បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រី​​រាជការ​ស៊ីវិល​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៥​

ព្រះសីហនុ​៖​ បេឡា​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល​ (ប.ជ.ស)​ បាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៥​ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៦​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​ NEW HILL RESORT& SPA  (អតីត​សណ្ឋាគារ​លើ​ភ្នំ​)​ ក្រុង​ព្រះសីហនុ​ កាល​ពី​ព្រឹក​ថ្ងៃ​ ទី​ ២៦​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៥​។

ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​លោក​សំ​ហេង​ បុរស​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល​ បាន​លើក​ឡើង​ ថា​បេឡា​ជាតិ​សង្គម​​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល​ គឺ​ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ ដែល​មាន​តួនាទី​រួម​ចំណែក​ក្នុង​ការ​អនុវត្តន៍​គោលនយោបាយ​របប​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល​ របស់​រាជរដ្ឋាភិបាល​​ ដើម្បី​អភិវឌ្ឍន៍​ និង​កែទម្រង់​ការ​ផ្ដល់​សេវា​របប​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល​ និវត្តន៍​ជន​  ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​ ដែល​ជា​អតីតមន្ត្រី​រាជការ​ស៊ីវិល​ និង​អ្នក​នៅ​ក្នុង​បន្ទុក​។​

លោក​ យី​ យ៉ូន​ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុទ្ធនីតិ​សម្បទា​ បាន​វាយ​តម្លៃ​ខ្ពស់​ និង​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំង​កាយ​ចិត្ត​​ របស់​ថ្នាក់​ដឹកនាំ​ និង​បុគ្គលិក​ប.ជ.ស. ទាំង​អស់​ដែល​បាន​បំពេញ​ភារកិច្ច​ តាម​តួនាទី​ និង​មុខងារ​ក្នុង​ការ​បម្រើ​សេវា​របប​សន្តិសុខ​សង្គម​ ជូន​សិទ្ធី​វ័ន្ត​របស់​ ប.ជ.ស. និង​មាន​ការ​ចូល​រួម​សហការ​គាំទ្រ​ពី​ក្រសួង​ស្ថាប័ន​ធនាគារ​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផង​ដែរ​។​

ដើម្បី​បន្ត​អនុវត្ត​ការងារ​ឱ្យ​កាន់​តែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ថែម​ទៀត​ លោក​ យី​យ៉ូន​ បាន​មាន​ប្រសាសន៍​ថា​៖​ "​ខ្ញុំ​សូម​ស្នើ​ដល់​លោក​លោកស្រី​ ដែល​ជា​ថ្នាក់​ដឹកនាំ​ និង​បុគ្គលិក​ ប.ជ.ស. ទាំង​អស់​ខិតខំ​ប្រឹងប្រែង​សហការ​ និង​អនុវត្ត​ការងារ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ដើម្បី​ទទួល​បាន​ជោគជ័យ​ នា​ឆ្នាំ២០១៦​ ខាង​មុខ​នេះ​។​

ជាមួយ​គ្នា​នេះ​ ក៏​មាន​ការ​ប្រកាស​តែងតាំង​ លោក​ ម៉ែន​ សុចិត្រ​ តំណាង​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​ និង​យុទ្ធនីតិ​សម្បទា​ ជា​នាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ សម្រាប់​មន្ត្រី​រាជការ​ ស៊ីវិល​សម្រាប់​​អាណត្តិ​ ទី​​៣​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជំនួស​ លោក​ សំ​ ហេង​ បុរស​ ផង​ដែរ​។​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
​​​​​​​​​​​ឆ្នាំ​ទី​២៣​ លេខ​៦៩១១​​ ថ្ងៃ​អាទិត្យ-​