នៅ ​ថ្ងៃ​ទី​២០​ធ្នូ ក្រសួងការពារជាតិ​ប្រឡង​ជ្រើសរើស​នាយទាហាន​, បេក្ខជន​ជាង​៣​ពាន់​នាក់​ដាក់ពាក្យ​ប្រឡង​ចូល​បម្រើ​កង​ទ័ព

ភ្នំពេញ: គណៈកម្មការ​ជ្រើសរើស និង​ត្រួតពិនិត្យ​លក្ខណៈសម្បត្តិ​សិក្ខាកាម​មក​បណ្ដុះ​បណ្ដាល​នៅ​ក្នុង​និង​ក្រៅ​ប្រទេស របស់​ក្រសួងការពារជាតិ នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​នាយទាហាន​វគ្គ​នាយទាហាន​សកម្ម​ជំនាន់​ទី​២០​នាយទាហាន​ទ័ព​ជើង​គ​គោក​ជំនាន់​ទី​៨ និង​នាយទាហាន​បន្តវេន​ជំនាន់​ទី​៩ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​វិទ្យាល័យ​បាក់​ទូក​។ នេះ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​រជ្រើស​រើស និង​ត្រួតពិនិត្យ​លក្ខណសម្បត្តិ​សិក្ខាកាម​មក​បណ្ដុះបណ្ដាល​នៅ​ក្នុង និង​ក្រៅ​ប្រទេស នៃ​ក្រសួងការពារជាតិ កាលពី​ចុះ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥​។​ 

ការ​ប្រឡង​ជ្រើសរើស​នាយទាហាន វគ្គ​នាយទាហាន សកម្ម​ជំនាន់​ទី​២០ នាយទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី​៨ និង​នាយទាហាន​បន្តវេន​ជំនាន់​ទី​៩ ដែល​នឹង​ប្រព្រឹត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ នៅ​វិទ្យាល័យ​បាក់​ទូក គឺ​លោក​ឧត្ដម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេ​បញ្ជា​ការ​រង​កងទ័ព​ជើងគោក មេ​បញ្ជា​ការដ្ឋាន​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម អញ្ជើញ​ចុះទៅ​ត្រួត​ពិនិត្យមើល​ការ​ប្រឡង​ការ​ប្រឡង​ជ្រើសរើស​នាយទាហាន និង​ធ្វើ​សន្និសីទកាសែត​ផង​ដែរ​។​

​មន្ត្រី​ជាន់ខ្ពស់​ក្រុមការងារ​ ថ្នាក់​កណ្ដាល​ប្រឡង​ជ្រើសរើស​នាយទាហាន នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ នេះ​ឲ្យ​ដឹង​ថា ចំនួន​សិក្ខាកាម​ដែល​បាន​ដាក់​ពាក្យ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​ជាង ៣​ពាន់​នាក់ គឺ​មាន​ការ​កើន​ឡើង​ជា​ង​ឆ្នាំមុន​៕ 

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥