កសិករ​ប្រមូល​ផល​មិនទាន់​អស់ពី​ស្រែ​ផង អ្នកទិញ​ថា​ពេញ​ឃ្លាំង ហើយ

ភ្នំពេញ: ស្រូវ​នៅ​លើ​វាលស្រែ ដែល​កសិករ​ប្រមូល​ផល​មិនទាន់​អស់​ផង ត្រូវ​បាន​ក្រុមហ៊ុន​រកស៊ី​នាំ​អង្ករ​ចេញ​មួយ​ចំនួន​បាន​អះអាង​ថា ឃ្លាំង​ម៉ាស៊ីនកិនស្រូវ​ទូទាំង​ប្រទេស បាន​ទិញ​ស្រូវ​ដើម​រដូវ​ដាក់​ពេញ​ឃ្លាំង​អស់ហើយ​មកដល់ពេលនេះ ពិសេស​ស្រូវ​ក្រអូប​ដែល​មាន​ហាងឆេង​នាំចេញ​មានតម្លៃ​ខ្ពស់​។ 

ឃ្លាំង​ក៏​ពេញ លុយ​ក៏​អស់​ក្នុង​ការ​ទិញ​ស្រូវ​ស្តុក​ទុក​សម្រាប់​ក្រុមហ៊ុន​ឯកជន នេះ​ជា​ប្រសាសន៍​របស់ លោក សុង សារ៉ន  ជា​ប្រធាន​ក្រុមហ៊ុន អេ​ម​រុ​រ៉ា​យស៍ ខេ​ម​បូឌា បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១ ខែ ធ្នូ​។ លោក​ប្រធាន​បាន​បញ្ជាក់​ថា ឃ្លាំង​ស្រូវ​របស់​ក្រុមហ៊ុន​ឯកជន​ទូទាំង​ប្រទេស​អាច​មាន​លទ្ធភាព​ស្តុក​ស្រូវ​ទុក​បាន​ចំណុះ​តែ​កន្លះ​លាន​តោន​តែប៉ុណ្ណោះ​និង​លទ្ធភាព​លុយកាក់​ក៏​មាន​ត្រឹម​ចំនួន​ប៉ុណ្ណឹង​ដែរ​។ នៅ​សល់ផល​ស្រូវ​ទាំង​ប៉ុន្មាន វា​អាស្រ័យ​ទៅ​លើ​លុយ​រដ្ឋ និង​រដ្ឋ​ជួយ​រក​កន្លែង​ស្តុក​។​

លោក​បាន​អះអាង​ថា ស្រូវ​នៅ​ដើមដៃ​ពិសេស​គឺ ស្រូវ​ក្រអូប ថ្លៃ ពី​១.១២០ ទៅ​១.១៥០​រៀល ក្នុង​មួយ​គីឡូក្រាម​។ រហូតមកដល់​ពាក់​កណ្ដាល ខែ​វិច្ឆិកា​នេះ ថ្លៃ​ស្រូវ​ធ្លាក់​មក​ត្រឹម ១.០៥០ ទៅ ១.០៨០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ លោក​បាន​បន្ត​ថា “​តម្លៃ​ស្រូវ​នេះ​អាច​នឹង​ធ្លាក់​ថ្លៃ​ដល់ ៩៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ” ។​

លោក ដួង ហេង ប្រធាន​សមាគម​ម៉ាស៊ីនកិនស្រូវ​ប្រចាំ​ខេត្ត​តាកែវ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្រូវ​ដើម​រដូវ​នៅ​ខេត្ត​នេះ​ថ្លៃ ១.១០០​រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​ប្រភេទ​ស្រូវ​ក្រអូប​។ តម្លៃ​នេះ​គឺ​គេ​គិត​ជា​ស្រូវ​សើម​។ រីឯ​ស្រូវ ស្ងួត​វិញ​ថ្លៃ ១.២០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ស្រូវ​ដើម​រដូវ​នេះ​មិនមែន​តែ​ខេត្ត​តាកែវ​មួយ​ទេ គឺ​មាន​មកពី​ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ឈ្មួញ​បាន​ដឹក​មក​លក់​នៅ​ខេត្ត​នេះ​តែ​ម្ដង​។​

​លោក​បាន​បន្ត​ថា ផល​ស្រូវ​ទាំងនេះ​បាន​ហូរ​ចូល​ឃ្លាំង​មួយ​ចំនួន​ក្នុង​ខេត្ត និង​មួយ​ចំនួន​នាំទៅ​វៀតណាម​។ ចំណែក​ស្រូវវស្សា​ធម្មតា ទោះជា​ស្រូវ​សើម​ក្ដី ស្ងួត​ក្ដី​ (​ស្រូវ​ថ្មី​) គឺ​អត់​មាន​ហាង    ឆេង​ទេ តែ​ស្រូវ​ចាស់ (​ស្រូវ​ឆ្នាំទៅ​មិញ​) គឺ​មាន​តម្លៃ​ខ្ពស់​ទៅវិញ​ប្រមាណ ១.១៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

អ្នកវិភាគ​មួយ​រូប​បាន​អះអាង​ថា ផល​ស្រូវ​ឆ្នាំនេះ​ដោយសារ​ទឹកភ្លៀង​ធ្លាក់​ចុង​រដូវ​បាន​ច្រើន ធ្វើ​ឲ្យ​បរិមាណ​ផល​ស្រូវ​ច្រើន​ហួស​ពី​ការ​ស្មាន ។ បរិមាណ​ផល​ស្រូវ​នេះ បើ​រដ្ឋ​មិន​បញ្ចេញ​លុយ​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ទេ តម្លៃ​ស្រូវ​មុខតែ​ដាំ​ក្បាល​ចុះ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ វា​ក៏​ជា​បច្ច័យ​ល្អ​មួយ សម្រាប់​ជំរុញ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំក្រោយ​។​

លោក​បាន​អះអាង​ថា នៅ​ឆ្នាំនេះ គោលដៅ​នាំចេញ​អង្ករ ១ លាន​តោន គឺ​មិន​អាច​ទៅ​រួច​ទេ ហើយ​តាម​ការ​ព្យាករណ៍ ​គឺ​អាច​បាន​ត្រឹម ៥០០.០០០​តោន ប៉ុន្តែ​កំណើន​ផលិតកម្ម​នា​ចុង​រដូវ ប្រសិន បើ​មានការ​រៀបចំ ត្រឹមត្រូវ វា​អាច​នឹង ជំរុញ​បាន នៅ​ឆ្នាំ​២០១៦ ចំពោះ គោលដៅ នាំចេញ មួយ​លាន​តោន​នេះ​។​

 
ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំ​ទី​២៣​ លេខ​ ៦៨៨៩ ថ្ងៃពុធ​ ទី០២ ខែ​ធ្នូ ឆ្នាំ