​ក្លិប​អ្នកកាសែត​កម្ពុជា​ភ្ជាប់​សេវា​អ៊ី​ន​ធើរ​ណេ​ត​សម្រាប់​អ្នកសារព័ត៌មាន​

​    ភ្នំពេញ: ក្លិប​អ្នកកាសែត​កម្ពុជា បានរៀបចំ​ពិធី​ប្រកាស​បន្ត​កិច្ច​គាំទ្រ​របស់​សហភាព​អឺរ៉ុប ដល់​ការភ្ជាប់​សេវា​អ៊ី​ន​ធើរ​ណេ​ត សម្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។ 

​   នៅ​ព្រឹក​ថ្ងៃទី​២៧ មករា ២០១៦ នេះ​សហភាព​អឺរ៉ុប (EU) និង​ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) បន្ត​កិច្ច​គាំទ្រ​ចំពោះ​អ៊ី​ន​ធើរ​ណេ​ត​កាហ្វេ EU-CCJ នេះ រួមមាន​ការផ្តល់ជូន​នូវ​សម្ភារៈ​មួយចំនួន (​ដូចជា​ម៉ាស៊ីន​កុំព្យូទ័រ​ម៉ាស៊ីន​បោះ​ពុ​ម្ភ​) ព្រមទាំង​ការបង្កើន​ល្បឿន នៃ​ការតភ្ជាប់​បណ្តាញ​អ៊ី​ន​ធើរ​ណេ​ត​ផងដែរ​។​

​   លោក George EDGAR ឯកអគ្គរដ្ឋទូត EU ប្រចាំ​កម្ពុជា​ថ្លែង​បញ្ជាក់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាជន​កម្ពុជា​ទូទៅ និង​ជាពិសេស​ចំពោះ​អ្នកតាក់តែង​គោលនយោបាយ​។ អ្នកសារព័ត៌មាន​ចាំបាច់ ត្រូវមាន​លទ្ធភាព​ខ្ពស់បំផុត ក្នុងការ​ទទួលបាន​ព័ត៌មាន​។ ការគាំទ្រ​របស់​សហភាព​អឺរ៉ុប ក្នុងការ​គាំទ្រ​អ៊ី​ន​ធើរ​ណេ​ត​កាហ្វេ EU-CCJ នេះ គឺជា​ការចូលរួមចំណែក​មួយ ដែល​ឆ្លើយតប​ចំពោះ​តម្រូវការ​នេះ​។​

​    លោក George EDGAR បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ជាខ្លាំង ដែល​បានឃើញ​ការចូលរួមចំណែក​ដ៏​ធំធេង និង​ប្រកបដោយ​ប្រសិទ្ធ​ភាពជា​វិជ្ជមាន​របស់​អ៊ី​ន​ធើរ​ណេ​ត​កាហ្វេ EU-CCJ កន្លងមកនេះ​។ លោក​សង្ឃឹមថា អ៊ី​ន​ធើរ​ណេ​ត​កាហ្វេ EU-CCJ នឹង​បន្ត​ដើរតួនាទី​យ៉ាងសំខាន់ ពោលគឺ​មិន​ត្រឹមតែ​ជា​វេទិកា​ដ៏​មាន​សារប្រយោជន៍ ដែល​អ្នកសារព័ត៌មាន​កម្ពុជា​អាច​ស្វែងរក​ព័ត៌មាន និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​និពន្ធ​នាយក​របស់ខ្លួន និង​អ្នកសារព័ត៌មាន​ផ្សេងទៀត នៅក្នុង​តំបន់​និង​នៅក្នុង​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើរតួ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កុំព្យូទ័រ និង​អ៊ី​ន​ធើរ​ណេ​ត សម្រាប់​អ្នកសារព័ត៌មាន​ផងដែរ​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦