កម្មវិធី​ទូរទស្សន៍​ជួយគាំទ្រ​ការ​​ទប់ស្កាត់អំពើហិង្សាលើដៃគូ

    ភ្នំពេញ (២០ វិច្ឆិកា ២០១៥)៖ មានការស្រាវជ្រាវ ​ជាច្រើនបង្ហាញ​ថាប្រព័ន្ធផ្សព្វផ្សាយបានឆ្លុះបញ្ចាំងពីតំលៃវប្បធម៍និងសង្គម និង​មាន​ឥទ្ធិពលលើសាធារណៈជាទូទៅ​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន។​ មាន​ការ​បង្ហាញ​ថា​ អំពើហិង្សា​តាម​ទូរទស្សន៍​មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​អ្នក​ទស្សនា​ ជាពិសេស​កុមារ​ដែល​ការ​បង្ហាញ​នោះ​ធ្វើឲ្យ​ពួក​គេ​ធ្វើតម្រាប់​តាម។​ នៅ​​ក្នុង​នោះ​ដែរ​ទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វផ្សាយនិងហិង្សាលើ​ដៃ​គូ​ ស្និទ្ធស្នាលក៏​រាប់​បញ្ចូល​ផង​ដែរ ក្នុង​នោះមានការជះឥទ្ធិពលពីឥរិយាបទដោយធម្មតានិងហិង្សាលើ​ដៃ​គូស្និទ្ធស្នាល។ ​ ឥទ្ធិពល​ទាំង​នោះ​​រួមមាន ស្ត្រីបង្ហាញថាខ្លួន​ជា​ជនរងគ្រោះពី​ដៃ​គូ​តាម​រយៈ​ការសម្ដែង​ជា​ការ​​ កម្សាន្ត​ដូច​ជា​កប្លែង​ជា​ដើម។​ ការសិក្សាមួយចំនួនបានបង្ហាញថាការប្រើប្រាស់អំពើហឹង្សាក្នុងប្រព័ន្ធផ្សព្វ​ ផ្សាយបង្កើនការឈ្លានពាន ញុះញង់ឱ្យមានបទឧក្រិដ្ឋរួមទាំងការសម្លាប់ដៃ​គូ ចម្លងតាមគ្នា និង​អាច​នាំ​ឱ្យមានស្នេហាបែបហិង្សា។

    តាម ​ការ​សិក្សា​របស់​ក្រសួង​កិច្ច​ការ​នារី​ឆ្នាំ​២០០៥​ បង្ហាញ​ថា​អ្នក​តប​សម្ភាសន៍​បានរាយការណ៍ថាប្រព័ន្ធផ្សព្វផ្សាយ មានឥទ្ធិពលលើអាកប្បកិរិយា​អ្នក​ប្រព្រិត្តិ​។ តាម​ការ​សិក្សា​នេះប្រព័ន្ធផ្សព្វ​ផ្សាយ​ត្រូវ​បាន​គេ​រាយ​​ ការណ៍ថាជាកត្តាទី​៣ដែលមានឥទ្ធិពលបំផុតលើឥរិយាបទរបស់បុរសក្នុង​ការ​ ប្រព្រឹត្តិ​ហិង្សា​លើស្ត្រី បន្ទាប់ពីការខ្វះខាតនៃការអនុវត្តច្បាប់និងការដាក់សម្ពាធលើបុរស​ជា​ដៃ​គូ។ ការ​អង្កេត​នេះ​បាន​បង្ហាញ​ថា​មាន​ឥទ្ធិពលស្រដៀងគ្នានឹងឥរិយាបទរបស់​​ ស្ត្រីលើអាកប្បកិរិយារបស់បុរស ក្នុង​នោះពាក់កណ្តាលនៃស្ត្រីបានរាយការណ៍ថាប្រព័ន្ធផ្សព្វ​ផ្សាយ​មាន​ឥទ្ធិពល ​លើ​អាកប្ប​កិរិយារបស់​ពួក​គេ​ឆ្ពោះ​ទៅ​រក​ឥរិយា​បទ​របស់​បុរស។ ទោះយ៉ាងណានេះមិនមាន​ការ​ បង្ហាញថាតើប្រព័ន្ធផ្សព្វផ្សាយដែលមានឥទ្ធិពលជាវិជ្ជមានឬអវិជ្ជមានលើឥរិយាបទរបស់បុរសនៅ ​ប្រទេស​កម្ពុ​ជា​នោះ​ទេ។

    ក្នុង​​ការ​​ជួយ​កាត់​បន្ថយ​ការ​បង្ហាញ​ អំពើ​ហិង្សា​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​ជាពិសេស ​តាម​ទូរទស្សន៍​​ដែល​ជា​ប្រព័ន្ធផ្សព្វ ផ្សាយមួយ​មាន​​ឥទ្ធិ​ពល​ខ្លាំង​លើ​ប្រជាជន​កម្ពុ​ជា​នោះ វិទ្យា​ស្ថានបើក​ទូលាយបាន​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​​មួយ​ដែល​មាន​ ឈ្មោះ​​ថា “ទប់ស្កាត់អំពើ​ហិង្សាលើដៃគូតាមរយៈប្រព័ន្ធផ្សព្វផ្សាយ” មានរយៈពេល៤ខែចាប់ពីខែ​កញ្ញា ​ដល់ខែធ្នូ ឆ្នាំ២០១៥ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ថវិការបស់​អង្គការ​មូលនិធិ​អាស៊ី។ គម្រោង​នេះ​​មានគោល​បំណង​ស្វែងរកការគាំទ្រតាមបណ្តាញទូរទស្សន៍ និងបណ្តាញព័ត៌​មាន​ផ្សេងៗទៀត ដើម្បីជម្រុញឱ្យមានការ​កាត់​បន្ថយអំពើហិង្សាលើដៃគូ។

    លោក​ស្រី ជឹម ម៉ាណាវី នាយិកាអង្គការវិទ្យាស្ថាន​បើកទូលាយ​បានមានប្រសាសន៍ថា ស្ថានីយ៍ទូរទស្សន៍ចំនួន​បី​ត្រូវបានជ្រើសរើស​ជាបឋមក្នុងការស្វែង​រក​ការ​គាំ ​ទ្រ​នេះ។ ​ក្នុង​ការ​រៀប​ចំយុទ្ធនា​ការ​ស្វែង​រក​ការ​គាំ​ទ្រ​នេះ​ អ្នក​ចូលរួម​តម្រូវ​ឲ្យ​ប្រើ​គណនេយ្យ​ ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ក្នុង​ការ​ បង្ហោះ(Post) ចែករំលែក (Share ) និងបញ្ចេញមតិ (Comment) ដោយសរសេរគំនិត និងយោបល់ផ្ទាល់ខ្លួនឆ្លុះ​បញ្ចាំង​ពី​អំ​ពើ​ហិង្សា​លើ​ដៃ​គូស្និទ្ធ​ស្នាល។ ក្នុង​ការ​ជួយ​សម្រួល​ក្នុង​យុទ្ធនា​ការ​នេះ​ អ្នក​ចូលរួម​អាច​ស្នើចូល​ជា​សមាជិក​របស់​ក្រុមជជែក​ក្នុង​ការ​ស្វែង​រក​ គំនិត វីដេអូ​ថ្មីៗ និង​ការ​ជួយ​ណែ​នាំ​ផ្សេង​ៗ​ទៀត។​ វគ្គ​បណ្ដុះ​បណ្ដាល​បាន​រៀប​ចំឡើង​សម្រាប់​អ្នក​ចូលរួម​ក្នុង​ការ​ស្វែង​យល់ ​ពី​ អំពើ​ហិង្សា អំពើ​ហិង្សាលើ​ដៃ​គូ​ស្និទ្ធ​ស្នាល ធម្មជាតិនិង​ប្រភេទ​ហិង្សា និង​ផលវិបាក​របស់​វា​ផង​ដែរ។​ បន្ថែម​ពី​នេះ​វគ្គ​បណ្ដុះ​បណ្ដាល​ក៏​សង្កត់​ធ្ងន់​លើ​របៀប​នៃ​ការ​សរ​សេរ​ ក្រម​សីលធ៌ម​និង​ច្បាប់​សារព័ត៌មាន អនុសញ្ញាស្ដីពី​ការ​លប់​បំបាត់​រាល់ទម្រង់​នៃ​ការ​រើសអើង​លើ​ស្រ្តី និង​ការ​ប្រើ​ប្រាស់​ហ្វេសប៊ុក​សម្រាប់​បង្ហោះ ចែក​រម្លែក​ និង​ការ​បញ្ចេញ​មតិផង​ដែរ។​

    ក្រៅ​​ពី​យុទ្ធ​នា​ការ​តាម​រយៈ​អ័ន​ឡាញ​ ជា​ប្រចាំថ្ងៃ អ្នក​ចូលរួម​ក៏​នឹង​មាន​ឳកាសក្នុង​ការ​ចូលរួម​ក្នុងយុទ្ធ​នាការ​១៦​ ថ្ងៃក្នុង​​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រ្តី​ក្រោម​ការ​រៀប​ចំ​ដោយ​អង្គ​ ការ​ជាតិ​ និង​អន្តរជាតិ​ ក្នុង​កម្ម​វិធី​មួយ​​ចំនួន​ដូច​ជា​ការ​រាំនៅ​ក្រុង​ភ្នំពេញ ការ​រត់ពាក់កណ្ដាល​ម៉ារ៉ាតុងនៅ​ខេត្ត​ព្រះ​សីហ​នុ និងខេត្ត​សៀម​រាប និង​ការ​ចុះអប់រំ​និង​បង្រៀន​នៅតាម​សាលារៀន​ផ្សេងៗ។​ មិន​ត្រឹម​តែ​ជួយ​បង្កើន​ការ​ចាប់​អារម្មណ៍​និង​ការ​​យល់​ដឹង​ជា​សាធារណៈ ក្នុង​ឳកាស​នោះ​ផង​ដែរ​អ្នក​ចូលរួម​នឹង​ទទួល​បាន​អាវ​យឺត ក្រម៉ា និង​កាបូប​យួរ​ផង​ដែរ។​ ក្នុង​ពេល​ជា​មួយ​គ្នា​ វិទ្យាស្ថាន​បើក​ទូលាយ​ក៏​នឹង​រៀប​ចំ​ជា​ការ​ប្រកួត​មួយ​ដែល​តម្រូវ​ឲ្យ​ អ្នក​ចូល​រួម​ ថត​រូបផ្ទាល់រួម​ជាមួយ​នឹង​សារ​អប់​រំ​ក្នុង​ការ​កាត់​បន្ថយ​អំពើហិង្សា​លើ​ ដៃ​គូស្និទ្ធ​ស្នាល ​រួច​ប្ដូរ​រូប​នេះ​ក្នុង​គណនេយ្យ​ហ្វេសប៊ុកខ្លួន​ឯង ហើយ​បើ​អ្នក​ចូលរួម​ណា​ទទួល​បាន​ការ​ចូល​ចិត្ត (Like) និង​ការ​បញ្ចេញ​​មតិយោបល់​ច្រើន​ជាង​គេ​ក្នុង​ការ​ប្រកួត​នឹង​ទទួល​បាន​ រង្វាន់ផងដែរ។​

    ដើម្បីចួលរួមក្នុងយុទ្ធនានេះ អ្នកចូលរួមគ្រប់រូប​អាចចុះឈ្មោះក្នុងអ័នឡាញ https://goo.gl/nhCgT9 ​ឬ​តាម​ទូរ​ស័ព្ទ​​លេខ ០៩៥ ២២២ ៩២១ / ០៧០ ៥៦៦ ៦៥៤។ សូម​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​យុទ្ធ​នាការ​នេះ​អ្នក​ចូល​រួម​នឹង​ទទួល​បាន​ជា ​រង្វាន់​​ក្នុង​ការ​បង្ហោះ ចែក​រម្លែក​ និង​ការ​បញ្ចេញ​មតិ៕

ប្រភព​ព័ត៌មាន: 
កាសែត ឃែមបូឌា ញូវស៍
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥