សេចក្ដី​​​ជូន​ដំណឹង «​​សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា៖​​ កាលានុវត្តនភាព​និង​ការ​ប្រឈម»​

សេចក្ដី​​​ជូន​ដំណឹង

«​​សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា៖​​ កាលានុវត្តនភាព​និង​ការ​ប្រឈម»​

នៅ​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៥ អង្គការ​​វិទ្យាស្ថាន​​​បើក​​ទូលាយ​និង​​បណ្ដាញ​​​អង្គការ​​ក្នុង​ស្រុក​និង​​​អង្គការ​អន្តរ​ជាតិ​ធ្វើ​ការ​លើ​វិស័យ​បច្ចេក​វិទ្យា​សារ​គមនាគមន៍ និង​ព័ត៌មានវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​​​​នៅ​កម្ពុជា (ICT4D Cambodia Network) នឹង​រៀបចំ​សិក្ខាសាលា​​មួយ​ស្ដីពី​​ «​សេរីភាព​​​អ៊ីនធឺណិត​នៅ​កម្ពុជា៖កាលានុវត្តនភាព​និង​ការ​ប្រឈម​»​ ចាប់ពី​ម៉ោង​ ​​៨​​​:​​​៣០​ព្រឹក ​​នៅ​​សណ្ឋាគារ​សាន់​វេ ​អាសយដ្ឋាន​​លេខ​១​ ផ្លូវ​៩​២ ​សង្កាត់​វត្តភ្នំ រាជធានី​ភ្នំពេញ។​​ សិក្ខាសាលា​​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ស្វែង​យល់​និង​ផ្សព្វផ្សាយ​អំពី​តម្រូវការ និង​ការ​ព្រួយ​បារម្ភ​របស់​ក្រុម​សិក្សា ​​ក្រុម​យុវជន អង្គការ​​សង្គម​ស៊ី​វិល ​អ្នក​ប្រើ​ប្រាស់​​អ៊ីនធឺណិត ព្រមទាំង​វិស័យ​ឯកជន​អំពី​សេរីភាព​អ៊ីន​​​ធឺ​ណិត​​​។ សិក្ខាសាលា​នឹង​មាន​​អ្នក​ចូល​រួម​ប្រហែល​​​១០០​នាក់​ដែល​ជា​យុវជន​តំណាង​ស្ថាប័ន​នានា ​អង្គការ​ក្នុង​ស្រុក​​និង​​អន្តរជាតិ​និង​វិស័យ​ឯកជន​​។ សូម​បញ្ជាក់​ថា​ប្រធាន​បទ​ដូច​បាន​ជម្រាប ជូន​​ខាងលើ​​បាន​រៀបចំ​ឡើង​ម្តង​ហើយ​​​កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥​។​​​​ដោយសារ​មាន​ការ​ចាប់​អារម្មណ៍​និង​សំណូមពរ​​ពី​អ្នក​ចូល​រួម​ជា​ច្រើន​ ទើប​អង្គការវិទ្យាស្ថាន​បើកទូលាយ​​សហការ​ជាមួយ​​ បណ្ដាញ​អង្គការ​ក្នុង​ស្រុក​និង​​អន្តរជាតិ​ធ្វើការលើ​វិស័យ​​​បច្ចេក​វិទ្យា​សារ​គមនាគមន៍ និង​ព័ត៌មាន​វិទ្យាសម្រាប់​ការ​អភិវឌ្ឍ​​​នៅ​កម្ពុជា​​​រៀប​ចំ​សិក្ខាសាលា​នេះ​ម្ដង​ទៀត​។ ​​យើង​ខ្ងុំ​សូម​អញ្ជើញ​​លោក​ស្រី​ អស់​លោក​ជា​អ្នក​ការ​សែត​ជាតិ​ និង​អន្តរជាតិ​​​​ចូលរួម​យក​​ព័ត៌មាន​តាម​ការ​គួរ​​។​​

​សិក្ខាសាលា​នេះ គឺជា​សកម្មភាព​មួយ​នៃ​គម្រោង​​ធ្វើ​ការ​លើ​វិស័យ​បច្ចេក​វិទ្យា សារ​គមនាគមន៍ និង​ព័ត៌មានវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​​​នៅ​កម្ពុជា​(ICT4D Cambodia Network)​ឧបត្ថម្ភ​ថវិកា​ដោយ​កម្មវិធី​ស៊ុយអែត​សម្រាប់​បច្ចេកវិទ្យា​ព័ត៌មាន សារ​គមនាគមន៍ និង​ព័ត៌មាន​​វិទ្យា នៅ​ក្នុង​តំបន់​ប្រទេស​កំពុង​រីកចម្រើន​​( The Swedish Program  ICT in Developing Regions -SPIDER) ​នៃ​ប្រទេស​ស៊ុយអែត។​

បណ្ដាញ​អង្គការ​ក្នុងស្រុកនិងអន្តរជាតិធ្វើការលើវិស័យបចេ្ចកវិទ្យា សារ​គមនាគមន៍ និងព័ត៌មានវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ( ICT4D Cambodia Network) រួមមាន ​អង្គការ​អ៊ី​នស្តិត (INSTEDD) មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា (WMC) អង្គការ​ទិន្នន័យ​អំពី​អភិវឌ្ឍន៍ (ODC) ខាងកើត​ភាគ​ខាង​លិច​វិទ្យាស្ថាន​គ្រប់​គ្រង (EWMI) អង្គការ​វិទ្យាស្ថាន​បើកទូលាយ (OI) គណៈកម្មការ​​សហ​ប្រតិ​បត្តិការ​ដើម្បី​កម្ពុជា (CCC) និង​អង្គការ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា (CCHR) ។

សម្រាប់ព័ត៌មាន​លម្អិត​អំពី​សិក្ខាសាលា​ខាងលើ សូម​អញ្ជើញ​ទាក់ទង​លោក ស្រី សុក សុគ​ន្ធា អ្នក​រៀបចំ​កម្មវិធីតាម​រយៈ​​ទូរស័ព្ទ​លេខ៖​​០១១ ​​៤៤៤​​១៦៥​ ​ឬ​​អ៊ីមែល s.sokunthea18@gmail.com

                                  រាជធានី​ភ្នំ​ពេញ ថ្ងៃទី១​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥                                                                                                                     បណ្ដាញ​អង្គការ​ក្នុង​ស្រុក​និង​អន្តរជាតិ​ធ្វើការ​លើ​វិស័យ​បច្ចេកវិទ្យា  សារគមនាគមន៍ និងព័ត៌មានវិទ្យា​សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​​ (ICT4D Cambodia Network)

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥