ឆា​ម្រះ​សាច់​កង្កែប

គ្រឿង​ផ្សំ

សាច់​កង្កែប​ ៥០០​ ក្រាម, ម្រះ​ ១​ ផ្លែ, ដើម​ខ្ទឹម​ ២​ ដើម, មើម​ខ្ទឹម​ស​ ៣​ កំពឹស, អំបិល​ ១​ ស្លាបព្រាកាហ្វេ, ម្រេច​ម៉ដ្ឋ​ កន្លះ​ស្លាប​ព្រា​កាហ្វេ, ម្សៅ​ឆា​ ២​ ស្លាប​ព្រា​បាយ, ស្រា​ ១​ ស្លាប​ព្រា​កាហ្វេ, ប្រេង​ល្ង​កន្លះ​ស្លាប​ព្រា​កាហ្វេ​ និង​ម្សៅ​ស៊ុប​ខ្នរ​ ១​ ស្លាប​ព្រា​កាហ្វេ។

វិធី​ធ្វើ

១- ពុះ​ផ្លែ​ម្រះ​ជា​ពីរ​ ដោយ​ខ្វេះ​ស្នូល​ និង​គ្រាប់​ចេញ​ រួច​ហើយ​មួយ​​ចំហៀង​ត្រូវ​ច្រៀក​ជា​៣​ ចម្រៀក​ និង​ហាន់​ជា​បន្ទះ​ចំណិត​ស្ដើងៗ​ ទើប​យក​ទៅ​ស្រុស​និង​ទឹក​ក្ដៅ​ និង​ លាង​ទឹក​ត្រជាក់​ជា​ចុង​ក្រោយ​ទុក​ប្រើ​ការ។
២- លាង​កង្កែប​ឲ្យ​ស្អាត​ រួច​កាប់​ជា​ដុំ​ធំៗ​ បន្ទាប់​មក​ត្រូវ​ប្រឡាក់​ជា​មួយ​និង​អំបិល​កន្លះ​ស្លាប​ព្រា​កាហ្វេ, ម្រេច​ម៉ដ្ឋ, ម្សៅ​ឆា​ ផ្អាប់​ទុក​មួយ​សន្ទុះ​ទុក​ប្រើ​ការ​។ រីឯ​មើម​ខ្ទឹម​ស​​ត្រូវ​ដំ​ឲ្យ​ម៉ដ្ឋ​ និង​ ហាន់​ដើម​ខ្ទឹម​ជា​កង់ៗ​ទុក​ប្រើ​ការ។
៣- ដាក់​ខ្លាញ់​ ឬ​ ប្រេង​ឆា​សម្រាប់​បំពង​សាច់​កង្កែប​ ពេល​ឆ្អិន​ស្រួល​បួល​ត្រូវ​ដួស​ចេញ។
៤- ក្នុង​ខ្ទះ​ត្រូវ​ទុក​ខ្លាញ់​ ឬ​ ប្រេង​ឆា​ប្រហែល​ជា​មួយ​ស្លាបព្រាបាយ​ រង់​ចាំ​ខ្ទះ​ក្ដៅ​ហុយ​ផ្សែង​ចាក់​ខ្ទឹម​ស​ និង​ ដើម្បី​ខ្ទឹម​ចូល​ឆា​យក​ក្លិន​ឈ្ងុយ​ ទើប​ចាក់​សាច់​កង្កែប​ចូល​ឆា​​ត្រឡប់​ចុះ​ឡើង​ ចាក់​ស្រា​ និង​ម្រះ​ចូល​ឆា​ហើយ​បង់​អំបិល​ ស្ករ​ ម្សៅ​ស៊ុប​ និង​ចុង​ក្រោយ​ស្រោច​ប្រេង​ល្ង​ និង​ដួស​ដាក់​ចាន​មក​ទទួល​បាន៕