ពាក់​កណ្ដាល​ខែ​មករា​ប្រកាស​លទ្ធផល​ពី​តំណែង​អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​រង​ គ.ជ.ប.

ភ្នំពេញ​៖​​ យ៉ាង​យូរ​ត្រឹម​ពាក់​កណ្ដាល​ ខែ​មករា​ ឆ្នាំ​២០១៦​ គ.ជ.ប.​ នឹង​ប្រកាស​អំពី​លទ្ធផល​នៃ​តំណែង​អគ្គលេខាធិការ​ គ.ជ.ប.​ មួយ​រូប​ និង​អគ្គលេខាធិការ​រង​ គ.ជ.ប​ ចំនួន​ ៤​ រូប​ផ្សេង​ទៀត​។​ នេះ​បើ​តាម​លោក​ ហង្ស​​ពុទ្ធា​ សមាជិក​ និង​ជា​អ្នកនាំពាក្យ​ គ.ជ.ប​។​

លោក​ ហង្ស​ ពុទ្ធា​ បាន​ឱ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែ​ធ្នូ​ ថា​ បន្ទាប់​ពី​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ឈរ​ឈ្មោះ​​ជា​បេក្ខជន​អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​រង​ គ.ជ.ប. រួច​មក​រហូត​ដល់​ថ្ងៃ​ចន្ទ​​ ទី​២៨​ ខែ​ធ្នូ​ ឆ្នាំ២០១៥​ គឺ​គ.ជ.ប​ មិន​ទាន់​ដំណើរការ​ពិនិត្យ​ និង​វាយតម្លៃ​លើ​សំណុំ​ឯកសារ​របស់​បេក្ខជន​ទាំង​អស់​នោះ​នៅ​ឡើយ​ទេ​។​

ក៏​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ លោក​ ហង្ស ពុទ្ធា​​បាន​បញ្ជាក់​ថា​ លទ្ធផល​នៃ​ ការ​ជ្រើសរើស​អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​រង​គ.ជ.ប​ នឹង​ត្រូវ​ប្រកាស​នៅ​ពាក់​កណ្ដាល​ ខែ​មករា​ ឆ្នាំ​២០១៦​។​

លោក​​ ហង្ស​ ពុទ្ធា​​ បាន​បញ្ជាក់​ថា​ "​យើង​មិន​ទាន់​បាន​ពិនិត្យ​ លើ​សំណុំ​ឯកសារ​ទាំង​នោះ​នៅ​ឡើយ​ទេ​ ព្រោះ​នៅ​ចុង​ឆ្នាំ​នេះ​ គ.ជ.ប.​ មាន​កិច្ច​ការងារ​ ជា​ច្រើន​​ដែល​ត្រូវ​ធ្វើ​។​ យើង​កំពុង​រៀបចំ​កម្មវិធី​។​ ម៉្យាង​ជួប​ជា​មួយ​ភ្ញៀវ​ផង​ និង​ម៉្យាង​ធ្វើ​សមាហរណកម្ម​ផង​។​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​មិន​លើស​ពី​ពាក់​កណ្ដាល​ខែ​មួយ​ទេ​ លទ្ធផល​នឹង​ចេញ​ហើយ​"​។​

គ.ជ.ប. បាន​ប្រកាស​ថា​គិត​ត្រឹម​ ថ្ងៃ​ផុត​កំណត់​ទទួល​ពាក្យ​ កាល​ពី​ម៉ោង​ ៥:៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ គឺ​មាន​អ្នក​ដែល​បាន​ដាក់​ពាក្យ​ សុំ​ឈរ​ឈ្មោះ​ជា​មុខ​តំណែង​អគ្គលេខាធិការ​ គ.ជ.ប.ចំនួន​ ២៤​នាក់​ និង​អ្នក​ដែល​បាន​ដាក់​ពាក្យ​សុំ​ឈរ​ឈ្មោះ​ជា​មុខ​តំណែង​អគ្គលេខាធិការ​រង​មាន​ចំនួន​ ១០០​ នាក់​ក្នុង​នោះ​មាន​ស្ត្រី​ ៤នាក់​។

សេចក្ដី​ប្រកាស​របស់​ គ.ជ.ប. បង្ហាញ​ថា​ អ្នក​ដែល​បាន​មក​ទទួល​យក​ពាក្យ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ នៃ​មុខ​​តំណែង​អគ្គលេខាធិការ​ មាន​ចំនួន​ ៣៤​ នាក់​ និង​អ្នក​ដែល​បាន​មក​ទទួល​យក​​ពាក្យ​សុំ​ឈរ​ឈ្មោះ​​ជា​បេក្ខជន​ នៃ​មុខ​តំណែង​អគ្គលេខាធិការ​រង​ មាន​ចំនួន​ ១៧០​ នាក់​​។​

សេចក្ដីប្រកាស​របស់​ គ.ជ.ប.ចុះ​ថ្ងៃ​ទី​ ២៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ បង្ហាញ​ថា​ គ.ជ.ប.ដែល​មាន​សមាសភាព​ ចំនួន​៩​ រូប​ នឹង​ធ្វើ​ការ​ពិនិត្យ​លើ​ពាក្យ​សុំ​ឈរ​ឈ្មោះ​របស់​បេក្ខជន​ទាំង​អស់​រួច​នឹង​ធ្វើ​ការ​សម្រេច​​ទៅ​តាម​នីតិវិធី​ច្បាប់​។

គ.ជ.ប. បាន​ប្រកាស​ជ្រើសរើស​អគ្គលេខាធិការ​ គ.ជ.ប. ចំនួន​មួយ​រូប​និង​អគ្គលេខាធិការ​រង​គ.ជ.ប. ចំនួន​ ៤រូប​។​ បេក្ខជន​ទាំង​អស់​នោះ​នឹង​ត្រូវ​ គ.ជ.ប. ដែល​មាន​សមាសភាព​ ៩​ រូប​ជា​អ្នក​សម្រេច​ដោយ​មតិ​ភាគ​ច្រើន​ដាច់ខាត​។​

យ៉ាងណា​ក៏​ដោយ​លោក​ ហង្ស​ ពុទ្ធា​ បាន​បន្ថែម​ថា​អ្នក​ដែល​បាន​មក​ទទួល​យក​ពាក្យ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នៃ​មុខ​តំណែង​ អគ្គលេខាធិការ​ចំនួន​ទាំង​ ៣៤​ នាក់​ ក៏​មាន​លោក​ទេព​ នីថា​ អគ្គលេខាធិការ​ គ.ជ.ប. សព្វថ្ងៃ​ផង​ដែរ​។​ ក៏​ប៉ុន្តែ​ ការ​សម្រេច​យ៉ាង​ណា​នោះ​ស្ថិត​នៅ​លើ​សមាសភាព​ គ.ជ.ប.ទាំង​ ៩រូប​។​

លោក​ ហង្ស​ ពុទ្ធា​ បាន​គូស​បញ្ជាក់​ថា​ "​ការ​សម្រេច​នៅ​លើ​សមាជិក​ទាំង​ ៩នាក់​។ យើង​មិន​ដឹង​ដែរ​។​ គ.ជ.ប. មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​។ ប៉ុន្តែ​ខ្ញុំ​គ្រាន់​ជម្រាប​ថា​ លក្ខខណ្ឌ​ជ្រើសរើស​អគ្គលេខាធិការ​ គ.ជ.ប.​ "មាន​បទ​ពិសោធន៍​ការងារ​លើ​ស​ពី​ ៥ឆ្នាំ​"​ អត់​ដាក់​ថា​ "​មាន​បទ​ពិសោធន៍​ការងារ​​បោះឆ្នោត​លើស​ពី​ ៥ឆ្នាំ​"​ មាន​ន័យ​ថា​ ចង់​ឱ្យ​មាន​ទឹក​ថ្មី​ហូរ​ចូល​"​។​

សូម​ជម្រាប​ថា​ សមាសភាព​ គ.ជ.ប​ ថ្មី​ទាំង​ ៩​រូប​ នៅ​ពេល​នេះ​ គឺ​បើ​គិត​ពី​កូតា​ គឺ​មក​ពី​គណបក្ស​​ប្រជាជន​កម្ពុជា​ ៤​រូប​ គណបក្ស​សង្គ្រោះ​ជាតិ​​ ៤​ រូប​ និង​មួយ​រូប​ គឺ​លោក​ ហង្ស​ ពុទ្ធា​ មក​ពី​អង្គការ​សង្គម​ស៊ីវិល​។​ ចំណែក​ការ​សម្រេច​លើ​ការ​ជ្រើសតាំង​អគ្គលេខាធិការ​​ និង​អគ្គលេខាធិការ​រង​ គ.ជ.ប.​ ត្រូវ​ការ​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាត​​ ក្នុង​ចំណោម​​សមាសភាព​ គ.ជ.ប.​ ទាំង​ ៩​រូប​។​ ពោល​គឺ​ ត្រូវ​មាន​សំឡេង​គាំទ្រ​យ៉ាង​តិច​ ៥រូប​ ក្នុង​ចំណោម​ ៩រូប​។​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
​ថ្ងៃ​ អង្គារ​ ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ២០១៥​​​​​​​​​