ច្រក​ប៉ោយ​ប៉ែត​ឆ្នាំ​២០១៥​ភ្ញៀវ​ចេញ​ចូល​ថយ​ចុះ​,​តែ​ពន្ធ​គយ​កើន​ឡើង

បន្ទាយ​មាន​ជ័យ​៖​ នៅ​ច្រក​ទ្វារ​អន្តរ ជាតិ​ប៉ោយ​ប៉ែត​ខេត្ត​​បន្ទាយ​មាន​ជ័យ​សម្រាប់​ឆ្នាំ​២០១៥​គឺ​មាន​ភ្ញៀវ​ចេញ​ចូល​បាន​ថយ​ចុះ​តែ​ចំណូល​ពន្ធ​គយ​បាន​កើន​ឡើង​ជាង​ឆ្នាំ​មុន​ៗ។

លោក​អាន​វណ្ណៈ​ប្រធាន​​ទី​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​​ដែល​ផុក​អាណត្តិ​បាន​និយាយ​ក្នុង​ពិធី​ផ្លាស់​ប្ដូរ​មុខ​តំណែង​និង​តួនាទី​លោក​ចេញ​កាល​ពី​រសៀល​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ឆ្នាំ​២០១៥​គិត​ចាប់​ថ្ងៃ​ទី​១​មករា​ដល់​ថ្ងៃ​ទី​៣០​វិច្ឆិកា​ភ្ញៀវ​ចេញ​ចូល​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​មាន​ចំនួន​៤.៤១២.២១៤នាក់​ថយ​ចុះ​ជាង​ឆ្នាំ​២០១៥​ចំនួន​២១៧.​១៨២​នាក់​ឬ​ជិត​៥​ភាគ​រយ។​តែ​ចំណូល​ពន្ធ​គយ​បាន​៦១៨.៧៧៣​.១៨០.៣៩៤​រៀល​ធៀប​នឹង​ឆ្នាំ​២០១៤​បាន​កើន​ជាង​២៤​ភាគ​រយ​។​សោហ៊ុយ​ត្រួត​ពិនិត្យ​កាំកុង​ត្រូល​នាំចូល​បាន​​៥.១១៨.៤៧៥.០០០​រៀល​។​ប្រាក់​ទិដ្ឋាការ​បាន​៧០៧.៤៤១​ដុល្លារ​អាមេរិក​និង​មធ្យោបាយ​រថយន្ត​នាំ​ចូល​៧២.៧៣៣​គ្រឿង​រថយន្ត​នាំ​ចេញ​​៥៨៥​គ្រឿង​ឬ​កើន​ឡើង។

លោក​អាន​វណ្ណៈ​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​បំពេញ​ការងារ​ថ្មី​ក្នុង​តំណែង​ជា​នាយក​ទី​ចាត់​ការ​រដ្ឋបាល​សាលា​ខេត្ត​វិញ​។​ចំណែក​តំណែង​ចាស់​របស់​លោក​ជា​ប្រធាន​ទី​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​បាន​ត្រូវ​ជំនួស​ដោយ​លោក​វួច​អូន​អតីត​ប្រធាន​ការិយាល័យ​កិច្ច​ការ​សេដ្ឋកិច្ច​សាលា​ខេត្ត​និង​ជា​ជំនួយ​ការ​ទី​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ប្រធាន​ក្រុម​ត្រួត​ពិនិត្យ​ច្រក​របៀង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ​ទូ​ទាំង​ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក​វួច​អូន​ប្រធាន​ថ្មី​នៃ​ទី​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​អន្តរ​​ជាតិ​​ប៉ោយ​ប៉ែត​បាន​ប្ដេជ្ញា​ខិត​ខំ​បំពេញ​​ការងារ​ថ្មី​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​​ហើយ​សហ​ការ​ធ្វើ​ការងារ​និង​សហការ​ទំនាក់​ទំនង​សហ​ប្រតិបត្តិការ​នៅ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត​កម្ពុជា​ថៃ​ឲ្យ​បាន​រីក​ចម្រើន​បន្ថែម​ទៀត។​

​លោក​អ៊ុំ​រា​ត្រី អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ប្រធាន​ថ្មី​បុគ្គលិក​និង​មន្ត្រី​សមត្ថកិច្ច​ជំនាញ​កង​កម្លាំង​ពាក់​ព័ន្ធ​នៃ ច្រក​ទ្វារ​បង្កើន​ការ​ខិត​ខំ​និង​បម្រើ​ការ​ងារ​ឲ្យ​បាន​រហ័ស​ពេញ លេញ​និង​សម្រេច​ជោគ​ជ័យ។

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី២២ ខែ១២ ឆ្នាំ២០១៥​​​​​​​