រោងចក្រ​ស៊ីម៉ងត៍​ថ្មី​មួយ​នឹង​ចេញ​ជា​រូបរាង​ជាមួយ​ទឹកប្រាក់​វិនិយោគ​ជាង​២០០​លាន​ដុល្លារ​

ភ្នំពេញ: រោងចក្រ​ស៊ីម៉ងត៍​សាងសង់​ថ្មី​មួយ​នៅ​ខេត្ត​កំពត គ្រោង​វិនិយោគ​ក្នុង​រង្វង់​ទឹកប្រាក់ ២៦២​លាន​ដុល្លារ​អាមេរិក និង​មាន​សមត្ថភាព​ផលិត​បាន ៥.០០០​តោន​ក្នុង​មួយថ្ងៃ​។ លោក អៃ​ឌែ​ន​ឡៃ​នែ​ម នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជីប​ម៉ុង​អ៊ី​ន​ស៊ី​ស៊ី​មេន បាន​ឲ្យ​ដឹង​បែបនេះ នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​ជីប​ម៉ុង​អ៊ី​ន​ស៊ី​ស៊ី​មេ​នខ​ប​ភើ​រេ​សិន​និង​ក្រុមហ៊ុន  Citic Heavy Industries Company Limited​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ឆ្នាំ​២០១៥​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយមាន​ការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ព្រមទាំង​ភ្ញៀវ​ជាតិ​អន្តរជាតិ​ជាច្រើន​ទៀត​។​    ​    ​    ​

លោក អៃ​ឌែ​ន​ឡៃ​នែ​ម បាន​បញ្ជាក់​ថា រោងចក្រ​ស៊ីម៉ងត៍​ថ្មី​មួយ​នេះ​នឹង​សាងសង់​នៅ​ដើម​ឆ្នាំ​២០១៦​ដោយ​ក្រុមហ៊ុន CItic Heavy Industries មកពី​ប្រទេស​ចិន​ដែល​ជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​សម្ភារៈ​ផលិតផល​ស៊ីម៉ងត៍​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​។ រោងចក្រ​នេះ នឹង​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង និង​ចាត់ចែង​ដោយ​ក្រុមហ៊ុន​ជីប​ម៉ិ​ង​អ៊ី​ន​ស៊ី​ស៊ី​មិន និង​ជា​សមិទ្ធផល នៃ​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ជីប​ម៉ុង​ស៊ី​មេន​គ្រុប និង Siam City cement Public Company limited មកពី​ប្រទេស​ថៃ​។​

លោក ឡៃ​នែ​ម បាន​បន្ត​ថា រោងចក្រ​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​អនុលោម​បាន​នូវ​បទដ្ឋាន​គុណភាព​អន្តរជាតិ និង​សន្សំសំចៃ​ថាមពល និង​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់​បាន ៥.០០០​តោន​មួយថ្ងៃ នៅ​ពេល​បាន​សាងសង់​រួចរាល់​។ ពិសេស​ជាង​នេះ​ទៀត​រោងចក្រ​ស៊ីម៉ងត៍​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាច្រើន​ដល់​កម្ពុជា តាមរយៈ​ការកាត់បន្ថយ​បន្ទុក​ក្នុង​ការ​នាំចូល​ស៊ីម៉ងត៍​ពី​បរទេស​។ ការប្រើប្រាស់​ធនធានធម្មជាតិ​ដោយ​ភាព​ឆ្លាត​វៃ និង​ការ​ផ្ដល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ជាច្រើន​ផង​ដែរ​។​

​លោក​រដ្ឋមន្ត្រី ស៊ុយ សែម ដែល​អញ្ជើញ ជា​កិត្តិយស​នៅ​ពេល​នោះ បាន​រំលឹក​បាន​មានប្រសាសន៍ថា រោងចក្រ​នៅ​ខេត្ត​កំពត​នេះ មាន​ក្រុមហ៊ុន​ជាច្រើន​មក ហើយ​បាន​មក​ចែចូវ​វិនិយោគ​ផ្ទេរ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ​។ ក្រុមហ៊ុន​ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​នេះ ជា​ក្រុមហ៊ុន​ទី​៣ ដែល​បានសម្រេច​លទ្ធផល​ជា​ផ្លែផ្កា​មាន​លក្ខណៈ​ពេញលេញ ដែល​បាន​ចំណាយ​ទុន​វិនិយោគ​ដល់​ទៅ ២៦២​លាន់​ដុល្លារ​។​

លោក​រដ្ឋមន្ត្រី​សង្ឃឹមថា នៅ​ពេល​រោងចក្រ​ស៊ីម៉ងត៍​នេះ ដំណើរការ​ផលិត​នឹង​បម្រើ​សេចក្ដី​ត្រូវ​ការ​ក្នុងស្រុក​បាន​តាម​សំណូមពរ ពិសេស​ជួយ​កាត់បន្ថយ​ការ​នាំ​ចូល​ស៊ីម៉ងត៍​មកពី​ក្រៅ​ប្រទេស ជាមួយ​និង​ការ​ផ្ដល់​ការងារ​យ៉ាង​ច្រើន​ដល់​ប្រជាជន​កម្ពុជា​ទៀត​ផង​។ លោក​រដ្ឋមន្ត្រី​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​បង្កើត​រោងចក្រ​ថ្មី​នៅ​កំពត​នេះ ព្រោះ​ជា​រោងចក្រ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​មកពី​ចិន និង​អាល្លឺម៉ង់​។

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំ​ទី​២៣​ លេខ​ ៦៨៩៣​ ថ្ងៃ​ អាទិត្យ-​ចន្ទ​ ទី​០៦