ស្ថាប័ន​រាជរដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ ពិភាក្សា​បញ្ហា​ប្រឈម​ និង​កាលានុវត្ត​ភាព​ នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​

ភ្នំពេញ​៖​ អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ និង​បណ្ដាញ​អង្គការ​ក្នុងស្រុក​ និង​អង្គការ​អន្តរជាតិ​ដែល​ធ្វើ​ការ​លើ​វិស័យ​បច្ចេកវិជ្ជា​សារ​គមនាគមន៍​ និង​ព័ត៌មានវិទ្យា​សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ បាន​សហការ​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី​ "​សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា​៖​ កាលានុវត្ត​ភាព​ និង​ការ​ប្រឈម"​។​

សិក្ខាសាលា​នា​ព្រឹក​ថ្ងៃ​ ទី៣​ ធ្នូ​ នៅ​សណ្ឋាគារ​សាន់វ៉េ​ នេះ​ មាន​គោលបំណង​ ដើម្បី​ស្វែងយល់​ និង​ផ្សព្វផ្សាយ​អំពី​តម្រូវការ​ និង​ការ​ព្រួយបារម្ភ​របស់​ក្រុម​អ្នក​សិក្សា​ ក្រុម​យុវជន​ អង្គការ​សង្គម​ស៊ីវិល អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ ព្រម​ទាំង​វិស័យ​ឯកជន​ អំពី​សេរីភាព​អ៊ីនធឺណិត​។

តំណាង​ស្ថាប័ន​នានា​ អង្គការ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ និង​វិស័យ​ឯកជន​ប្រមាណ​ជាង​ ១០០​នាក់ បាន​ចូលរួម​ពិភាក្សា​ទាក់ទង​នឹង​បញ្ហា​ប្រឈម​ និង​ផលប្រយោជន៍​នៃ​អ៊ីនធឺណិត​។

ក្នុង​សិក្ខាសាលា​ស្ដីពី​សេរីភាព​អ៊ីនធឺណិត​ នៅ​កម្ពុជា​ កាលានុវត្ត​ភាព​ និង​ការ​ប្រឈម​ លោកស្រី​ ជឹម​  ម៉ាណាវី​ នាយិកា​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​ចំនួន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​​អ៊ីនធឺណិត​ មាន​ការ​កើន​ឡើង​ជា​លំដាប់​ដោយសារ​តែ​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ តែ​ផ្ទុយ​ទៅ​វិញ​ វា​ក៏​នាំ​ទុក្ខ​ទោស​ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ ប្រសិន​បើ​ប្រើប្រាស់​ខុស​។

ចំណែក​លោក​ ស៊ុន​ រ៉ាពីដ​ ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ និង​គមនាគមន៍​ មាន​ប្រសាសន៍​ថា​ អ៊ីនធឺណិត​​ មាន​សារសំខាន់​ និង​ត្រូវ​បាន​ប្រើប្រាស់​​គ្រប់​វិស័យ​ ដូច​ជា​វិស័យ​ឯកជន​វិស័យ​សាធារណៈ​ និង​ការប្រើប្រាស់​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ តាមរយៈ​អនឡាញ​វិស័យ​កសិកម្ម​ ក៏​ត្រូវ​ការ​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​កសិករ​ផង​ដែរ​។

លោក​បន្ត​ថា​  រាជរដ្ឋាភិបាល​បាន​ជំរុញ​ និង​លើក​កម្ពស់​លើ​វិស័យ​គមនាគមន៍​ លើ​បច្ចេកវិជ្ជា​ អ៊ីនធឺណិត​ នោះ​ឱ្យ​កាន់​តែ​ទំនើប​ និង​មាន​គុណភាព​ ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ ក្នុង​តម្លៃ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​អាច​ប្រើប្រាស់​បាន​គុណភាព​អន្តរជាតិ និង​សេវា​អាច​គ្របដណ្ដប់​ដល់​ទី​ជនបទ​មាត់​ញក​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាញ​យក​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​ប្រើប្រាស់​ជា​ប្រយោជន៍​បាន​គ្រប់​គ្នា​។ ប្រព័ន្ធ​អ៊ីនធឺណិត​ បច្ចុប្បន្ន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជាង​ ៦​លាន​នាក់​។

លោក​ ហៃ​  មករា​ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​អ៊ីនធឺណិត​ នៃ​ក្រសួង​មហាផ្ទៃ​ បាន​លើក​ឡើង​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ អ្នក​ប្រើប្រាស់​ តែងតែ​មាន​ប្រយោជន៍​ តែ​វា​មាន​ផល​អាក្រក់​ ប្រសិន​យក​ទៅ​ប្រើប្រាស់​ចាក​ពី​ច្បាប់​។ ដើម​ឆ្នាំ​ ២០១៥​ មក​ដល់​បច្ចុប្បន្ន​នេះ​ ទំហំ​ខូចខាត​សេដ្ឋកិច្ច​បណ្ដាល​មក​ពី​បទល្មើស​អ៊ីនធឺណិត​ មាន​ចំនួន​ ១,៥​លាន​ដុល្លារ​អាមេរិក​។

លោក​ មាស​ សោភ័ណ្ឌ​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ បាន​មាន​ប្រសាសន៍​ថា​ អ៊ីនធឺណិត​ មាន​សារសំខាន់​ណាស់​នៅ​ក្នុង​ជីវភាព​រស់នៅ​។ ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា បាន​ត្រូវ​បើក​ទូលាយ​ និង​ចែកចាយ​ស្ទើរ​គ្រប់​ទី​កន្លែង​ ជា​ពិសេស​កំពុង​ពេញ​និយម​ ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ចែករំលែក​ព័ត៌មាន។

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំ​ទី​២៣​ លេខ​៦៨៩២​ ថ្ងៃ​ សៅរ៍​ ទី​០៥​ ខែ​ធ្នូ​