អាកាសធាតុ ​ត្រជាក់​ចាប់​ផ្ដើម​គ្រប​ដណ្ដប់​លើ​កម្ពុជា​ពិសេស​តំបន់​ខ្ពង់រាប​និង​តំបន់​ទំនាប​កណ្ដាល

ភ្នំពេញ: ឥទ្ធិពល​ខ្យល់មូសុង​ឦសាន​បង្ក​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​ចាប់​ផ្ដើម​ត្រជាក់​ ជា​បណ្ដើរៗ​ហើយ​។ បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ថា សីតុណ្ហភាព​ចុះ​ត្រជាក់​ចាប់ពី​អប្ប​រិ​មា​១៧​អង្សា​សេ និង​អតិបរមា ២៧​អង្សា​សេ នឹង​គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន​៨ របស់​កម្ពុជា រួមមាន​ខេត្ត​បន្ទាយ​មានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ខេត្ត​រតនគិរី និង​មណ្ឌលគិរី ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២០ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បញ្ជាក់​ថា កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​។ ជ្រលង​សម្ពាធ​ខ្ពស់​នេះ នឹង​បង្កើន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​មក​លើ​កម្ពុជា ជាពិសេស​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ទំនាប​ភាគ​កណ្ដាល​នៃ​ប្រទេស​។​ 

ក្រសួង​ធនធាន​ទឹក​ក៏បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន​ជ្រាប​ព័ត៌មាន និង​សំណូមពរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ស្ថានភាព​អាកាសធាតុ​ត្រជាក់​នេះ​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥