​គយ​ប្រារព្ធ​ទិវា​គយ​អន្តរជាតិ​លើក​ទី​៦៤

   ភ្នំពេញ: អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​គយ​អន្តរជាតិ​លើក​ទី​៦៤ ដោយនៅ​ក្នុងឆ្នាំនេះ គឺធ្វើឡើង​ក្រោម​ប្រធានបទ «​រដ្ឋបាល គយ​ក្នុង​បរិបទ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​» ជាមួយនិង​ពាក្យស្លោក «​ការចូលរួម​អភិវឌ្ឍន៍ ស្ថាប័ន​ឥតឈប់ឈរ​»​។​

​   នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​គយ​អន្តរជាតិ​លើក​ទី​៦៤ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី​បណ្ឌិត ងួន សុខា រដ្ឋលេខាធិការ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​គយ​និង​រដ្ឋាករ តំណាង​ក្រសួង​ស្ថាប័ន​នានា នៃ​រាជរដ្ឋាភិបាល អាជ្ញាធរ​កំពង់ផែ ធុរជន​នាំចេញ​នាំចូល វិស័យ​ឯកជន​ពាក់ព័ន្ធ​ផ្សេងទៀត​ព្រមទាំង​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ ផង ដែរ​។​

​    បណ្ឌិត គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែងអោយដឹងថា ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​គយ​អន្តរជាតិ​សម្រាប់​ឆ្នាំនេះ គឺធ្វើឡើង​ក្រោម​ប្រធានបទ «​រដ្ឋបាល គយ​ក្នុង​បរិបទ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​» ជាមួយនិង​ពាក្យស្លោក «​ការចូលរួម​អភិវឌ្ឍន៍​ស្ថាប័ន​ឥតឈប់ឈរ​»​។ គោលបំណង​នៃ​ប្រធាន បទ​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​និង​ជំរុញ​បន្ថែមទៀត​នូវ ការប្រើ ប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​និង​ស្វ័យប្រវត្តិកម្ម​ដូច​មានចែង​ក្នុង​ជំពូក​ទី​៧​នៃ​ឧ​ប សម្ព័ន្ធ​ទូទៅ​នៃ​ពិធីសារ​កែសម្រួល​សាមញ្ញ​កម្ម​និង​សុខដុម​នីយកម្ម​នីតិវិធី​គយ​ក្រុង​ក្យូ​តូ​។ លោក​បាន​ថ្លែងថា​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ចដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ក៏បាន​កំណត់​យក​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នយោបាយ​និង​’​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់ខ្លួន​ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​និង​បាន​លើកទឹកចិត្ត​ដោយ​ជំរុញ​ឲ្យ​មានការ ប្រើ ប្រាស់ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ជា​ជំនួយ​ដល់​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ និង​អាច​ផ្តល់ ព័ត៌មាន​ជូន​ពលរដ្ឋ​អ្នកប្រើប្រាស់​សេវាសាធារណ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ស័​ក្ត​សិទ្ធ​ភាព​ផងដែរ​។​

​    ជាមួយគ្នានេះដែរ​លោកស្រី​បណ្ឌិត ងួន សុខា​បាន​ថ្លែង​អំពី​លទ្ធផល​នៃ របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​ស្តី​ពីស​ន្ទ​ស្សន៍​ប្រសិទ្ធភាព​ពាក់ព័ន្ធ នឹង ការដឹកជញ្ជូន​ដែល​បាន​បង្ហាញថា​«​ប្រទេស​កម្ពុជា​យើង​បាន​កែលម្អ​ចំណាត់ថ្នាក់​របស់ខ្លួន​ពី​លេខ​១២៩​នៅ​ឆ្នាំ​២០១០​មក​ចំណាត់ថ្នាក់​លេខ​៨៣​ក្នុង​ឆ្នាំ ២០១៤​គឺ​រំកិល​ចំនួន​៤៦​លេខ មករក​ចំណាត់ថ្នាក់​ល្អ​។​នេះ​ជា​លទ្ធផល​គួរ​ជាទី​មោទនៈ​ដែល​ប្រទេស​ជាច្រើន​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍​តិច​ពុំ​អាច​សម្រេច​លទ្ធផល​ល្អ​ដូចនេះ​បានឡើយ​។​លោកស្រី​នៅបាន​វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​អគ្គនាយកដ្ឋាន​គយ​និង រដ្ឋាករ​កម្ពុជា​ទាំងអស់​ក្នុង​ការងារ​ប្រមូល​ចំណូល​ជូន​រដ្ឋ​ដោយ​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​។​

    ក្នុង​ទិវា​នេះ​លោកស្រី​បណ្ឌិត​ងួន​សុខា​ក៏បាន​ចែក​ប័ណ្ណសរសើរ របស់ អង្គការ​គយ​ពិភពលោក​ជាច្រើន​សន្លឹក​ជូន​មន្ត្រី​គយ​និង​រដ្ឋាករ​កម្ពុជា ដែលមាន ស្នាដៃ​ឆ្នើម​ប្រចាំឆ្នាំ​ក្នុងការ​ចូលរួម​ការងា​រ​កំណែទម្រង់​ទំនើបកម្ម​គយ និង​ជូន ផងដែរ​ដល់​តំណាង​ក្រសួង​ស្ថាប័ន វិស័យ​ឯកជន សមាគមន៍ ធុរកិច្ច​នានា ដែល​បាន​ចូលរួម​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦