រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​៖​ ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​នេះ​ ពលរដ្ឋ​អាច​បោះ​បាន​នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​ធ្វើ​ការងារ

    ភ្នំពេញ​៖​ ក្នុង​ពិធី​ធ្វើ​បាឋកថា​ស្ដីពី​ការ​កែទម្រង់​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូលដ្ឋាន​ កែទម្រង់​ការ​បោះឆ្នោត​ និង​សភាពការណ៍​សន្តិសុខ​ នៅ​ក្រោយ​ការ​បោះឆ្នោត​កាល​ី​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៥​ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​កម្ពុជា​ សម្ដេច​ក្រឡាហោម​ ស​ ខេង​ បាន​លើក​ឡើង​ថា​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​នេះ​  ប្រជាពលរដ្ឋ​អាច​បោះឆ្នោត​បាន​នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​ធ្វើ​ការងារ​បាន​។​ ប្រការ​នេះ​ គឺ​ជួយ​សម្រួល​ដល់​កម្មករ​កម្មការិនី​ អ្នក​មាន​ការងារ​រកស៊ី​ធ្វើ​អាជីវកម្ម​នានា​លើ​ការ​ចំណាយ​ពេលវេលា​ និង​ថវិកា​ ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ​តាម​បណ្ដា​ខេត្ត​។

សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​  បាន​មាន​ប្រសាសន៍​ថា​ សម្រាប់​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយៗ​ ទៀត​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​អាច​មាន​លទ្ធភាព​ ទៅ​បោះឆ្នោត​នៅ ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​ធ្វើ​ការងារ​  ហើយ​អាច​មិន​បាច់​ធ្វើ​ដំណើរ​ទៅ​តាម​ស្រុក​តាម​បណ្ដា​ខេត្ត​នានា​ ដើម្បី​ចូលរួម​បោះឆ្នោត​ស្របតាម​ច្បាប់​បោះឆ្នោត​ដែល​គេ​ទើប​បាន​ធ្វើ​ការ​កែទម្រង់​ថ្មី​នេះ​។​

សម្ដេច​ក្រឡាហោម​ ស​ ខេង​ បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រកាស​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​អាច​បោះឆ្នោត​នៅ​នឹង​មូលដ្ឋាន​ កន្លែង​ធ្វើ​ការងារ​នោះ​  គឺ​បាន​ធ្វើ​ឡើង​សម្រាប់​តែ​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ប៉ុណ្ណោះ​។​ ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៦​ ខាង​មុខ​នេះ​ជា​រួម​គឺ​ជួយ​សម្រួល​ដល់​កម្មករ​កម្មការិនី​អ្នក​មាន​ការងារ​រកស៊ី​ធ្វើ​អាជីវកម្ម​នានា​លើ​ការ​ចំណាយ​ពេលវេលា​  និង​ថវិកា​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ​តាម​បណ្ដា​ខេត្ត​ ពោល​គឺ​ប្រជាពលរដ្ឋ​ កម្មករ​កម្មការិនី​ និយោជិក​ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រ​ណា​ គឺ​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ក្នុង​មូលដ្ឋាន​នោះ​។​

សម្ដេច​ក្រឡាហោម​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ នៅ​អាណត្តិ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ គឺ​ត្រូវ​បាន​បង្កើន​ចំនួន​អ្នក​ចូល​ទៅ​បោះឆ្នោត​រហូត​ ៧៥០​ នាក់​ក្នុង​មួយ​ការិយាល័យ​​ ខណៈ​ការ​បោះឆ្នោត​ក្នុង​អាណត្តិ​កន្លង​មក​គឺ​ក្នុង​មួយ​ការិយាល័យ​មាន​ចំនួន​អ្នក​ចូលរួម​បោះឆ្នោត​ត្រឹម​តែ​ ៧០០​នាក់​។​

ទន្ទឹម​នឹង​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​នេះ​ដែរ​ កន្លង​មក​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​  បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​គ្រប់​អាយុ​ចាប់​ពី ១៥​ ឆ្នាំ​ឡើង​ទៅ​ និង​អ្នក​មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់​ទាំង​អស់​ត្រូវ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នេះ​ទាំង​អស់​គ្នា​  ដើម្បី​យក​ទៅ​ប្រើប្រាស់​បម្រើ​ឱ្យ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ផង​ និង​សម្រាប់​ចូលរួម​បោះឆ្នោត​ផង​។​

សូម​ជម្រាប​ថា​  ទោះ​ជា​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នេះ​ការ​ចែក​មាន​ភាព​យឺតយ៉ាវ​ក៏​ពិត​មែន​  តែ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​បាន​ប្ដេជ្ញា​ថា​ នឹង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នេះ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​អស់​នៅ​ក្នុង​ឆ្នាំ​២០១៧​ នឹង​បន្ត​ធ្វើ​រហូត​ដល់​ឆ្នាំ​២០១៨​។​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
​​​​​​​ឆ្នាំ​ទី​២៣​ លេខ​​៦៨៧៣​ ថ្ងៃ​សុក្រ​ ទី​១៣​