ញាក់​ខ្លួន​ថា នាង​បាន​រង់​ចាំ​ការ​ជួយ​សង្គ្រោះ​ពី​ម្ដាយ​មិត្ត​ប្រុស​នាង អស់​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ ។ នាង​បាន​ត្រៀម​ខ្លួន​រត់​គេច​យូរ​ល្មម​ហើយ ទើប​នាង​លួច​ទូរស័ព្ទ​ចេញ​ទៅ​យាយ​របស់​នាង ដែល​ជា​អ្នក​ទូរស័ព្ទ​ប្ដឹង​ទៅ​ប៉ូលិស ។
មណ្ឌល​ស្នាក់​នៅ គឺ​ជា​កន្លែង​ដំបូង​បំផុត ដែល​ធ្វើ​ឲ្យ​សុភា​មាន​អារម្មណ៍​សុវត្ថិភាព ។ នាង​និយាយ​ថា «នៅ​ទី​នេះ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់ ។ ខ្ញុំ​មាន​សុវត្ថិភាព គ្មាន​នរណា​ធ្វើ​បាប​ខ្ញុំ​ទេ ។ ខ្ញុំ​អាច​រៀន​អាន​បាន និង​សរសេរ​អក្សរ​បាន​ត្រឹម​ត្រូវ សម្រាប់​ការ​រៀន​ជា​លើក​ដំបូង​របស់​ខ្ញុំ» ។

កុមារី​ដទៃ​ៗ​ទៀត ដែល​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ស្រដៀង​គ្នា បាន​បង្ហាញ​ភាព​រាក់​ទាក់​ចំពោះ​សុភា ហើយ​សុភា បាន​ចាប់​ផ្ដើម​​រៀន​ជឿ​ទឹក​ចិត្ត​ទៅ​លើ​មនុស្ស ដែល​នៅ​ជុំវិញ​នាង ។ បុគ្គលិក​នៅ​មណ្ឌល​នោះ​បាន​និយាយ​ថា សុភា​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ដើម្បី​បំភ្លេច​ពី​ជីវិត​អតីតកាល រួម​ទាំង​ការ​សេព​គ្រឿង​ញៀន​ផង​ដែរ ។ ទាំង​អស់​នេះ ជួយ​ឲ្យ​គាត់​រំងាប់​ចិត្ត​បាន​ឆាប់​រហ័ស បាន​រាប់​អាន​មិត្តភ័ក្ដិ​ថ្មី និង​រៀប​ចំ​ផែន​ការ​អនាគត​របស់​នាង​។ សុភា​និយាយ​ថា «កិច្ចការ​ទី​១ ដែល​ខ្ញុំ​នឹង​ធ្វើ​នៅ​ពេល​ចាក​ចេញ​ពី​ទី​នេះ គឺ​ស្វែង​រក​ម្ដាយ និង​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ ។ ខ្ញុំ​នឹក​ពួក​គេ​ណាស់ ។ ខ្ញុំ​ចង់​រៀន​ពី​វិជ្ជា​អ៊ុត​សក់ និង​កែ​សម្ផស្ស ពី​ព្រោះ​ខ្ញុំ​គិត​ថា ខ្ញុំ​អាច​រក​លុយ​ពី​វា​បាន​ច្រើន នៅ​ពេល​ដែល​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ» ។

នៅ​ឆ្ងាយ​ពី​ស្ថាន​ភាព​អាក្រក់​នោះ សុភា​អាច​មើល​ឃើញ​កាន់​តែ​ច្បាស់ ពី​របៀប​ដែល​បាន​គេ​បោក​កញ្ឆោត នឹង​ពី​មនុស្ស​ប៉ុន្មាន​នាក់ នៅ​តាម​ផ្លូវ​ដែល​អាច​ដឹង​ពី​ការ​ដែល​នាង​ត្រូវ​បាន​គេ​ធ្វើ​បាប រួម​ទាំង​ម្ចាស់​ផ្ទះ​សំណាក់​ដែល​នាង​ត្រូវ​បាន​គេ​រំលោភ ។ នាង​គិត​ថា ប្រហែល​ជា​មិន​មែន​ជា​លើក​ដំបូង​ទេ ដែល​ស្ត្រី​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​រូប​នាង បាន​ប្រើ​ប្រាស់​វិធី​បែប​នេះ​ទៅ​លើ​កុមារ​រង​គ្រោះ ។

សុភា បាន​ផ្តល់​ដំបូន្មាន​ដល់​ស្ត្រី ដែល​ជា​ជន​ជាតិ​ខ្មែរ​ថា «សូម​កុំ​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ឧបាយ​បែប​នេះ ហើយ​កុំ​ជឿ​ទុក​ចិត្ត​លើ​មនុស្ស ដែល​អ្នក​មិន​ស្គាល់​ច្បាស់» ។ ប៉ុន្តែ​សុភា​បដិសេធ​មិន​បញ្ឈប់​ការ​ជឿ​ជាក់​បន្តិច​បន្តួច​ចុង​ក្រោយ ដែល​នាង​មាន​នោះ​ទេ ។ នាង​បាន​និយាយ ដោយ​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា «គូរ​ដណ្ដឹង​របស់​ខ្ញុំ គាត់​មិន​ដឹង​ពី​រឿង​នេះ​ទេ មិន​អ៊ី​ចឹង គាត់​នឹង​មក​ទទួល​ខ្ញុំ​ទៅ​ផ្ទះ​វិញ​មិន​ខាន» ។
កុមារ​ជា​ច្រើន​ដូច​សុភា នឹង​មិន​ទទួល​រង​គ្រោះ ដោយ​សារ​ការ​កុហក និង​ល្បិច​ឆ​បោក​របស់​អ្នក​​ជួញ​ដូរ​ផ្លូវ​ភេទ​នោះ​ទេ លុះ​ត្រា​តែ​មាន​ការ​ការពារ​គ្រប់​គ្រាន់​ផ្ដល់​ដល់​ពួក​គេ ។ រឿង​រ៉ាវ​របស់​ពួក​គេ គឺ​ជា​ផ្នែក​មួយ​នៃ​ដំណោះ​ស្រាយ ដែល​ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធន៍​អាក្រក់​របស់​ពួក​គេ និង​បង្ហាញ​ពី​ចន្លោះ​ប្រហោង​ផ្នែក​ច្បាប់ និង​សហគមន៍ ដែល​អនុញ្ញាត​ឲ្យ​ការ​ជួញ​ដូរ​កើត​ឡើង ។

ក្រោម​កិច្ច​ព្រមព្រៀង​ស្ដី​ពី​សេចក្ដី​ប្រកាស​រួម​ថ្នាក់​រដ្ឋ​មន្ត្រី នៃ​បណ្ដា​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​លើ​គំនិត​ផ្ដួច​ផ្ដើម​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស (COMMIT) នា​ឆ្នាំ​ ២០០៤ រដ្ឋាភិបាល​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​យល់​ព្រម​អនុវត្ត និង​ត្រួត​ពិនិត្យ​ទៅ​លើ​ច្បាប់​គោលការណ៍ និង​កម្មវិធី​ផ្សេង​ៗ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស ។ ដើម្បី​បំពេញ​តាម​ការ​សន្យា​នេះ រដ្ឋាភិបាល​ទាំង​អស់ ត្រូវ​តែ​ចាត់​ទុក​ថា អំពើ​ជួញ​ដូរ​មនុស្ស​គ្រប់​ទម្រង់​​ទាំង​អស់ គឺ​ជា​បទ​ល្មើស​ដ៏​ធ្ងន់ធ្ងរ ថែម​ទាំង​ត្រូវ​រក​វិធី​សាស្ត្រ​រួម​ណា​មួយ ដើម្បី​បញ្ឈប់​អំពើ​ជួញ​ដូរ​នេះ​នៅ​គ្រប់​ឧស្សាហកម្ម ។

ជា​ឧទាហរណ៍ ដូច​ជា​ការ​ផ្ដល់​ឱកាស​រក​ការ​ទទួល​ទាន​ចិញ្ចឹម​ជីវិត និង​គុណភាព​នៃ​ការ​អប់​រំ​នៅ​តាម​តំបន់​ដាច់​ស្រយាល ឬ​តាម​តំបន់ ដែល​មាន​ប្រជា​ជន​ក្រី​ក្រ​ច្រើន អាច​ជួយ​កាត់​បន្ថយ​កុមារ​ដែល​មាន​ទំនង​ជា​អាច​ធ្លាក់​ទៅ​ក្នុង​ឧបាយ​របស់​អ្នក​ជួញ​ដូរ​មនុស្ស ។ ផ្ទុញ​ទៅ​វិញ កង្វះ​ខាត​នៃ​វិស័យ​អប់​រំ និង​លើក​ជំនាញ​ផ្នែក​បច្ចេកទេស បង្កើត​ភាព​ងាយ​រង​គ្រោះ​របស់​សហគមន៍​ក្រី​ក្រ ទៅ​ក្នុង​ការ​ជួញ​ដូរ រាប់​ទាំង​ឱកាស​ដែល​ក្រុម​គ្រួសារ​អាច​នឹង​លក់ កូន​របស់​ខ្លួន​ទៅ​ឱ្យ​ឈ្មួញ​ជួញ​ដូរ​មនុស្ស ។ កិច្ច​ប្រជុំ​កំពូល ស្ដី​ពី​ការ​សេចក្ដី​ប្រកាស​រួម​ថ្នាក់​រដ្ឋមន្ត្រី នៃ​បណ្ដា​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ លើ​គំនិត​ផ្ដួច​ផ្ដើម​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស (COMMIT) នៅ​ទីក្រុង​ប៉េកាំង​នៅ​ខែ​ធ្នូ​នេះ ផ្ដល់​ដល់​រដ្ឋាភិបាល នៃ​បណ្ដា​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ នូវ​ឱកាស​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន នៃ​ការ​ឆ្លើយ​តប​ចំពោះ​ការ​ជួញ​ដូរ​មនុស្ស ។ តើ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយ​ៗ បាន​ធ្វើ​ការ​គ្រប់​គ្រាន់​ហើយ​ឬ​នៅ ?សម្រាប់​កុមារ​ដូច​ជា​សុភា វា​ហាក់​ដូច​ជា​បង្ហាញ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នោះ មិន​បាន​ធ្វើ​ការ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ។