ក្រសួង​កិច្ចការ​នារី​បើក​យុទ្ធនាការ​ ១៦​ ថ្ងៃ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារ​

ភ្នំពេញ​៖​ យុទ្ធនាការ​ ១៦​ ថ្ងៃ​ ពាក់​បូ​ពណ៌​ស​ ជា​យុទ្ធនាការ​ ដែល​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារ​ សម្រាប់​ឆ្នាំ២០១៥​ នេះ​ ក្រោម​ប្រធានបទ​ "​អំពើ​ហិង្សា​ជា​ទង្វើ​មិន​អាច​យក​បាន​!​ កុំ​ទម្លាប់​កំហុស​លើ​ជនរងគ្រោះ​"​។​

យុទ្ធនាការ​នេះ​ ប្រារព្ធ​ធ្វើ​នៅ​ក្រសួង​កិច្ចការ​នារី​ នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​ ក្រោម​អធិបតីភាព​ លោកស្រី​ សាន្ត​ អរុណ​ រដ្ឋលេខាធិការ​កិច្ចការ​នារី​ និង​មាន​តំណាង​អង្គការ​អន្តរជាតិ​ ក្រុម​ការងារ​ និង​នារី​ចូល​រួម​ប្រមាណ​ ជាង​ ៨០០នាក់​។​

របាយការណ៍​ របស់​ក្រសួង​កិច្ចការ​នារី​បាន​បង្ហាញ​ថា​ អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ភាគ​ច្រើន​ជា​បុរស​ និង​បើ​តាម​ការ​អង្កេត​នៃ​គម្រោង​ភាព​ជា​ដៃ​គូ​ និង​ការ​បង្ការ​ Partner for Prevention (P4P)​ របស់​ទីភ្នាក់ងារ​ អង្គការ​សហប្រជាជាតិ​ចំនួន​ ៤​ បាន​បង្ហាញ​អំពី​ស្ថានភាព​ នា​ឆ្នាំ​២០១៣​ ថា​ មាន​ស្ត្រី​ ២៥​ ភាគរយ​បាន​រង​ទទួល​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​  ការ​ប្រើ​​អំពើ​ហិង្សា​លើ​រាងកាយ​ ពី​សំណាក់​បុរស​ដែល​ជា​ដៃ​គូ និង​អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​នោះ​ គឺ​ជនល្មើស​ដែល​ជា​បុរស​កាន់​តែ​មាន​អាយុ​ក្មេង​ទៅ​។​

លោកស្រី​ កេត​ ម៉ារឌី​ មន្ត្រី​ក្រសួង​កិច្ចការ​នារី​ បាន​លើក​ឡើង​ពី​ប្រវត្តិ​សង្ខេប​យុទ្ធនាការ​ ១៦​ ថ្ងៃ​ បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​និយាយ​ថា​ យុទ្ធនាការ​នេះ​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩១​ ដោយ​ក្រុម​បុរស​ជនជាតិ​កាណាដា​មួយ​ក្រុម​។​ ក្រោយ​មក​ យុទ្ធនាការ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ពិភពលោក​ រហូត​ដល់​ទិវា​នេះ​ បាន​ក្លាយ​ទៅ​ជា​ទិវា​អន្តរជាតិ​  ដែល​អង្គការ​សហប្រជាជាតិ​បាន​កំណត់​ជា​ផ្លូវការ​ លេខ​ A/RES /54/134 ចុះ​ថ្ងៃ​ទី​ ១៧​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៩​។​ គេ​បាន​ប្រកាស​ទទួល​ស្គាល់​ថា​ ជា​ទិវា​អន្តរជាតិ​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ តាម​រយៈ​មហាសន្និបាត​លើក​ទី​៨៣​ របស់​អង្គការ​សហប្រជាជាតិ​។​ នៅ​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​នេះ​ បូ​ពណ៌​ស​ ត្រូវ​បាន​បំពាក់​ឱ្យ​ប្រជាពលរដ្ឋ​ ជា​ពិសេស​បុរស​ ដែល​ជា​សញ្ញា​នៃ​ការ​សន្យា​របស់​ពួកគេ​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​។​ ជាទូទៅ​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​វិច្ឆិកា​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ទិវា​អន្តរជាតិ​​នៃ​ការ​សាមគ្គីភាព​ របស់​បុរស​ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​បុរស​លើ​ស្ត្រី​។​ ហេតុ​ដូច្នេះ​ហើយ​ ជា​រៀង​រាល់​ឆ្នាំ​ យុទ្ធនាការ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ២៥​​ដល់​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​។​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
​​​​​​​ឆ្នាំ​ទី​២៣​ លេខ​ ៦៨៧៩​ ថ្ងៃ​ សុក្រ​ ទី​២០​