អ្នក​ជំនាញ​កម្ពុជា​​ -កូរ៉េ​ពិភាក្សា​រក​​វិធី​សាស្ត្រ​ធ្វើ​ឱ្យ​គម្រោង​អភិវឌ្ឍន៍​ជនបទ​តាម​វិធី​សាស្ត្រ​ចលនា​ភូមិ​ថ្មី​ទទួល​ជោគជ័យ​

ភ្នំពេញ​៖​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ប្រចាំ​កម្ពុជា​ ឬ​ហៅ​កាត់​ថា​​ កយកា(KOICA) និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​កម្ពុជា​កាល​ ពី​ថ្ងៃ​ទី​ ២១​ ខែ​ធ្នូ​ នៅ​សណ្ឋាគារ​អាំងទែរកង់ទីណង់តាល់​បាន​សហការ​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី​ការ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​របស់​គម្រោង​អភិវឌ្ឍន៍​ជនបទ​ដោយ​ប្រើប្រាស់​ចលនា​ភូមិ​ថ្មី​ និង​ផ្សព្វផ្សាយ​ផែនការ​មេ​។​

គោលបំណង​នៃ​សិក្ខាសាលា​ គឺ​ដើម្បី​បញ្ជ្រាប​យន្តការ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​របស់​គម្រោង​អភិវឌ្ឍន៍​ជនបទ​ ដោយ​ប្រើប្រាស់​ចលនា​ភូមិ​ថ្មី​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​តាមរយៈ​ការ​ធ្វើ​បទ​បង្ហាញ​ពី​បទ​​ពិសោធន៍​ និង​ការ​អនុវត្តន៍​ល្អ​ពី​សាស្ត្រាចារ្យ​កូរ៉េ​ និង​អ្នក​ជំនាញ​មក​ពី​សកលវិទ្យាល័យ​ជាតិ​កូរ៉េ​ និង​ពិភាក្សា​លើក​ជា​​គំនិត​ផ្ដល់​មតិ​យោបល់​ ដើម្បី​ឱ្យ​ការ​អនុវត្តន៍​គម្រោង​បន្ត​ទៅ​មុខ​ទៀត​កាន់​តែ​មាន​ប្រសិទ្ធភាព​ទាន់​ពេលវេលា​ និង​សម្រេច​បាន​គោលដៅ​ពិត​ប្រាកដ​របស់​គម្រោង​។

លោកស្រី​ ប៊ែក​  ស៊ុកហ៊ី​ ប្រធាន​តំណាង​ការិយាល័យ​កយកា​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា​ គម្រោង​អភិវឌ្ឍន៍​ជនបទ​តាម​វិធីសាស្ត្រ​ចលនា​ភូមិ​ថ្មី​ជា​គម្រោង​ ដែល​មាន​ជា​យូរ​មក​ហើយៗ​វា​មាន​សក្ដានុពល​យ៉ាង​ធំធេង​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ និង​យុទ្ធសាស្ត្រ​ដ៏​ល្អ​ក្នុង​​ការ​បង្រួបបង្រួម​ប្រជាជន​ឱ្យ​ក្លាយ​ជា​ក្រុម​តែ​មួយ​។​ រដ្ឋាភិបាល​កូរ៉េ​ បាន​ចាត់​ទុក​វិធីសាស្ត្រ​ចលនា​ភូមិ​ថ្មី​ មាន​សារសំខាន់​​ ព្រោះ​ប្រទេស​កូរ៉េ​បាន​អនុវត្ត​គម្រោង​នេះ​ជាង​ពាក់កណ្ដាល​សត​វត្សរ៍​កន្លង​មក​ហើយ​​ គឺ​វា​បាន​ធ្វើ​ឱ្យ​ប្រទេស​កូរ៉េ​បាន​យក​ឈ្នះ​លើ​ភាព​ក្រីក្រ​ និង​បោះ​ជំហាន​ទៅ​មុខ​ប្រកប​ដោយ​បញ្ញា​ស្មារតី​ និង​ជំនាញ​ច្បាស់លាស់​។​

លោកស្រី​បាន​បញ្ជាក់​ថា​ វិធីសាស្ត្រ​ចលនា​ភូមិ​ថ្មី​ ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​ដែល​សហគមន៍​អន្តរជាតិ​ដែល​ក្នុង​នោះ​ មាន​អង្គការ​សហប្រជាជាតិ​ផង​ដែរ​ បាន​សន្យា​ទុក​ជា​គំរូ​អភិវឌ្ឍ​ជោគជ័យ​។​ ក្នុង​រយៈពេល​ ៣​ឆ្នាំ​ ចុង​ក្រោយ​នេះ​មាន​ប្រទេស​ជាង​ ២០​ បាន​ស្នើ​សុំ​គម្រោង​អភិវឌ្ឍន៍​ចលនា​ភូមិ​ថ្មី​តាមរយៈ​វិធីសាស្ត្រ​ចលនា​ភូមិ​ថ្មី​ ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​ប្រទេស​ នៅ​ទ្វីប​អាស៊ី​ចំនួន​ ៧​ ប្រទេស​ ដែល​ក្នុង​នោះ​កម្ពុជា​ មាន​សន្ទុះ​លឿន​ជាង​គេ​។​

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ លោក​បណ្ឌិត​ ថេង​ ច័ន្ទសង្វារ​ អនុរដ្ឋលេខាធិការ​​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ និង​ដឹកនាំ​គម្រោង​មាន​​ប្រសាសន៍​ថា​ គម្រោង​អភិវឌ្ឍន៍​ជនបទ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ចលនា​ភូមិ​ថ្មី​បាន​ចុះ​អនុស្សរណៈ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ២០១៤​ សម្រាប់​អនុវត្ត​រយៈពេល​ ៦០​ ខែ​ ពី​ឆ្នាំ​២០១៤​ ដល់​ឆ្នាំ​ ២០១៨​ ក្រោម​ ហិរញ្ញប្បទាន​ជំនួយ​ឥត​សំណង​របស់​សាធារណៈ រដ្ឋ​កូរ៉េ​ចំនួន​ ៨លានដុល្លារ​អាមេរិក​។​ គម្រោង​នេះ​មាន​សមាសភាគ​ចំនួន​ ០៣​ គឺ​ ១) ការ​តាក់តែង​ឯកសារ​ផែនការ​​ មេ​របស់​គម្រោង​ ២) ការ​សាងសង់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ចលនា​ភូមិ​ថ្មី​ ដើម្បី​ចូលរួម​កសាង​ធនធាន​មនុស្ស​ និង​ ៣)​ការ​អនុវត្តន៍​សាកល្បង​ក្នុង​ភូមិ​ចំនួន​ ៣០​ ក្នុង​ខេត្ត​ចំនួន​បី​ គឺ​ខេត្ត​កំពង់ស្ពឺ​ ខេត្ត​តាកែវ​ និង​ខេត្ត​ត្បូងឃ្មុំ​។​

លោក​អនុរដ្ឋលេខាធិការ​បាន​ឱ្យ​ដឹង​ថា​ គិត​មក​ទល់​ដំណាច់​ឆ្នាំ​ ២០១៥​នេះ​ គម្រោង​សម្រេច​លទ្ធផល​សំខាន់ៗ​មាន​ដូច​ជា​៖​ បាន​សម្រេច​ជ្រើសរើស​ ភូមិ​សាកល្បង​ ទាំង​ ៣០​ ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​រៀបចំ​កំណត់​ស្លាក​សញ្ញា​ និង​ពាក្យ​ស្លោក​របស់​គម្រោង​រួច​រាល់​តាម​រយៈ​ការ​ប្រកួតប្រជែង​ដ៏​ទូលំទូលាយ​មួយ​ រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្ដីពី​ការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ភូមិ​គំរូ​សាកល្បង​តាម​វិធីសាស្ត្រ​ចលនា​ភូមិ​ថ្មី​ និង​រៀបចំ​ទស្សនកិច្ច​សិក្សា​ដល់​មន្ត្រី​មូលដ្ឋាន​ និង​បាន​ធ្វើ​ការ​វាយតម្លៃ​ និង​ជ្រើសរើស​គម្រោង​​​ ដែល​ស្នើ​ដោយ​ភូមិ​សាកល្បង​ទាំង​ ៣០​ និង​បាន​បញ្ចប់​នីតិវិធី​ដេញ​ថ្លៃ​រក​ក្រុមហ៊ុន​​ ដែល​ត្រូវ​មក​ទទួល​សាងសង់​មជ្ឈមណ្ឌល​ចលនា​ភូមិ​ថ្មី​ នៅ​ខេត្ត​កំពង់ស្ពឺ​ និង​ត្រៀម​ចាប់​ផ្ដើម​សាងសង់​នៅ​ខែ​មករា​ ឆ្នាំ​ ២០១៦​ និង​បាន​រៀបចំ​ផែនការ​បណ្ដុះបណ្ដាល​អន្តរកាល​សម្រាប់​អនុវត្ត​អំឡុង​ពេល​សាងសង់​មជ្ឈមណ្ឌល​។​

គម្រោង​អភិវឌ្ឍន៍​ភូមិ​គំរូ​​ តាម​វិធី​សាស្ត្រ​ចលនា​ភូមិ​ថ្មី​ដែល​រៀបចំ​ និង​ស្នើ​ឡើង​ដោយ​ភូមិ​ទាំង​៣០​ នឹង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ឆ្នាំ​ ២០១៦​។

ក្នុង​ពិធី​បិទ​សិក្ខាសាលា​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ លោក​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ បាន​សង្កត់​ធ្ងន់​ថា​ "​គម្រោង​អភិវឌ្ឍន៍​ជនបទ​​ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ ចលនា​ភូមិ​ថ្មី​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់​ទុក​មេរៀន​ដ៏​មាន​សារសំខាន់​ និង​អត្ថប្រយោជន៍​ ព្រមទាំង​ជា​គំរូ​ក្នុង​ការ​អភិវឌ្ឍន៍​ជនបទ​ប្រកប​ដោយ​ចីរ​ភាព​ ក្នុង​គោលដៅ​កាត់បន្ថយ​ភាព​ក្រីក្រ​នាំ​មក​នូវ​​ភាព​រុងរឿង​ចម្រើន​ ដល់​ប្រជាជន​រស់​នៅ​ទី​ជនបទ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​"។ 

ឈរ​លើ​ស្មារតី​នៃ​ចលនា​ភូមិ​ថ្មី​៖​ ការ​ឧស្សាហ៍​ព្យាយាម​ ការ​ចេះ​ជួយ​ខ្លួន​ឯង​ និង​សហប្រតិបត្តិការ​​ សង្ឃឹម​ថា​ អ្នក​ភូមិ​នឹង​ទទួល​​ បាន​នូវ​ការ​អភិវឌ្ឍន៍​ផ្ដើម​ចេញ​ពី​ខ្លួន​ឯង​ ដែល​ជា​ការ​អភិវឌ្ឍន៍​ ពិត​ប្រាកដ​ និង​ប្រកប​ដោយ​ចីរ​ភាព​។​

លោក​ គីម​ វ៉នជីន​ ឯកអគ្គរដ្ឋទូត​សាធារណៈ រដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ គម្រោង​អភិវឌ្ឍន៍​ជនបទ​កម្ពុជា​ដោយ​ប្រើ​វិធីសាស្ត្រ​ចលនា​ភូមិ​ថ្មី​ ដោយ​យក​គំរូ​ និង​បទ​ពិសោធ​ពី​ប្រទេស​កូរ៉េ​ បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​ ២០១៤​ និង​បញ្ចប់​នៅ​ឆ្នាំ​ ២០១៨​ តាមរយៈ​ការ​សហការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​កយកា​។ គម្រោង​នេះ​មាន​គោលបំណង​ជួយ​យ៉ាងណា​ ជំរុញ​ការ​អភិវឌ្ឍន៍​ជនបទ​ និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឱ្យ​មាន​ការ​រីកចម្រើន​។​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំ​ទី​២៣​ លេខ​ ៦៩០៧ ថ្ងៃ​ ពុធ​ ទី​២៣​ ខែ​ធ្នូ​