បុណ្យ​ស្រូវ​អង្ករ​កម្ពុជាឆ្នាំ២០១៦ ប្រជាពលរដ្ឋ​ចូលរួម​ដោយ​សេរី​

    ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​រៀបចំ​ពិធីបុណ្យ​ស្រូវ​អង្ករ ២០១៦ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ដែល​នឹង​បើក​ស្វាគមន៍​​ការចូលរួម​ដោយ​សេរី របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ចាប់ពី​ម៉ោង ១ ដល់​ម៉ោង ៥​ល្ងាច​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៦​នេះ​។​

​    សេចក្តីប្រកាស​ព័ត៌មាន របស់​សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា​នៅ​ថ្ងៃទី​២២ មករា នេះ បាន​ឲ្យ​ដឹង​ថា ពិធីបុណ្យ​ស្រូវ​អង្ករ​កម្ពុជា ២០១៦ គឺជា​ផ្នែក​មួយ​នៃ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៥ ដែល​នឹង​រៀបចំឡើង​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) សហការ​ជាមួយ​សម្ព័ន្ធ ស​មាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​(FASMEC) នៅ​ថ្ងៃទី​២៤-២៥-២៦ ខែមករា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ។​

​    សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(​ស​.​អ​.​ក​) នឹង​រៀបចំ​ឲ្យ​មាន កម្មវិធី​ប្រកួត​ស្រូវ និង​អង្ករ​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា ដែល​អ្នកចូលរួម​ទាំង​អស់​នឹង ទទួលបាន អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖  ទស្សនាការ​ប្រកួត​ស្រូវ​អង្ករ​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា , ទស្សនាការ​សម្តែង​សិល្បៈ និង​របាំ​ជាច្រើន​ប្រភេទ​ទាក់ទង នឹង​វិស័យ​ស្រូវ​អង្ករ , ទស្សនា​ការប្រកួត​មុខម្ហូប​ដែល​ផលិត​ចេញពី​អង្ករ , ភ្លក់​មុខម្ហូប​ខ្មែរ​ជាច្រើន​មុខ​ដោយ​សេរី និង​ដោយ​ឥតគិតថ្លៃ , ចូលរួម​ទស្សនា​ការតាំង​បង្ហាញ​អំពី​ខ្សែសង្វាក់ ផលិតកម្ម​ស្រូវ​អង្ករ​ទាំងមូល ,​ទទួលបាន​ចំណេះ​និង​បទពិសោធន៍​ថ្មីៗ​ក្នុង​វិស័យ ស្រូវ​អង្ករ​នៅ​កម្ពុជា និង ជួប​ជាមួយ​អ្នកជំនាញការ និង​អ្នករក​ស៊ីក្នុង វិស័យ​ស្រូវ​អង្ករ​ជាតិ និង​អន្តរជាតិ​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦