កម្ពុជា​ទទួល​ពាន​រង្វាន់​ប្រាក់​ពី​គណៈកម្មការ​រៀប​ចំ​ពិព័រណ៍​​ពិភពលោក​និង​ការិយាល័យ​ពិព័រណ៍អន្ដរ​ជាតិ​

ភ្នំពេញ​៖​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ពាន​រង្វាន់​ប្រាក់​ពី​គណៈកម្មការ​រៀប​ចំ​ពិព័រណ៍​ពិភព​លោក​​និង​ការិយាល័យ​ពិព័រណ៍​អន្តរ​ជាតិ​នៃ​ប្រទេស​អ៊ីតាលី​បន្ទាប់​ពី​​បាន​ចូលរួម​កម្មវិធី​ពិព័រណ៍​ពិភព​លោក​ឆ្នាំ​២០១៥​នៅ​ទី​ក្រុង​មីឡង់​ប្រទេស​អ៊ីតាលី​ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​៦​ខែ​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​ឧសភា​ដល់​ថ្ងៃ​ទី​៣១​ខែ​តុលា​ឆ្នាំ​២០១៥​។​នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​។

ព្រឹត្តិការណ៍​ពិព័រណ៍​ពិភព​លោក​នោះ​មាន​ការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ចំនួន​១៤៥​នៅ​លើ​ប្រទេស​កម្ពុជា​បាន​ចូល​រួម​ប្រកួត​ប្រជែង​ជា​មួយ​៩១​ប្រទេស​និង​ជា​លទ្ធផល​កម្ពុជា​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​តំបន់​អាស៊ាន​ដែល​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ក្នុង​ការ​ទទួល​បាន​នូវ​ពាន​រង្វាន់​ប្រាក់​មួយ​គ្រឿង​(Silver Award) ពី​គណៈកម្មការ​រៀប​ចំ​​ពិព័រណ៍​ពិភព​លោក​និង​ការិយាល័យ​អន្តរ​ជាតិ​(BIE)។​

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ថ្ងៃ​ទី​២១​ខែ​ធ្នូ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ពន្លា​ជាតិ​កម្ពុជា​បាន​ទទួល​នូវ​ពាន​រង្វាន់​​ប្រាក់​ចំពោះ​ការ​បង្កើត​ប្រធាន​បទ​ពិព័រណ៍​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​"ដំណាំ​ស្រូវ​​ដាំ​នៅ​លើ​ផែន​ដី​វប្បធម៌​សម្បូរ​បែប​"​ដែល​ស្ថិត​ក្រោម​ប្រធាន​បទ​របស់​ពិព័រណ៍​ពិភព​លោក​"ចិញ្ចឹម​ភព​ផែន​ដី​ផ្ដល់​ថាមពល​សម្រាប់​ជីវិត"​សម្រាប់​ឆ្នាំ​២០១៥​។​ពន្លា​ជាតិ​ដែល​មាន​ផ្ទៃ​ក្រឡា​២៥០​ម៉ែត្រ​ការ៉េ​បាន​បញ្ជាក់​ពី​សារ​សំខាន់​ស្ដី​ពី​ផលិត​កម្ម​ដំណាំ​ស្រូវ​នៅ​លើ​ដែន​ដី​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា។

ពាន​រង្វាន់​នេះ​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​និង​នាំ​មក​នូវ​មោទនភាព​​ជាតិ​សម្រាប់​កម្ពុជា​ក្នុង​ការ​ចូលរួម​ពិព័រណ៍​ពិភព​លោក​ឆ្នាំ​២០១៥​។​ពន្លា​ជាតិ​កម្ពុជា​បាន​ទទួល​ស្វាគមន៍​អ្នក​ចូលរួម​ទស្សនា​ពិព័រណ៍​ជាង​២លាន​នាក់​សម្រាប់​រយៈពេល​ប្រាំមួយ​ខែ​នៅ​ក្នុង​កាត​តាំង​ពិព័រណ៍​នៅ​ទី​ក្រុង​មីឡង់​ប្រទេស​អ៊ី​តាលី​។

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី ២២ ខែ១២ ឆ្នាំ២០១៥​​​​​​​