យុទ្ធនាការ​អប់រំ​ស្ដីពី​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​ទទួល​ខុសត្រូវ​

ភ្នំពេញ​៖​ សន្និសីទ​សារព័ត៌មាន​បើក​យុទ្ធនាការ​អប់រំ​ស្ដីពី ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​ទទួល​ខុសត្រូវ​ដែល​មាន​ឈ្មោះ​ថា​ "​យក​ភាព​សង្ហា​របស់​អ្នក​ត្រឡប់​មក​វិញ​"​ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​" Get Your Sexy Back "​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ Cambodia Brewery Limited កាលពី​ល្ងាច​ថ្ងៃ​ទី​ ១៣​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៥ នៅ​សណ្ឋាគារ​សូហ្វីតែល​  ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​។​

លោក​ Roland Bala អគ្គនាយក​ក្រុមហ៊ុន​ Cambodia Brewery Limited បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា​ ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​៤​ ដែល​ក្រុមហ៊ុន​ Cambodia Brewery Limited បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រសួង​ព័ត៌មាន​  ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​  ដើម្បី​ជំរុញ​ឱ្យ​ប្រកាន់​យក​ឥរិយាបថ​វិជ្ជមាន​  ចំពោះ​រាល់​ការ​ពិសា​ភេសជ្ជៈ​ ដែល​មាន​ជាតិ​ស្រវឹង​។​ លោក​ក៏​បាន​រំលឹក​ឱ្យ​ដឹង​ផង​ដែរ​ថា​  យុទ្ធនាការ​លើក​ដំបូង​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​ ២០១១​ ដោយ​ផ្ដោត​សំខាន់​លើ​សារ​អប់រំ​"បើ​អ្នក​ពិសា​គ្រឿង​ស្រវឹង​សូម​កុំ​បើកបរ​"។​ នៅ​ឆ្នាំ​២០១៣​ បាន​បង្កើត​យុទ្ធនាការ​ថ្មី​មួយ​ដែល​ឈ្មោះ​ថា​"​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ ពេល​រាត្រី​មាន​សុវត្ថិភាព​"​ ដើម្បី​ផ្ដល់​ព័ត៌មាន​ និង​ចំណេះដឹង​អំពី​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​ការ​ទទួល​ខុសត្រូវ​។​ ដោយ​ឡែក​កាល​ពី​ឆ្នាំ​មុន​ បាន​បើក​យុទ្ធនាការ​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា​ "​យក​ភាព​សង្ហា​របស់​អ្នក​ត្រឡប់​មក​វិញ​"​ ដោយ​ផ្ដោត​ក្រុម​គោលដៅ​លើ​យុវជន​វ័យក្មេង​  ដែល​យក​ចិត្ត​ទុកដាក់​លើ​ការ​រៀន​សូត្រ​។

លោក​បន្ត​ថា​​ ក្នុង​នាម​ជា​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ក្រុមហ៊ុន​ Cambodia Brewery Limited ចង់​ឃើញ​យុវជន​ប្រកាន់​យក​ឥរិយាបថ​  ប្រកប​ដោយ​ភាព​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​ពិសា​គ្រឿង​ស្រវឹង​។​

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ដែល​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ឱកាស​នោះ​ បាន​សម្ដែង​ការ​កោតសរសើរ​ដល់​ក្រុមហ៊ុន​ Cambodia Brewery Limited ក្នុង​រយៈពេល​៤​ ឆ្នាំ​ជាប់ៗ​គ្នា​មក​នេះ​។​ ពិត​មែន​តែ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​លើ​គ្រឿង​ស្រវឹង​ តែ​ក្រុមហ៊ុន​បាន​ផ្ដោត​យកចិត្ត​ទុកដាក់​ធ្វើ​ការ​អប់រំ​ដល់​អ្នក​ពិសា​គ្រឿង​ស្រវឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ ដោយ​បាន​សហការ​ជាមួយ​ដៃគូ​យ៉ាង​ជិតស្និទ្ធ​មាន​ដូច​ជា​ក្រសួង​ព័ត៌មាន​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​  នឹង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​មាន​ដូច​ជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​៕

Category:

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំ​ទី​២៣​ លេខ​ ៦៨៧៥​ ថ្ងៃ​អាទិត្យ​- ចន្ទ​ ទី១៥​