ភ្នំពេញ: ប្រទេសកម្ពុជានិងប្រទេសឥណ្ឌូណេស៊ី គ្រោងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យច្បាប់ ដើម្បីផ្លាស់ប្ដូរទណ្ឌិតរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ ឡើងសំដៅធ្វើយ៉ាងណាប្រឆាំងនឹងឧក្រិដ្ឋជនឆ្លងដែន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់អ្នកកាសែតបន្ទាប់ពីជំនួបរវាងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាមួយលោកពីតូនូ ពួរនូម៉ូ( Pitono Purnomo) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីនា នៅទីស្ដីការក្រសួងយុត្តិធម៌កាលពីរសៀលថ្ងៃទី៣០ខែវិច្ឆិកាថា ប្រទេសទាំងពីរ គ្រោងនឹងមានកិច្ចព្រមព្រៀងទ្វេភាគីមួយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាក្នុងការបញ្ជូនឬផ្ទេរទណ្ឌិតទ្វេភាគី ។ គម្រោងនេះគេមិនទាន់ដឹង ថា នឹងចេញនៅពេលណានៅឡើយទេ ប៉ុន្តែយ៉ាងណាក្រសួងនឹងខិតខំជំរុញក្នុង រឿងនេះឱ្យបានឆាប់។
លោកបន្តថា គម្រោងក្នុងការបង្កើតកិច្ចព្រមព្រៀងនេះឡើង ដើម្បីដោះស្រាយនៅពេលមានជនល្មើសប្រព្រឹត្តនៅប្រទេសឥណ្ឌូណេស៊ីរត់មកកម្ពុជា ភាគីឥណ្ឌូណេស៊ីអាចស្នើឱ្យកម្ពុជា បញ្ជូនអ្នកទោសនោះដើម្បីធ្វើនីតិវិធីច្បាប់មួយចំនួន ដូចជាធ្វើបត្យាប័នជាដើម។ ជាមួយកិច្ចព្រមព្រៀងនេះដែរ គឺដើម្បីដោះស្រាយបញ្ហាមួយទៀត ដូចជាជនជាតិឥណ្ឌូណេស៊ី ដែលប្រព្រឹត្តបទល្មើសដោយតុលាការកម្ពុជាក្នុងគោលបំណងជំរុញនីតិវិធីបានលឿនចប់សព្វគ្រប់តាមនីតិវិធីច្បាប់។
លោកបានបន្ថែមថា "ជាទូទៅកម្ពុជា បានធ្វើកិច្ចព្រមព្រៀងទ្វេភាគីមួយផ្នែកផ្សេងទៀត ជាមួយបណ្ដាប្រទេស អាស៊ាន ដើម្បីឱ្យមានការអនុវត្តន៍ឱ្យកាន់តែលឿន និងច្បាស់លាស់។ កិច្ចព្រមព្រៀងនេះដែរ គឺដើម្បីជួយសម្រួលដល់ករណីជនល្មើសឥណ្ឌូណេស៊ីមករកស៊ីនៅកម្ពុជា យើងអាចជួយសម្រួលនីតិវិធីមួយចំនួនហើយក្នុងករណីជនជាតិឥណ្ឌូណេស៊ីរកស៊ីនៅកម្ពុជាក្នុងការសហការគ្នារវាងគ្នានឹងគ្នា។
លោកថ្លែងសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងទ្វេភាគីនឹងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងកម្ពុជា និងឥណ្ឌូណេស៊ី ដូចជាក្នុងករណីដែលជនជាតិខ្មែរប្រព្រឹត្តបទល្មើសនៅឥណ្ឌូណេស៊ីសមត្ថកិច្ចឥណ្ឌូណេស៊ីនឹងចាប់បញ្ជូនមកកម្ពុជា នឹងក្នុងករណី ដែលជនជាតិឥណ្ឌូណេស៊ីប្រព្រឹត្តបទល្មើសនៅកម្ពុជាសមត្ថកិច្ចកម្ពុជា នឹងចាប់បញ្ជូនទៅឥណ្ឌូណេស៊ី។ ជាងនេះកិច្ចព្រមព្រៀងនេះជាយន្តការ ដែលអនុវត្តរវាងប្រទេសទាំងពីរ កម្ពុជា ឥណ្ឌូណេស៊ីបានល្អ ប្រសើរនិងទទួលបានផលប្រយោជន៍ច្រើនឡើងបន្ថែមទៀត។
បោះពុម្ពផ្សាយ:
ឆ្នាំទី២៣ លេខ ៦៨៨៩ ថ្ងៃ ពុធ ទី០២ ខែធ្នូ
Submitted by bethborin on Tue, 12/08/2015 - 14:50