អ្នកវិនិយោគ​ជប៉ុន​មួយក្រុម​សម្លឹង​ឃើញ​ការបណ្តាក់ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ​

    ភ្នំពេញ​៖​អ្នកវិនិយោគ​មួយក្រុម​មកពី​ប្រទេស​ជប៉ុន បាន​អះអាងថា​ចង់​មក​បណ្តាក់ទុន​នៅ​កម្ពុជា ហើយ​ពួកគេ​កំពុង​ស្វែងយល់​ពី​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច និង​ច្បាប់​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា​។​

​    គណៈប្រតិភូ​អ្នកវិនិយោគទុន​ប្រទេស​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក កាតស៊ូ​មី ហា​រ៉ា​ត ( KATSUMI HARAD )​បាន​ចូលជួប​ពិភាក្សា​ការងារ ជាមួយ គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក​បណ្ឌិត​រដ្ឋ ជាម យៀប នៅ​វិមាន​រដ្ឋសភា​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​។​

​    លោក ជាម យៀប​បាន​លើកឡើងថា កម្ពុ​ជាមាន​សក្តានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​០៤ ក្នុងនោះ​មាន វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​សំណង់ ព្រមទាំង​សេវាកម្ម​ផ្សេងៗ​ផងដែរ​។​

​    លោក ក៏បាន​ពន្យល់​លម្អិត​ពី​សក្តានុពល​នីមួយៗ ជូន​ក្រុម​វិនិយោគិន​ជប៉ុន​និង​បានលើកឡើង​ពី​ទិដ្ឋភាព​ច្បាប់ និង​លក្ខណៈ​អំណោយផល​នានា​សម្រាប់​​ការវិនិយោគ​។ ជាពិសេស លោក បានលើកឡើង​ពី​សក្តានុពល​ធនធានធម្មជាតិ និង​ស្ថិរភាព​នយោបាយ សុខសន្តិភាព​ពេញលេញ​ដែល​កម្ពុ​ជាមាន​។​

​    លោក​កាតស៊ូ​មី ហា​រ៉ា​ត​បាន​មានប្រសាសន៍ថា​ក្រុមការងារ​របស់លោក​បាន​ទទួល​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ពី​ជំនួប​ពិភាក្សា​ការងារ​នៅពេលនេះ​​និង​បាន​បាន​អះអាងថា​នឹង​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ឡើង​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦