សេចក្ដី​ថ្លែងការណ៍​រួម “សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា៖ កាលានុវត្តនភាព​និង​បញ្ហា​ប្រឈម”

សេចក្ដី​ថ្លែងការណ៍​រួម

“សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា៖ កាលានុវត្តនភាព​និង​បញ្ហា​ប្រឈម”

យើងខ្ញុំ​ដែល​ជា​បណ្ដាញ​អង្គការ​ក្នុង​ស្រុក​និង​អន្តរជាតិ​ធ្វើការ​លើ​វិស័យ​បច្ចេកវិទ្យា សារគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​(ICT4D) ធ្វើ​បទ​បង្ហាញ​ជូន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អំពី​ទិដ្ឋភាព​ទូទៅ​នៃ​សិក្ខាសាលា​​ដែល​​​​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២៩ កញ្ញា និង​នៅ​ថ្ងៃ​ទី ៣ ធ្នូ ឆ្នាំ ២០១៥ ក្នុង​គោលបំណង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​កាលានុវត្តនភាព​​​ដែល​ទាក់ទង​ទៅ​នឹង​សេរីភាព​នៃ​ការ​ប្រើប្រាស់​​អ៊ីនធឺណិត និង​ សុវត្ថិភាព​នៅ​លើ​អ៊ីនធឺណិត។ សិក្ខាសាលា​មាន​​អ្នក​ចូលរួម​​លើស​ពី​មួយ​រយ​នាក់ ដែល​រួម​មាន​​អ្នក​តំណាង​មក​ពី​​ស្ថាប័ន​រាជរដ្ឋាភិបាល អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ស្ថាប័ន​អប់រំ ក្រុម​យុវជន អ្នក​ប្រើប្រាស់​អ៊ីនធឺណិត និង​វិស័យ​ឯកជន។ 

នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​មាន​ភាព​រីកចម្រើន និង​​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​​អាច​ប្រើប្រាស់​អ៊ីនធឺណិត​បាន​កាន់តែ​ច្រើន​ឡើង។ បច្ចុប្បន្ន​អ៊ីនធឺណិត​មាន​នៅ​ស្ទើរ​គ្រប់​ទីកន្លែង និងអត្រាអ្នក​ជាវ​សេវា​ទូរសព្ទ​មាន​ដល់​ទៅ​ជិត ២០ លានស្មើ​នឹង ១៣០% នៃ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ក្នុង​នោះ​មាន​អ្នក​ប្រើ​ទូរសព្ទ​ទំនើប ​ដល់​ទៅ ៣៩,៥% (តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​វិទ្យាស្ថានបើក​ទូលាយ​ឆ្នាំ ២០១៥) ដែល​​បង្កភាព​ងាយស្រួល​ផ្សេងៗ​សម្រាប់​សេវាកម្ម​លើ​ទូរសព្ទ​ទំនើប បង្កើន​​ការ​វិនិយោគ​​​នៅ​ក្នុង​ផ្នែក​ទូរគមនាគមន៍ និង​ផ្ដល់​សេវាកម្ម​ស្ទើរ​គ្រប់ទីកន្លែង​នៅ​កម្ពុជា ទាំង​នៅ​តំបន់​ជនបទ​ជា​ច្រើន​ទៀត​ផង ព្រមទាំង​បំផុស​ឲ្យ​មាន​គោលនយោបាយ​របស់ ​រាជរដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក (e-commerce) ការ​សិក្សា​តាម​អេឡិចត្រូនិក (e-learning) និង​ជំនួញ​តាម​អេឡិចត្រូនិក (e-business) ទៀត​ផង។

ក្នុង​បរិបទ​នៃ​​ការ​អភិវឌ្ឍ​​ទូរគមនាគមន៍​នៅ​កម្ពុជា នៅ​អំឡុង​ពេល​សិក្ខាសាលា​ អង្គការ​សង្គមស៊ីវិល​នៅ​កម្ពុជា​បាន​ពិភាក្សា និង​យល់ព្រម​លើ​សារៈសំខាន់​នៃ​សេរីភាព​​ការ​ប្រើប្រើប្រាស់​អ៊ីនធឺណិត និង​បណ្ដាញ​​សុវត្ថិភាព​នៅ​លើអ៊ីនធឺណិត​ដែល​អាច​ចែកចាយ​ព័ត៌មាន លើក​កម្ពស់​ការ​សិក្សា និង​អភិវឌ្ឍ​សង្គម​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង។ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​លើ​អ៊ីនធឺណិត ជា​ពិសេស​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​​សិទ្ធិ​ការពារ​ភាព​ឯកជន ក៏​ត្រូវ​បាន​លើក​យក​មក​​ពិភាក្សា​ជា​ក្ដីកង្វល់​ដ៏​សំខាន់​ផង​ដែរ។ ប្រសិនបើ​ក្ដី​កង្វល់​ទាំងនេះ​​ត្រូវ​បាន​​ដោះស្រាយ ស្ថានប័ន​ជាតិ ប្រជាពលរដ្ឋ​កម្ពុជា សង្គម​ស៊ីវិល និង​វិស័យ​ឯកជន អាច​ចូល​ទៅ​កាន់​ព័ត៌មាន​បាន​ទូលំទូលាយ​ដើម្បី​ចូលរួម​ចំណែក ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត។

តាម​ការពិត គំនិត​សំខាន់​ដែល​បាន​ចែករំលែក​ក្នុង​ចំណោម ​អ្នក​ចូលរួម​ទាំងអស់​នៅ​អំឡុង​ពេល​សិក្ខាសាលា​​ គឺ​ថា​ ព័ត៌មាន​មិន​ត្រឹមតែ​សំខាន់​ ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ ដោយ​សមភាព​សម្រាប់​ប្រជាជន​កម្ពុជា​ ធ្វើ​ឲ្យ​ជំនួញ​ប្រសើរ និង​​​ផ្នែក​សេដ្ឋកិច្ច​ទាំងអស់​រីកចម្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​សារៈសំខាន់​​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​មាន ​លទ្ធភាព​បញ្ចេញ​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ​សម្រាប់ ​ការ​អភិវឌ្ឍ​ប្រកប​​ដោយ​តម្លាភាព និង​ការ​ទទួល​ខុសត្រូវ​ផង​ដែរ។ ចំណុច​សំខាន់​មួយ​ទៀត​​នៃ​ការ​ពិភាក្សា​ គឺ​ធ្វើ​យ៉ាង​ដើម្បី​ដោះស្រាយ​បញ្ហា​ដូចជា​សកម្មភាព​ សម្លុត​គំរាមកំហែង​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អាកប្បកិរិយា​នៅ​លើ​អ៊ីនធឺណិត​ដែល​មាន​ភាព​អវិជ្ជមាន​ផ្សេងៗ។

បន្ថែម​ពី​នេះ​ទៀត ក្ដី​កង្វល់​សំខាន់​ពីរ​ទៀត​ក៏​ត្រូវ​បាន​លើក​យក​មក​​ពិភាក្សា​នៅ​​ក្នុង​ក្រុម​ផង​ដែរ ដែល​​រួម​មាន​ផល​ប៉ះពាល់​នៃ​បទ​​​បញ្ញត្តិ​នានា​នៅ​លើ​អ៊ីនធឺណិត និង​​​របៀប​ផ្ដល់​អំណាច​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​​ប្រកប​ដោយ​ប្រសិទ្ធភាពនិង ​មាន​វិជ្ជាជីវៈ។ ការ​ពិភាក្សា​ផ្ដោត​ សំខាន់​លើ​របៀប៖ ធានា​​បាន​នូវ​សុវត្ថិភាព​​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺ​ណិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ធានា​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ លើក​កម្ពស់​​សិទ្ធិ​មនុស្ស​នៅ​លើ​អ៊ីនធឺណិត និង​​ការ​ចូលរួម​ការពារ​សុវត្ថិភាព ព្រមទាំង​​ការ​ពិគ្រោះ​យោបល់​ជា​រួម​​លើ​ការ​​ការ​បង្កើត​សេចក្ដី​ព្រាង​ច្បាប់​ ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​អ៊ីនធឺណិត ដូចជា​ច្បាប់​សេចក្ដី​ព្រាង​ច្បាប់​អ៊ីនធឺណិត​ជា​ដើម។ 

ជា​លទ្ធផល​ នៃ​ការ​ពិភាក្សា​គ្រប់ជ្រុងជ្រោយ​​ក្នុង​អំឡុង​ពេល​សិក្ខាសាលា​នេះ សិក្ខាកាម​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​គួរ​អនុវត្ត​មធ្យោបាយ​ជា​វិជ្ជមាន​ក្នុង​ការ​​ការពារ​សិទ្ធិ​មនុស្ស ជា​ពិសេស​សិទ្ធិ​​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​​មតិ​នៅ​លើ​អ៊ីនធឺណិត និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​លើ​អ៊ីនធឺណិត ដើម្បី​ឲ្យ​ពួកគេ​​​អាច​ទទួល​បាន​ព័ត៌មាន​យ៉ាង​ទូលំទូលាយ និង​​ធ្វើការ​សម្រេច​ចិត្ត​​បាន​ពី​ប្រភព​ព័ត៌មាន​ផ្សេងៗ។ ជាពិសេសអនុសាសន៍​សម្រាប់​រាជរដ្ឋាភិបាល​​​បាន​សម្រេច​​ឡើង​ដូច​ខាងក្រោម៖

ចេញផ្សាយ​នូវ​សេចក្ដីព្រាង​​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (Cybercrime Law) សម្រាប់​ពិគ្រោះ​យោបល់​ជា​សាធារណៈ​​ឲ្យ​បាន​​កាន់តែ​ទូលំទូលាយ

ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​លើ​អ៊ីនធឺណិត និង​សេរីភាព​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត

ការពារ​សុវត្ថិភាព​នៅ​លើ​អ៊ីនធឺណិត​ជាជាង​ការ​រឹត​បន្តឹង​ចំពោះ​មាតិកា​ព័ត៌មាន

បើក​ទូលាយ​​កន្លែង​បន្ថែម​នៅ​លើ​អ៊ីនធឺណិត​ដើម្បី​ផ្សព្វផ្សាយ​ពី​អភិបាលកិច្ច​ល្អ និង​តម្លាភាព

ជា​ចុង​បញ្ចប់ សិក្ខាសាលា​ក៏​​បាន​សន្និដ្ឋាន​​ថា ដើម្បី​ជៀសវាង​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម និង​មាន​​ការ​ពិគ្រោះ​យោបល់​​​ដោយ​តម្លាភាព និង​​ទូលំទូលាយ​ជាមួយ​សាធារណជន​ទូទៅ និង​សង្គម​ស៊ីវិល​​ គួរ​តែ​ធ្វើ​ឡើង​ទាក់ទង​នឹង​​សេចក្ដី​ព្រាង​​ច្បាប់​ទាំងឡាយ​ណា​ទាក់ទង​នឹង​អ៊ីនធឺណិត។ ដើម្បី​ការពារ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​ដូចជា​ការ​ថែរក្សា​សុវត្ថិភាព​នៅ​លើ​អ៊ីនធឺណិតយើង​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​នានា​ ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគេ៖ យល់ដឹង​អំពី​របៀប​ប្រើប្រាស់​អ៊ីនធឺណិត​​ដើម្បី​ជៀសវាង​ការ​បង្ហាញ​ជា​សាធារណៈ​នូវ​ភាព​ឯកជន​របស់​ពួកគេ លើក​កម្ពស់​ការ​យល់ដឹង​ទាក់ទង​នឹង​ការ​​តាក់តែង​​ច្បាប់ និង​​​​ប្រាកដ​ថា​មាន​ការ​ចូលរួម​ជា​សាធារណៈ​ក្នុង​ដំណើរការ​តាក់តែង​ច្បាប់​ទាំង​​នេះ។

បណ្ដាញ​កម្ពុជា ICT4D គឺ​ជា​ក្រុម​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិនិងអន្តរជាតិ​ដែល​ធ្វើការ​រួមគ្នា​ដើម្បី​​ពង្រឹង​កិច្ចសហ ប្រតិបត្តិ ការ​រវាង​ដៃគូ​គម្រោង​នានា​នៅ​កម្ពុជានិង​អង្គការ (SPIDER) ក្នុង​គោលបំណង​លើក​កម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​សម្រាប់​​ការ​អភិវឌ្ឍ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។ សមាជិក​បណ្ដាញ​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​មាន​ដូចជា (EWMI), (ODC) (InSTEDD), វិទ្យាស្ថាន​បើក​ទូលាយ (OI) មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា (WMC) មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC)។

ធ្វើ​នៅ​ភ្នំពេញ ថ្ងៃ​ទី ៣ ខែ ធ្នូ ឆ្នាំ ២០១៥

-​ចប់-

ប្រភព​ព័ត៌មាន: 
អង្គការ​វិទ្យាស្ថាន​បើកទូលាយ
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥