ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​នៅ​កម្ពុជា​កើន​មិន​ច្រើន

ភ្នំពេញ: ក្រសួងទេសចរណ៍ អះអាង​ថា រយៈពេល​៩​ខែ ឆ្នាំ ២០១៥ នេះ​ចំនួន​ទេសចរ​អន្តរជាតិ​មក​ទស្សនា កម្ពុជា​បាន​ជាង​៣,៣​លាន​នាក់ គឺ​កើន បាន​៤,៦​ភាគរយ បើ​មធ្យម​រយៈពេល ដូចគ្នា ទៅ​នឹង​ឆ្នាំ​២០១៤ ។ ដោយឡែក បើ​គិតតែ​មួយ​ខែ​កញ្ញា ឆ្នាំនេះ​ភ្ញៀវ អន្តរជាតិ​មក​កម្សាន្ត​នៅ​កម្ពុជា​មាន​ជាង ៣​សែន​នាក់ គឺ​កើន​បាន​តែមួយ​ភាគរយ បើ​ធៀប​ទៅ​នឹង​ខែ​កញ្ញា​ឆ្នាំ​២០១៤​។ 

​លោក ហូ វណ្ឌី ប្រឹក្សា សភា ពាណិជ្ជកម្ម​កម្ពុជា និង​ជា​អតីត​ក្រុម ការងារ​តស៊ូ​មតិ​ផ្នែក​ឯកជន​ខាង​វិស័យ ទេសចរណ៍​បាន​កត់សម្គាល់​ឃើញ​ថា ដោយសារ​សភាពការណ៍​នយោបាយ រវាង​គណបក្ស​ទាំងពីរ​បាន​ធ្វើ​ឱ្យ ប៉ះពាល់​ដល់​ចំនួន​ភ្ញៀវ​ទេសចរ​។ លោក បាន​បង្ហាញ​ទស្សនៈ​ថា កុំថាឡើយ​ភ្ញៀវ អន្តរជាតិ​ថយ​ចុះ សូម្បីតែ​ភ្ញៀវ​ក្នុងស្រុក ឬ​អារម្មណ៍​ខ្លួនឯង​ម្នាក់ៗ ក៏​ប៉ះពាល់​ដែរ នៅ​ពេល​ដែល​កម្ដៅ​នយោបាយ​នៃ គណបក្ស​ទាំងពីរ​ក្ដៅ​។ ភ្ញៀវ​ក្នុងស្រុក ខ្លះ ក៏​ដកថយ​ការ​ដើរលេង​កម្សាន្ត នៅ​ចុង​សប្ដាហ៍​របស់​ខ្លួន​ដែរ ។ ថ្មីៗ​នេះ មន្ត្រី​​ស្ថានទូត​អាមេរិក និង​អង់គ្លេស បាន​ប្រកាស​ហាម​មិន​ឱ្យ​ប្រជាជន​គេ​នៅ ឱ្យ​ឆ្ងាយ​ពី​អាកាសយានដ្ឋាន​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក៏​ជា​កត្តា​ធ្វើ ឱ្យ​ប៉ះពាល់​ភ្ញៀវ​ទេសចរ​ចូល​មក​កម្ពុជា ដែរ​។ ភ្ញៀវ​មក​តាម​ផ្លូវ​អាកាស​ជាទូទៅ មាន​កំណើន​១០​ភាគរយ​ជាទូទៅ ។ 

​លោក វណ្ឌី​បាន​បញ្ជាក់​ថា ទោះបី​យន្តការ​ល្អ គោលនយោបាយ ល្អ​ក៏ដោយ​តែ​លុះត្រាតែ​រដ្ឋ និង​ឯកជន សហការ​គ្នា​ដែរ ។ បើ​វិស័យ​ទេសចរណ៍​ធ្លាក់​វិស័យ​ផ្សេងៗ រាប់ទាំង​សេវា ផ្គត់ផ្គង់​អ្វី​ទាំងអស់​ក៏​ធ្លាក់​ដែរ ។ វិស័យ ទេសចរណ៍ ជា​វិស័យ​នាំមុខ​គ្រប់​ដណ្ដប់ ឱ្យ​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ វិនិយោគ​ផ្សេងៗ​ទាំងអស់​។ ធ្វើ​ទេសចរ ត្រូវ​មាន​តម្រូវការ​៥​យ៉ាង ១.​ដើរហើរ​, ២.​ហូបចុក​, ៣.​ស្នាក់នៅ​, ៤.​ទិញ​សំបុត្រ ទស្សនា​កម្សាន្ត និង​ទី​៥.​ទិញ​វត្ថុ អនុស្សាវរីយ៍​យក​ទៅ​ផ្ទះ​វិញ ។ ដូច្នេះ​អ្វីៗ ជា​ប្រព័ន្ធ​វិស័យ​ទេសចរណ៍ គឺជា​សង្វាក់ ផលិតកម្ម​មួយ ដែល​ជំរុញ​ឱ្យ​មាន​ជា កំណើន​សេដ្ឋកិច្ច​សង្គម ។ 

 ​លោក វណ្ឌី សំណូមពរ​ឱ្យ គណបក្ស​នយោបាយ​ទាំងពីរ​មាន ការយោគយល់​គ្នា បន្ត​វប្បធម៌​សន្ទនា គ្នា​ទៅវិញទៅមក ដើម្បី​ឱ្យ​មានការ វិនិយោគ​មួយ​មាន​និរន្តរភាព​។ បើ​មិន អ៊ីចឹង​ទេ​អ្វីៗ​នៅ​ទ្រឹង​ទាំងអស់​។ 

លោក សុមេធា​រិ​ទ្ធ ប្រធាន សមាគម​សណ្ឋាគារ​បាន​បដិសេធ​មិន និយាយ​អ្វី​ទាំងអស់​ទាក់ទង​ទៅ​នឹង កម្ដៅ​នយោបាយ​រវាង​គណបក្ស​ធំ ទាំងពីរ​។ 

លោក ទិ​ត ចន្ថា អ្នកនាំពាក្យ ក្រសួងទេសចរណ៍ និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ មិន​អាច​សុំ ការ​បញ្ជាក់​បានទេ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​នេះ ដោយ​ទូរស័ព្ទ​រោទ៍​គ្មាន អ្នក​លើក​។ 

លោក ធួន ស៊ីណាន ប្រធាន សមាគម​ទេសចរណ៍ អាស៊ី​ប៉ា​ស៊ី​ហ្វី​ក បាន​ចាប់អារម្មណ៍​អ្វី​ដែល​ជា​កម្ដៅ នយោបាយ​កន្លង​មករ​វាង​គណបក្ស ទាំងពីរ​។ លោក​គិត​ជា​ថា​ជា​ស្ថានភាព មួយ​ដែល​មិនសូវ​ជា​ល្អ​ទេ​។

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំ​ទី​ ២៣​ លេខ​ ៦៨៨២​ ថ្ងៃ​ អង្គារ​ ទី២៤​ ខែ​វិ