ទិវា​អេដស៍​ពិភពលោក​មាន​កំណើត​ពី​គំនិត​អ្នកសារព័ត៌មាន​

ភ្នំពេញ: ទិវា​អេដស៍​ពិភព លោក (World AIDS Day) ត្រូវ​បាន​ផ្ដើម គំនិត​នៅ​ឆ្នាំ​១៩៨៧ ដោយ​អ្នក​សារ ព័ត៌មាន​ពីរ​នាក់ ហើយ​ត្រូវ​បាន​ប្រារព្ធ​ នៅ​ថ្ងៃ​ទី​០១​ខែ​ធ្នូ ជា​រៀងរាល់​ឆ្នាំ​ចាប់ពី ឆ្នាំ​១៩៩៦ ដើម្បី​រំលឹក​ដល់​ការ​យល់ដឹង អំពី​ការ​ឆ្លង​យ៉ាង​រាលដាល​ពាសពេញ ពិភពលោក​នៃ​មេរោគ​ហ៊ីវ​ហើយ​វា គឺជា​ទិវា​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ទិវា សំខាន់​ទាំង​ប្រាំបី​របស់​អង្គការ​សុខភាព ពិភពលោក​រដ្ឋាភិបាល​មន្ត្រី​សុខាភិបាល អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន និង​បុគ្គល​ឯកជន​ជុំវិញ​ពិភពលោក ប្រារព្ធ​ទិវា​នេះ​ដោយ​ការអប់រំ​ស្ដីពី​ការ ការពារ​និង​គ្រប់គ្រង​ជំងឺ​អេដស៍​ហើយ ក៏​មាន​ការ​យល់ដឹង​អំពី​អេដស៍​មក​ជា មួយ​ផង​ដែរ ។​

គិត​ពី​ឆ្នាំ​១៩៨១-២០១២​ជំងឺ អេដស៍ (AIDS) បាន​សម្លាប់​មនុស្ស​ទូទាំង ពិភពលោក​អស់​ជាង​៣៦​លាន​នាក់​និង ប្រមាណ​ជា​៣៥,៣​លាន​នាក់​ផ្សេងទៀត កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ (HIV) គឺជា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ គ្រប់គ្រាន់​សម្រាប់​ឱ្យ​ស្ថាប័ន​សុខភាព សាធារណៈ​ប្រកាស​ថា ជា​កំណត់ត្រា ប្រវត្តិសាស្ត្រ​ពិភពលោក ។ បើ​ទោះ​ជា បច្ចុប្បន្ន​មាន​វិធី​ព្យាបាល​ល្អ​គួរសម ហើយ​ក្ដី​ក៏​ជំងឺ​អេដស៍​ត្រូវ​បាន​គេ​ប៉ាន់ ប្រមាណ​ថា​បាន​ឆ្លង​ប្រហែលជា​ពីរ​លាន នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​ក្នុង​នោះ​មាន កុមារ​ប្រហែលជា​២៧០.០០០​នាក់​។​ 

​ដោយ​ឃើញ​ថា អេដស៍​គឺជា ឃាត​ករ​ដ៏​កំណាច ដូច្នេះ​ទើប​នៅ​ខែ សីហា​ឆ្នាំ​១៩៨៧ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ី​ស​បុរស​ពីរ​នាក់​ដែល ជា​មន្ត្រី​ព័ត៌មាន​នៃ​កម្មវិធី​អេដស៍​របស់ អង្គការ​សុខភាព​ពិភពលោក (WHO) គឺ​លោក James W. Bunn និង Thomas Netter បាន​ផ្ដួចផ្ដើម​គំនិត​មួយ​ក្នុង​ការ​ បង្កើត​ឱ្យ​មាន​ទិវា​អេដស៍​ពិភពលោក ឡើង ។​

Bunn  និង Netter បាន​នាំ​យក គំនិត​របស់​ខ្លួន​ទៅ​ជួប​នាយក​នៃ​កម្មវិធី អេដស៍​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា UNAIDS គឺ​លោក​វេជ្ជបណ្ឌិត  Jonathan Mann ។ វេជ្ជបណ្ឌិត Mann  ពេញចិត្ត​នឹង គំនិត​នោះ​និង​បាន​ទទួល​យកគំនិត​នោះ ហើយ​ផ្ដល់​អនុសាសន៍​ថា ទិវា​អេដស៍ ពិភពលោក​មុនដំបូង​គប្បី​ប្រារព្ធ​​ឡើង នៅ ថ្ងៃ​ទី​១​ខែ​ធ្នូ​ឆ្នាំ​១៩៨៨ ។ Bunn  និង Netter ក៏​ពេញចិត្ត​និង​អនុវត្ត​តាម​ឱវាទ របស់​លោក​វេជ្ជបណ្ឌិត Mann  ។ ទិវា អេដស៍​ពិភពលោក​ក៏​មាន​កំណើត​ក្នុង លោក​តាំងពី​ពេល​នោះ​មក ។​

ប្រធានបទ​ពីរ​ឆ្នាំ​ដំបូង​នៃ​ទិវា​អេដស៍​ពិភពលោក​ផ្ដោត​ទៅលើ​កុមារ និង​មនុស្ស​វ័យក្មេង ។ មនុស្ស​បាន​ទទួល យក​ទិវា​នេះ​ដោយ​ឆាប់រហ័ស ប៉ុន្តែ ប្រធានបទ​នេះ​បាន​រង​ការ​រិះគន់​ថា មិន​អើពើ​ចំពោះ​មនុស្ស​គ្រប់​វ័យ​ដែល​អាច នឹង​ក្លាយ​ជា​អ្នក​ឆ្លង​មេរោគ​ហ៊ី​វ​។ កម្មវិធី នេះ​បាន​ជំរុញ​ឱ្យ​ប្រធានបទ​នោះ​ជជែក ជា​លក្ខណៈ​គ្រួសារ ។​

នៅ​ឆ្នាំ​១៩៩៦​កម្មវិធី​រួម​មួយ គឺ HIV/AIDS (UNAIDS)  បាន​ក្លាយ​ជា​ការ ងារ​ដ៏​សកម្ម​ហើយ​បាន​រៀបចំ​ផែនការ និង​ផ្សព្វផ្សាយ​ទៅជា​ទិវា​អេដស៍​ពិភព លោក ។ ចាប់​ពី​ពេល​នោះ​មក​កម្ម​វិធី នេះ​មិន​គ្រាន់តែ​ផ្ដោត​លើ​ការ​ប្រារព្ធ​ ទិវា​អេដស៍​ពិភពលោក​ឡើយ ប៉ុន្តែ​ក៏បាន រៀបចំ​យុទ្ធនា​ការឃោសនា​ពេញ​មួយ ឆ្នាំ​ដល់​មួយ​ឆ្នាំ​ទៅលើ​ការ​ការពារ និង អប់រំ​ពាក់ព័ន្ធ​នឹង​ជំងឺ​អេដស៍ ។ នៅ​ឆ្នាំ ២០០៤ កម្មវិធី​យុទ្ធនា​ការអប់រំ​អេដស៍ ពិភពលោក​បាន​ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ មួយ ។​

ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ស្ដីពី​ ការ​យល់ដឹង​អំពី​អេដស៍​ដែល​ធ្វើ​នៅ​ក្នុង ទិវា​អេដស៍​ពិភពលោក​កាលពី​ឆ្នាំ ២០០៥ នៅ​ប្រទេស​អាហ្សង់ទីន​បាន ផលិត​រូបសំណាក​ស្រោមអនាម័យ​ពណ៌ ក្រហម​មួយ​ដែល​មាន​ប្រវែង​៦៧​ម៉ែត្រ ដាក់​បញ្ឈរ​យ៉ាង​ត្រដែត​ត្រដឹម​ស្កឹមស្កៃ នៅ​កណ្ដាល​ទីក្រុង​Buenos Aires  ។​

នៅ​សហរដ្ឋអាមេរិក​បាន​ចាប់ផ្ដើម​កំណត់សម្គាល់​ទិវា​អេដស៍​ពិភព លោក​មុនដំបូង​នៅ​ឆ្នាំ​២០០៧​ដោយ ការ​ដាក់​តាំង​បូ​ពណ៌​ក្រហម​ខ្វែង​ប្រវែង ២៨​ហ្វ៊ូត​ឬ​ប្រមាណ​ជា​៨,៥៣​ម៉ែត្រ ។ ការ​ដាក់​តាំង​នេះ បាន​ក្លាយ​ជា​ប្រពៃណី ប្រចាំ​ឆ្នាំ ហើយ​ទទួល​បាន​ការ​ចាប់ អារម្មណ៍​យ៉ាង​ឆាប់​រហ័ស​ហើយ​បូ​នោះ ក៏​គឺជា​បដា​ឬ​និមិត្តសញ្ញា​មុនដំបូង​បំផុត ដែល​ត្រូវ​បាន​ដាក់​ព្យួរ​ចេញពី​សេត វិមាន​តាំងពី​រដ្ឋបាល​របស់​លោក ប្រធានាធិបតី​អា​ប្រា​ហាម​លីន ខូ​លន៍ (១៨៦១-១៨៦៥) មក ។​

ទិវា​អេដស៍​ពិភពលោក គឺជា ទិវា​មួយ​ក្នុងចំណោម​ទិវា​ទាំង​ប្រាំបី ផ្សេងទៀត​ដែល​អង្គការ​សុខភាព​ពិភព លោក​បាន​ធ្វើ​គឺ​ទិវា​សុខភាព​ពិភពលោក ( World Health Day ) ទិវា​បរិច្ចាគ ឈាម​ពិភពលោក ( World Blood Donor Day) សប្ដាហ៍​ពិភពលោក​នៃ​ការ​ធ្វើ​ឱ្យ ស៊ាំ​នឹង​រោគ World Immunization Week) ទិវា​របេង​ពិភពលោក ( World Tuberculosis Day)​ទិវា​ពិភពលោក​គ្មាន ថ្នាំជក់ ( World No Tobacco Day ) ទិវា គ្រុនចាញ់​ពិភពលោក ( World Malaria Day) និង​ទិវា​រោគ​ថ្លើម​ពិភពលោក (World Hepatitis Day  ) ។​ 

ជា​រៀងរាល់​ឆ្នាំ​យុទ្ធនាការ  របស់​ទិវា​អេដស៍​ពិភពលោក​រមែង ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ប្រធាន បទ​ជាក់លាក់​ហើយ​ប្រធានបទ​ទាំង នោះ​ត្រូវ​បាន​ជ្រើសរើស​បន្ទាប់ពី​បានការ ប្រឹក្សា​ពី​UNAIDS, WHO និង ជាតិ​សាសន៍ ក៏ដូចជា​ភ្នាក់​ជាតិ​អន្តរជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ការពារ​និង ព្យាបាល​មេរោគ​និង​ជំងឺ HIV/AIDS ហើយ​ចាប់ពី​ឆ្នាំ​២០០៥-២០១០ ប្រធាន បទ​ដែល​ត្រូវ​បាន​ជ្រើសរើស​គឺ​“​បញ្ឈប់ អេដស៍​“ ( Stop AIDS ) និង​រក្សា​ពាក្យ សន្យា​( Keep the Promise  ) ត្រូវ​បាន រចនា​ឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​ពួក​អ្នក ដឹកនាំ​នយោបាយ​ទាំងឡាយ​ឱ្យ​រក្សា​នូវ ការ​ប្ដេជ្ញា​របស់​ពួកគេ​ដើម្បី​ឱ្យ​បាន សម្រេច​នូវ​ការ​ការពារ​ការ​ព្យាបាល ការថែទាំ​និង​ការ​គាំទ្រ​ដល់​អ្នក​ផ្ទុក​មេ រោគ​អេដស៍​និង​អ្នក​ជំងឺ​អេដស៍ ។​

ចំណែក​ប្រធានបទ​យុទ្ធនាការ ឃោសនា​របស់​ទិវា​អេដស៍​ពិភពលោក នៅ​ឆ្នាំ​២០១២​គឺ​“​ធ្វើ​វា​ឱ្យ​ទៅ​ជា​សូន្យ គឺ សូន្យ​ការ​ឆ្លង​ថ្មី​នៃ​មេរោគ​ហ៊ី​វ​សូន្យ​ការ ស្លាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​អេដស៍​សូន្យ​ការ រើសអើង​ចំពោះ​អ្នក​ផ្ទុក​មេរោគ​ហ៊ី​វ និង អ្នក​កើត​ជំងឺ​អេដស៍ ។​

ប្រធានបទ​ដែល​ត្រូវ​បាន​ជ្រើស រើស​យមក​ប្រើប្រាស់​នេះ​មិនមែន សម្រាប់​គ្រាន់តែ​ប្រើ​នៅ​ក្នុង​ទិវា​អេដស៍ ពិភពលោក​នេះ​ឡើយ ប៉ុន្តែ​វា​គឺជា ស្មារតី​គោល​សម្រាប់​ប្រើប្រាស់​ជា លក្ខណៈ​អន្តរជាតិ​រយៈពេល​មួយ​ឆ្នាំ ដើម្បី​ឱ្យ​មានការ​យល់ដឹង​អំពី HIV/AIDS ក្នុង​បរិបទ​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ ដទៃ ទៀត​របស់​ពិភពលោក​ដូចជា​ជំនួប កំពូល​របស់​បណ្ដា​ប្រទេស G 20 (G8 Summit ) និង​យុទ្ធនាការ​នានា​ដូចជា សិស្ស​និស្សិត​បញ្ឈប់​អេដស៍​(Student Stop AIDS Campaign) ដែល​គេ​ធ្វើ​នៅ ចក្រភព​អង់គ្លេស​ជាដើម ។​

​នៅ​ក្នុង​យុទ្ធនាការ​ការពារ​និង អប់រំ​អំពី​អេដស៍​នេះ​ក៏​មាន​កម្មវិធី​មួយ គឺ​ខែ​នៃ​យល់ដឹង​អំពី​អេដស៍​(AIDS Awareness Month ) ។ ជាតិ​សាសន៍​និង អង្គការ​នានា​បាន​ជ្រើសរើស និង ប្រកាស​យក​ខែ​នៃ​ការ​យល់ដឹង​អំពី អេដស៍​នៅ​ក្នុង​ខែ​ផ្សេងៗ​គ្នា ប៉ុន្តែ​ខែ ដែល​គេ​ជ្រើសរើស​ច្រើន​បំផុត​សម្រាប់ ធ្វើជា​ខែ​នៃ​ការ​យល់ដឹង​អំពី​អេដស៍ គឺ​ខែ ធ្នូ​ដ្បិត​ខែ​ធ្នូ គឺជា​ខែ​ដែល​ស្រប​នឹង​ទិវា អេដស៍​ពិភពលោក។

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំ​ទី២៣ លេខ៦៨៨៨​ ថ្ងៃ​អង្គារ​ ទី០១ ខែ​ ធ្នូ​ ឆ្