រដ្ឋមន្ត្រី​៖​ ការ​ប្ដូរ​ពី​អាណាឡូក​ ទៅ​ឌីជីថល​ ត្រូវការ​ថវិកា​ប្រមាណ​ជាង​ ២០០លាន​ដុល្លារ​

    ភ្នំពេញ​៖​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អះអាង​ថា​ក្រសួង​បាន​  និង​កំពុង​ខិតខំ​រក​ថវិកា​  ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ពី​ អាណាឡូក​ ទៅ​ឌីជីថល​  ដែល​ទាមទារ​នូវ​ថវិកា​យ៉ាង​ច្រើន​ប្រហាក់ប្រហែល​ជា​ ២០០លាន​ដុល្លារ​អាមេរិក​។​

លោក​ ខៀវ​  កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បិទ​អង្គ​សិក្ខាសាលា​ស្ដីពី​អនាគត​  នៃ​ប្រព័ន្ធ​ឌីជីថល និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​  កាល​ពី​រសៀល​ថ្ងៃ​ទី​ ២០​ ខែ​តុលា​ ឆ្នាំ២០១៥​ កន្លង​មក​នេះ​ថា​ សម្ដេច​នាយករដ្ឋមន្ត្រី​បាន​ឯកភាព​អំពី​ការ​រៀបចំ​ប្រព័ន្ធ​ឯកសារ​ឌីជីថល​រួច​ហើយ​។​ នៅ​ឆ្នាំ​ក្រោយ​  នៅ​ពេល​ដែល​ថវិកា​ឆ្នាំ ២០១៦​ បាន​សម្រេច​ហើយ​នោះ​ គឺ​ក្រសួង​ព័ត៌មាន​នឹង​ចាប់​ផ្ដើម​បណ្ដុះបណ្ដាល​មន្ត្រី​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​ឯកសារ​  តាម​ប្រព័ន្ធ​ឌីជីថល​  ពី​ព្រោះ​ឯកសារ​នោះ​ច្រើន​ណាស់​រួម​ទាំង​ឯកសារ​រូបថត​ ឯកសារ​ទិន្នន័យ​ ឯកសារ​​សំឡេង​ ដែល​គិត​ថា​នឹង​ប្រើ​ពេល​វេលា​ជាង​ ២ឆ្នាំ​ឯណោះ​។​

លោក​បាន​បញ្ជាក់​ថា​ ដូច្នេះ​យើង​នឹង​ធ្វើ​ការ​បណ្ដើរ​ និង​បណ្ដុះបណ្ដាល​មន្ត្រី​របស់​យើង​បណ្ដើរ​។​ ទន្ទឹម​នោះ​ដែរ​  ក្រសួង​ព័ត៌មាន​នឹង​ខិតខំ​រក​ថវិកា​ ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ​ការ​ផ្សព្វផ្សាយ​ពី​អាណាឡូក​ទៅ​ឌីជីថល​​ ដែល​ទាមទារ​នូវ​ថវិកា​យ៉ាង​ច្រើន​ណាស់​  ប្រហាក់ប្រហែល​ជា​ ២០០លាន​ដុល្លារ​អាមេរិក​។​ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រសួង​ព័ត៌មាន​ដំណើរការ​កិច្ច​ការងារ​​នេះ​បាន​ហើយ​  គឺ​ទូរទស្សន៍​មួយ​ចំនួន​អាច​មាន​ភាព​ងាយស្រួល​  ដោយ​ពួកគាត់​អាច​ថ្ពក់​ជាមួយ​នឹង​ក្រសួង​  និង​បង់​លុយ​ប្រចាំ​ខែ​ឱ្យ​មក​ក្រសួង​។​ ពេល​នោះ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ទាំងអស់​នោះ​  ​អាច​ដំណើរការ​បាន​ដោយ​រលូន​ហើយ​។​ ដូច្នេះ​ទូរទស្សន៍​មួយ​ចំនួន​  ដែល​មិន​មាន​លុយ​ច្រើន​គឺ​ពួកគាត់​អាច​ដំណើរការ​ជា​ឌីជីថល​បាន​  ដោយ​គ្រាន់​តែ​ពឹងផ្អែក​លើ​ប្រព័ន្ធ​​  និង​បច្ចេកទេស​របស់​ក្រសួង​ព័ត៌មាន​ដើម្បី​នឹង​ដំណើរការ​។​

លោក​ ផុស​  សុវណ្ណ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​​ និង​សោតទស្សន៍​ក្រសួង​ព័ត៌មាន​ បាន​មាន​ប្រសាសន៍​ថា​  ស្រប​ពេល​ដែល​សកលភាវូបនីយកម្ម​កំពុង​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នា​ពេល​បច្ចុប្បន្ន​នេះ​  ក្រសួង​ព័ត៌មាន​ក៏​មាន​ផែនការ​សម្រាប់​អភិវឌ្ឍន៍​លើ​វិស័យ​ព័ត៌មាន​ និង​សោតទស្សន៍​ ក្នុង​ការ​ផ្លាស់ប្ដូរ​ការ​ផ្សព្វផ្សាយ​ទៅ​តាម​ដំណាក់កាល​ជា​បន្តបន្ទាប់​  ដើម្បី​ផ្ទេរ​បច្ចេកវិទ្យា​  ការ​ផ្សាយ​ទូរទស្សន៍​ពី​ប្រព័ន្ធ​អាណាឡូក​ទៅ​ជា​ឌីជីថល​ឱ្យ​បាន​ចប់​សព្វគ្រប់​នៅ​ទូទាំង​ប្រទេស​នា​អំឡុង​ឆ្នាំ​២០២៣​ ខាងមុខ​។​

លោក​អគ្គនាយក​បាន​បន្ត​ថា​  ការ​ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​នោះ​ចំណេញ​ប្រេកង់​  អាច​មើល​បាន​ច្រើន​ប៉ុស្តិ៍​  រូបភាព​ភ្លឺច្បាស់​  ហើយ​នៅ​ពេល​ដែល​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​អាណាឡូក​ ទៅ​ជា​ឌីជីថល​រួច​រាល់​នោះ​  ក្រសួង​បន្ត​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​នៃ​ប្រព័ន្ធ​ឌីជីថល​ដែល​មាន​ដូច​ជា​ HDTV, UHTV, ​និង​ 3DTV​ ជា​ដើម​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥