កម្ពុជា​: អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​មាន​កំណើន​គួរ​កត់សម្គាល់​

    ភ្នំពេញ: លទ្ធផល​នៃ​ការស្រាវជ្រាវ របស់​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា​(​រ៉ក់​) បាន​ឲ្យ​ដឹង​ថា តាម​ការ​ធ្វើ​សម្ភាសន៍​ប្រជាពលរដ្ឋ​ខ្មែរ​សរុប​ចំនួន​ជាង ១.០០០​នាក់ នៅ​ខេត្ត​ចំនួន​១១​ក្នុង​ប្រទេស ដែល​មាន​ទាំង​ទីប្រជុំជន និង​ជនបទ បាន​បង្ហាញ​ថា ចំនួន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​គឺ​គួរ​កត់សម្គាល់​។

​​    លោក លី ពិសី ប្រធាន​ក្រុមប្រឹក្សាភិបាល​រ៉ក់​បាន​ឲ្យ​ដឹង​តាមរយៈ​របាយការណ៍​នៅ​ថ្ងៃ​ទី​៨​ខែ​ធ្នូ​នេះ​ថា អ្នក​បាន​ផ្ដល់​ការ​សម្ភាសន៍​ចំនួន ១ ៥៦៣​នាក់ គឺ​អ្នក​ស្រឡាញ់​ភេទ​ផ្ទុយគ្នា​មាន​ចំនួន ១ ០៨៥​នាក់​។ រីឯ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​(​ស្ត្រី​ស្រឡាញ់​ស្ត្រី និង​បុរស​ស្រឡាញ់​បុរស​អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ផ្លាស់ប្ដូរ​យេនឌ័រ​) មាន​ចំនួន​៤៧៨​នាក់​។​​

    របាយការណ៍​ក៏បាន​បង្ហាញ​ពី​ការ​រក​ឃើញ នូវ​លទ្ធផល​សំខាន់ៗ ដែល​ទាក់ទង​និង​កម្រិត​នៃ​ការរើសអើង ទៅលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ទទួលរង​គ្រោះ​ដែល​ជា​បញ្ហា​មិន​ស្ដែង​ឲ្យ​ឃើញ​ជា​ចំហ​អំពី​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ទោះ​យ៉ាងណា ការ​រក​ឃើញ​ខ្លះ​ក៏បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ទទួល​ស្គាល់ និង​ការ​គាំទ្រ​របស់​សហគមន៍ ទៅលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។​​

    ក្រុមប្រឹក្សាភិបាល លោក លី ពិសី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំពោះ​ស្ថាប័ន ឬ​អ្នក​ដែល​គាំទ្រ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​អាច​ទទួល​បាន​របាយការណ៍​លម្អិត ដែល​មាន​ប្រ​យោ​ជ​ន៏ ដល់​ការស្រាវជ្រាវ​អំពី​សិទ្ធិមនុស្ស ការ​ព្រួយបារម្ភ​ពី​សុខភាព និង​សិទ្ធិ​ឪពុក​ម្ដាយ​ជាដើម​។ អង្គការ​រ៉ក់​នឹង​មាន​ពី​ធី​សម្ពោធន៍​របាយការណ៍​ស្រាវជ្រាវ​នេះ នៅ​ម៉ោង​៩​ដល់​១២​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅ​សាលា​មធ្យមសិក្សា​គរុកោសល្យ​មត្តេយ្យ​មជ្ឈិម​។​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
​ឆ្នាំ​ទី​២៣​ លេខ​ ៦៨៩៥​ ថ្ងៃ​ពុធ​ ទី​០៩​ ខែ​ធ្នូ​