សំណើ​២១​ចំណុច នៃ​សេចក្តីព្រាងច្បាប់​សហជីព​ត្រូវបាន​ក្រុមការងារ​គណបក្ស​ទាំងពីរ​ដោះស្រាយ​បញ្ចប់​

    ភ្នំពេញ​៖  គណៈកម្មការ​ចំពោះ​កិច្ច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ចប់​កិច្ចពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សហជីព​​ដែល​ស្នើឡើង​ដោយ​ក្រុម​សហជីព​ចំនួន​២១​ចំណុច​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​។​

​    លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​គណៈ​កម្ម​ការ​ចំពោះ​កិច្ច បាន​ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថា "​ថ្ងៃនេះ​ក្រុម​​ការងារ បាន​ដោះ​ស្រាយ​បញ្ហា​របស់​អង្គការ​សហជីព​បាន​១២​ចំណុច​មានន័យថា​រាល់​សំណើ​របស់​សហ​ជីព​ទាំង​២១​បាន​ដោះស្រាយ​បញ្ចប់​ហើយ​​ដោយ​ការពិភាក្សាគ្នា​២​លើក​កន្លង​បាន​៩​ចំណុច​។ ក៏ប៉ុន្តែ​រាល់​ចំណុច​ឯកភាពគ្នា​នោះ គណៈកម្មការ​ចំពោះ​កិច្ច​មិនមាន​សិទ្ធិ​អាកា​ត់​នោះ​ទេ​គឺ​បញ្ហា​​មួយ​ហ្នឹង​ស្នើសុំ​ការបំភ្លឺ​ពី​ក្រសួង តំណាង​រាជរដ្ឋាភិបាល​បន្ថែម​ទៀត "​។​

​    ទោះបី​យ៉ាងនេះ​ក្តី លោក សុខ ឥ​សាន្ត​បាន​បញ្ជាក់ថា ការដោះស្រាយ មិនទាន់បាន​សម្រេច​តាម អ្វីដែល ក្រុម​សហជីព​និង​ភាគី​និយោជក​ចង់បាន​​ទាំងអស់​នោះទេ ។ ព្រោះ ច្បាប់​នេះ​ជាប់​ពាក់ព័ន្ធ​ច្បាប់​ការងារ ដូច្នេះ​ក្នុង​លក្ខខណ្ឌ​មួយចំនួន​ដូចជា អ្នក​ដែល​សុំ​បង្កើត​សហជីព​ឬ​អង្គការ និយោជក​​កំណត់​១៨​ឆ្នាំ ច្បាប់​សហជីព​ថ្មី ប៉ុន្តែ​ចំណុច​នេះ​ត្រូវ​កែ​ទៅ​២៥​ឆ្នាំ ដើម្បី​ស្របច្បាប់​ការងារ​វិញ ។ ជាង​នេះ​ក្រុមការងារ​បាន​ឯកភាព​ដាក់​ចំណុច​ដែល​​មាន​ភាពមិនច្បាស់លាស់ ដោយ​តម្រូវ ឲ្យ​ការបង្កើត​សទានុ​ក្រម​នៃ​ក្នុង​ច្បាប់​ផងដែរ​។​

​    លោក សុខ ឥ​សាន្ត ឲ្យ​ដឹង​ទៀតថា ពេល​បញ្ចប់​ពិនិត្យ នៃ​ចំណុច​ឯកភាព​នោះ គណៈកម្មការ​ចំពោះ​កិច្ច នឹងដាក់​សំណើ​ទៅ គណៈកម្មការ​ជំនាញ រដ្ឋសភា​ពិនិត្យ​ម្តងទៀត រួច​ហើយនឹង​រៀបចំ​សិក្ខាសាលា ដែលមាន​ការចូលរួម​ពី​ភាគី ពាក់ព័ន្ធ​ដើម្បី​ជជែក​ពិភាក្សាគ្នា មុននឹង​ឈានដល់​បញ្ចូនទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យ និង​អនុម័ត​បញ្ចូល​ទៅក្នុង​របៀបវារៈ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ពិនិត្យ និង​អនុម័ត​។​

​    លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ថ្លែងថា “​យើងខ្ញុំ​មើលឃើញថា មាន​ចំណុច​មួយចំនួន​មិនបាន​ឆ្លើយតប​ទៅនឹង​ការ​​លើកឡើង​របស់​ភាគី​ខាង​ខ្ញុំ​នោះទេ ។​អ៊ីចឹង​ចំណុច​កែប្រែ​មាន​តិចតួច ”​។ ប៉ុន្តែ​លោក​ក៏បាន​ទទួលស្គាល់ថា ក៏មាន​ចំណុច​មួយចំនួន​វិជ្ជមាន​ផងដែរ សម្រាប់​កម្មករ​និង​សហជីព​។ លោក​សង្ឃឹមថា គណៈកម្មការ​ចំពោះ​កិច្ច​នៃ​បក្ស​ទាំងពីរ នឹង​បន្ត​ពិភាក្សាគ្នា ឲ្យ​អស់​លទ្ធភាព ដើម្បី​ឆ្លើយតប ទៅនឹង​ការចង់បាន​របស់​ក្រុម​សហជីព​។​

​    លោក សុន ឆ័យ ប្រធាន​ក្រុម​គណៈកម្មការ ចំពោះ​កិច្ច​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ពាក់ព័ន្ធ​សំណើ​របស់​សហជីព​នោះ សុំ​កុំ​ព្រួយបារម្ភ ព្រោះ​នៅ​ចំណុច​ណា ដែលមាន​ការពាក់ព័ន្ធ នឹងដាក់​ឲ្យ​ក្រសួង​ការងារ​ពន្យល់​បន្ថែម នូវ​ចំណុច​ណា​ដែរ​មិនទាន់​យល់​គ្នា ។​

​    លោក សុន ឆ័យ​ឲ្យ​ដឹងថា សម្រាប់​ការពិភាក្សាគ្នា រយៈពេល​កន្លងមក មាន​ភាពល្អប្រសើរ ដោយមាន​ការយោគយល់​គ្នា មិន​ប្រកាន់​បក្ខពួក ឬ​ក្រុម​ណាមួយ​នោះឡើយ ៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦